វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាវកាស SpaceX របស់លោក Elon Musk បានរៀបចំកាលវិភាគ រួចរាល់ ដើម្បីនាំយកពលរដ្ឋអាមេរិកចំនួន ៤ នាក់ ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ស្ថានអាវកាស ជាលើកដំបូង ដែលនាំមកនូវក្ដីសង្ឃឹម និងឈានជើងចូលទៅកាន់វិស័យទេសចរណ៍អាវកាស ឱ្យកាន់តែប្រសើរ ក្នុងការប្រកួតប្រជែងជាមួយដៃគូ។
ក្រុមហ៊ុន SpaceX បានប្រកាសជាផ្លូវការហើយ ថាបេសកកម្ម Inspiration4 នឹងត្រូវប្រារព្ធឡើងនាថ្ងៃពុធ ស្អែកនេះវាលាម៉ោង ៨នាទីយប់នៅសហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ៧ ព្រឹកនៅកម្ពុជា ដែលបាញ់បង្ហោះយាននៅស្ថានីយអាវកាស NASA’s Kennedy Center ស្ថិតក្នុងរដ្ឋ Florida។ ការសម្រេចឱ្យបេសកកម្មដ៏សំខាន់នេះអាចធ្វើទៅបាន គឺត្រូវបានធ្វើឡើងចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ មកម្លេះ ហើយត្រូវចំនាយពេលជាច្រើនខែ ក្នុងការហ្វឹកហាត់ និងបំប៉នវគ្គបណ្ដុះបណ្ដាលជាច្រើន ទៅកាន់អ្នកធ្វើដំណើរទាំង ៤ នាក់ រហូតឈានដល់ការសម្រេចចិត្តថា ពួកគេអាចធ្វើដំណើរបាន។
តាមការបញ្ជាក់របស់ក្រុមហ៊ុន SpaceX បានឱ្យដឹងថា Inspiration4 នឹងនាំមកនូវផ្លែផ្កាជាច្រើន ពិសេសគឺជម្រុញ និងលើកទឹកចិត្តទៅកាន់មនុស្សលោកនៅលើផែនដីអំពីក្ដីសង្ឃឹម និងក្ដីស្រម៉ៃ ព្រោះអ្នកដែលនឹងហោះទៅកំសាន្តទាំង ៤ នាក់នោះ សុទ្ធសឹងជាអ្នកដែលឆ្លងផុតទុក្ខលំបាកជាច្រើន ថែមទាំងរួមចំនែកជួយទៅដល់សង្គមអាមេរិក អ្នកខ្វះខាត ជនពិការ ជាអាទិ៍។ ជាក់ស្ដែង អ្នកដែលនឹងទៅធ្វើដំណើរកំសាន្តនៅស្ថានអាវកាសរយៈពេលខ្លីនោះរួមមាន៖
១. អ្នកនាង Hayley Arceneaux អាយុ ២៩ ឆ្នាំ ដែលបានឆ្លងផុតពីជំងឺមហារីកឆ្អឹង ដំណាងឱ្យសេចក្ដីសង្ឃឹម
២. លោក Jared Issacman អាយុ ៣៧ ឆ្នាំ ជាអ្នកបើកបរយន្តហោះឯកជន និងមានក្ដីស្រម៉ៃ ក្នុងការធ្វើដំណើរទៅកាន់ស្ថានអាវកាស តំណាងឱ្យភាពជាអ្នកដឹកនាំ
៣. លោក Chris Sembroski អាយុ ៤២ ឆ្នាំ ជាអតីតកងទ័ព្ធជើងអាកាសរបស់សហរដ្ឋអាមេរិក តំណាងឱ្យភាពសប្បុរស
៤. លោកស្រី Sian Proctor អាយុ ៥១ ឆ្នាំ ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រ ដែលកាលពីឆ្នាំ២០០៩ លោកស្រីបានបរាជ័យក្នុងការក្លាយខ្លួនទៅជាអាវកាសយានិករបស់ NASA តំណាងឱ្យវិបុលភាព។
បេសកកម្ម Inspiration4 នឹងនាំអ្នកទាំង ៤ នោះទៅកាន់គន្លងផែនដី ដែលគ្មានទំនាញ តាមរយៈយាន្តអាវកាស Falcon 9 សម្រាប់រយៈពេលធ្វើដំណើរចំនួន ៣ ថ្ងៃ តែសកម្មភាពដែលនឹងត្រូវធ្វើឡើង នៅក្នុងលំហរ ពុំត្រូវបានបញ្ជាក់ឱ្យបានដឹងនៅឡើយទេ។ យ៉ាងណាក៏ដោយ បេសកកម្មនេះ ក៏នឹងបើកទ្វារបង្ហាញទៅដល់មនុស្សជាតិនៅលើផែនដីទាំងអស់ឱ្យបានដឹង និងឃើញអំពីស្នាដៃ ភាពជោគជ័យ និងសមត្ថភាពរបស់មនុស្ស ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើដំនើរទេសចរណ៍ទៅកាន់ស្ថានអាវកាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពិសេសនឹងបើកឱ្យមានឱកាសកាន់តែច្រើនថែមទៀត ក្នុងការធ្វើដំណើរទៅកាន់លំហរអាកាស ពោរពេញទៅដោយការផ្សងព្រេង។
គួរបញ្ជាក់ថា បេសកកម្ម Inspiration4 គឺជាការហោះហើរទៅកាន់ស្ថាវអាវកាស លើកទី៣ ដែលមានតម្លៃខ្លួនរាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១ នេះ បន្ទាប់ពីលោក Jeff Bezos បានហោះឡើងទៅកាន់ស្ថានអាវកាសកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ តាមរយៈក្រុមហ៊ុន Blue Origin ដែលជាការហោះហើរទី២ និងទី១ គឺការហោះទៅកាន់ស្ថានអាវកាសដោយក្រុមហ៊ុន Virgin Galactic កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅក្នុងបេសកកម្មដែលមានឈ្មោះថា Unity 22៕