សន្ទុះនាំចេញទំនិញទៅបរទេសរបស់កូរ៉េខាងត្បូង ហក់ឡើងដល់ ៤០.៩% ត្រឹមតែ ២០ ថ្ងៃនាខែសីហានេះ

សេអ៊ូល៖ បើទោះបីជាបច្ចុប្បន្នភាពកូរ៉េខាងត្បូង មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ហើយចំនួននោះបានកើនឡើងបន្តិចម្ដងៗក្ដី តែអត្រាឆ្លងនៅតែបន្តមានជាប្រចាំថ្ងៃ តែយ៉ាងណាមិញសេដ្ឋកិច្ចជាតិរបស់ប្រទេសមហាអំណាចទី៣ នៅអាស៊ី មួយនេះ កំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ ២០២០ កន្លងទៅ ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង។

ប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឱ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានកំពុងហក់ឡើងក្នុងសន្ទុះមួយគួរឱ្យកោតសសើរ ពិសេសគឺការធ្វើពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិជាច្រើន ជាហេតុធ្វើឱ្យការនាំចេញផលិតផលយ៉ាងច្រើនរបស់កូរ៉េខាងត្បូង ហក់ឡើងដល់ទៅអត្រា ៤០.៩% ឯណោះ គិតត្រឹម ២០ ថ្ងៃ នៃខែសីហា ឆ្នាំ២០២១ នេះ។ សន្ទុះហក់ឡើងក្នុងអត្រាដ៏ច្រើនបែបនេះ គឺជាល្បឿនមួយហួសពីការព្យាករណ៍ទុក បើធៀបទៅនឹងខែសីហា ឆ្នាំ២០២០ កន្លងទៅ។

របាយការណ៍ផ្លូវការចេញដោយស្ថាប័នគយរបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា តម្រូវការប្រើប្រាស់ផលិតផល ទំនិញ វត្ថុធាតុដើមជាច្រើន កំពុងកើនឡើងខ្ពស់ និងត្រូវបានបញ្ជាទិញក្នុងទំហំច្រើនពីបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក។ ជាក់ស្ដែង ទំហំនៃការនាំចេញសរុប គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែសីហា កន្លងទៅនេះ ការនាំចេញមានទំហំទឹកប្រាក់ប្រមាណ ៣២.២ ពាន់លានដុល្លារអាមេរិកឯណោះ ដោយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀតសម្រាប់រយៈពេល ១១ ថ្ងៃចុងក្រោយនាខែសីហា។

មន្ត្រីគយបានបញ្ជាក់ថា ជាទូទៅដោយសារតែមានតម្រូវការកើនឡើងពីសកលលោក ការកើនឡើងនៃការនាំចេញជាអតិបរមាគឺ ៣១.៥% តែចូលដល់ខែសីហា សន្ទុះនោះបានហក់ឡើងយ៉ាងខ្លាំងបន្ថែមទៀត ជាការស្ដារសេដ្ឋកិច្ច និងរកប្រាក់ចំណូលចូលជាតិ ក៏ដូចជាប្រជាពលរដ្ឋឡើងវិញ ខណៈឆ្នាំ២០២០ គឺពុំមានតម្រូវការ ការកកស្ទះទំនិញ ពុំមានអ្នកបញ្ជាទិញជាដើម។ ជុំវិញការកើនឡើងនេះ មានតែការនាំចេញផលិតផលប្រេង និងលោហៈធាតប៉ុណ្ណោះ ដែលមានកំណើននាំចេញច្រើនជាង ៥០% ដោយក្នុងនោះគ្រឿងបន្ទះឈីប គ្រឿងបន្លះរថយន្ត ទូរស័ព្ទ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិចផ្សេងៗទៀតហក់ឡើងច្រើនជាង ៣០%។

សន្ទុះនៃការកើនឡើងនាំការនាំចេញបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាលទ្ធផលបង្ហាញឱ្យឃើញអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច ដែបានបាត់បង់ជិត ១ឆ្នាំ កាលពីឆ្នាំកន្លងទៅ។ សម្រាប់ការនាំចេញនៅក្នុងខែសីហានេះ ចិនគឺជាអ្នកទិញផលិតផលចេញពីកូរ៉េខាងត្បូងច្រើនជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងវៀតណាម។ ដោយឡែក ការនាំចូលផលិតផលទំនិញវិញ មានក្នុងអត្រា ៥២.‌១% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ៣៥.៨% សម្រាប់ ២០ ថ្ងៃនាខែសីហា៕