ជប៉ុនរៀបចំផែនការមេ បង្កើនការផលិតថាមពលបៃតងឱ្យបានកាន់តែច្រើន ឆ្ពោះទៅកាន់ឆ្នាំ ២០៣០

តូក្យូ៖ បណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ដោយក្នុងនោះរួមមានជប៉ុនផងដែរ បានកំពុងធ្វើដំណើរទៅមុខ ឆ្ពោះទៅរកប្រទេសមានកម្រិតផ្សែងពុលតិចបំផុត និងជម្រុញឱ្យមានការប្រើប្រាស់ថាមពលបៃតងឱ្យកាន់តែច្រើន ជាចក្ខុវិស័យវែងឆ្ងាយរបស់ប្រទេសជាតិ។ សម្រាប់រយៈពេល ១០ ឆ្នាំទៅមុខនេះ ជប៉ុន នឹងពង្រឹងបន្ថែមក្នុងការផលិតថាមពលបៃតងឱ្យកាន់តែប្រសើរឡើងថែមទៀត។

រដ្ឋាភិបាលជប៉ុន បានដាក់ចេញជាគោលនយោបាយ និងផែនការមេ ក្នុងគោលដៅឆ្ពោះទៅរកឆ្នាំ ២០៣០ ខាងមុខ ធ្វើយ៉ាងណារយៈពេល ១០ ឆ្នាំនេះអាចឱ្យប្រទេសដែនកោះមួយនេះ មានលទ្ធភាពក្នុងការផលិត ក៏ដូចជាប្រើប្រាស់ថាមពលកកើតឡើងវិញបាន (Renewable Energy) ដើម្បីកាត់បន្ថយការសាយភាពនៃឧស្ម័នពុលចូលទៅបរិយាកាស។ ផែនការមេ របស់ជប៉ុន នេះធ្វើឡើងស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងអន្តរជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុ ដែលរដ្ឋហត្ថលេខី ត្រូវរួមគ្នាកាត់បន្ថយឧស្ម័នជាអតិបរមា។

ប្រភពដដែលបានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបញ្ជាក់អំពីសេចក្ដីព្រៀងច្បាប់ថ្មី ដែលបានបង្ហាញជាលើកដំបូងនាថ្ងៃទី២១ កន្លងទៅនេះ គឺធ្វើយ៉ាងណាឱ្យជប៉ុនមានលទ្ធអាចផលិតថាលពលបៃតង សម្រាប់ប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងស្រុកឱ្យបានចន្លោះចាប់ពី ៣៦% ទៅ ៣៨% នៃទំហំប្រើប្រាស់ថាលពលអគ្គិសនីសរុប លើផ្ទៃប្រទេស។ ផែនការនេះ ពិតជាសំខាន់ និងត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន តែជប៉ុនប្ដេជ្ញា នឹងធ្វើឱ្យបាន។

ទន្ទឹមនឹងការចាប់ផ្ដើមពង្រឹងថាមពលបៃតង ជប៉ុន ក៏នឹងចាប់ផ្ដើមកាត់បន្ថយឧស្សាហកម្មធ្យូងថ្ម ឬថាមពលបង្កើតចេញពីស្ថានីយ៍ផលិតថាមពល ដោយធ្យូងថ្មផងដែរ ពោលគឺទម្លាក់ពី ២៦% មកត្រឹម ១៩% សិន ស្ថិតក្នុងផែនការថ្មីស្រឡាងមួយ។ សម្រាប់ឧស្ម័នធម្មជាតិ (Gas) វិញ ដែលភាគច្រើនជប៉ុនបាននាំចូលពីបរទេស ក៏នឹងត្រូវកាត់បន្ថយដូចគ្នាពីអត្រា ៥៦% មកត្រឹម ៤១% រីឯថាមពលនុយក្លេអ័រវិញ ពុំត្រូវបានផ្លាស់ប្ដូរ ឬកែប្រែចេញពីផែនការ ១០ ឆ្នាំទៅមុខនោះទេ ដោយថាមពលនេះ នឹងរក្សានៅចន្លោះពី ២០% ទៅ ២២%។

រយៈពេល ១០ ឆ្នាំទៅមុខរបស់ជប៉ុន ក្នុងការកែប្រែវិស័យថាមពលនេះ គឺជាឧបសគ្គយ៉ាងធំ ដែលត្រូវដោះស្រាយ និងជំនះឱ្យបានទៅតាមគោលដៅ និងផែនការដែលបានតាក់តែងឡើង។ ផែនការនេះ ត្រូវបានឱ្យដឹងថា ជាការដាក់សម្ពាធធំមួយរបស់អាមេរិក ទៅកាន់ជប៉ុន នៅក្នុងជំនួបកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំកំពូលៗក្នុងពិភពលោក ដែលដឹកនាំដោយលោកប្រធានាធិបតី Joe Biden កាលពីពេលកន្លងទៅ ធ្វើយ៉ាងណាឱ្យពិភពលោក កាត់បន្ថយផ្សែងពុល ដែលកំពុងបំពុលបរិស្ថាន និងបង្កើតឱ្យមានគ្រោះធម្មជាតិ ក៏ដូចជាបម្រែបម្រួលអាកាសធាតុផែនដី។