ទីផ្សារអចលនទ្រព្យក្នុងទីក្រុងបាងកក ព្យាករណ៍ថានឹងល្អប្រសើរឡើងវិញនា ឆ្នាំ ២០២២ ខាងមុខ

បាងកក៖ ទីផ្សារអចលនទ្រព្យ ជាប្រភេទលំនៅឋាន មានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ត្រូវបានអ្នកជំនាញខាងអលនទ្រព្យ ធ្វើការព្យាករណ៍ថា នឹងមានភាពល្អប្រសើរឡើងវិញនាឆ្នាំ ២០២២ ខាងមុខនេះ ក្រោយការធូស្បើយនៃស្ថានការណ៍លើផ្ទៃប្រទេស ដែលជាការដកចេញនូវ សម្ពាធនាំឱ្យមានការធ្លាក់ចុះជាខ្លាំង នៃតម្រូវការទីផ្សារលំនៅឋាននាពេលកន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ន។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីម្សិលមិញនេះបានឱ្យដឹងថា ទីផ្សារលំនៅឋាន មានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក នឹងមានភាពល្អប្រសើរឡើងវិញនាឆ្នាំ ២០២២ ខាងមុខនេះ ដោយសារតែតម្រូវការរបស់ទីផ្សារ ត្រៀមចាប់ផ្ដើមកើនឡើងមកវិញ។ ការព្យាករណ៍ នៃភាពវិជ្ជមាននៃទីផ្សារលំនៅឋាន ស្ថិតក្នុងទីក្រុងបាងកកនេះ គឺដោយសារមានការជឿជាក់ជុំវិញការបើកទ្វារទីក្រុងបាងកកឡើងវិញ ដែលនឹងទាក់ទាញវិនិយោគិនមកវិញ ពិសេសជនជាតិចិន ដែលចាប់អារម្មណ៍ទៅលើលំនៅឋានជាច្រើន នៅក្នុងទីក្រុង។

តាមការបញ្ជាក់របស់លោកស្រី Suphin Mechuchep ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ JLL Thailand មានទីស្នាក់ការស្ថិតក្នុងទីក្រុងបាងកក បានបញ្ជាក់ដូច្នេះថា “តម្រូវការទីផ្សារលំនៅឋាន សម្រាប់ថ្ងៃអនាគត នឹងចាប់ផ្ដើមកើនឡើងវិញ ដោយក្នុងនោះរួមបញ្ចូលផងដែរ នូវតម្រូវការពីភ្ញៀវបរទេស។ ការកើនឡើងពីសំណាក់ភ្ញៀវបរទេសនេះ ក៏ដោយសារតែការបំពេញកិច្ចការងារ និងភាពបត់បែន ព្រោះការបំពេញកិច្ចការងារអាចត្រូវបានធ្វើឡើងនៅការិយាល័យ ៣ ថ្ងៃ និងនៅគេហដ្ឋានចំនួន ២ ថ្ងៃ។”

លោកស្រីបន្ថែមទៀតថា “ដោយសារតែតម្រូវការទីផ្សារការងារ ការវិនិយោគ នៅក្នុងទីក្រុងបាងកក នៅតែបន្តការទាក់ទងទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ខណៈការចំនាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្ថិតក្នុងតម្លៃមួយទាប ជាចំណុចសំខាន់មួយក្នុងការទាក់ទាញភ្ញៀវអន្តរជាតិ ឱ្យទៅវិនិយោគ និងធ្វើការងារនៅក្នុងទីក្រុងបាងកកកាន់តែច្រើន ហើយកាន់តែច្រើននៅពេលមានការបើកច្រកទ្វារព្រំដែន។ ម្យ៉ាងទៀត ប្រសិនបើរដ្ឋាភិបាលថៃ អាចបង្កើនរយៈពេលទិដ្ឋាការ (VISA) បានកាន់តែវែង នឹងធ្វើឱ្យការទិញលក់អចលនទ្រព្យ ពិសេសលំនៅឋានមានការកើនឡើងកាន់តែប្រសើរនាឆ្នាំក្រោយ ថែមទាំងមានភាពស្ថិតស្ថេរយូអង្វែងផងដែរ”។ 

ម្យ៉ាងវិញទៀតតាមការបញ្ជាក់របស់លោកស្រី Kamolpat Swaengkit នាយកសាខាប្រចាំប្រទេសថៃ នៃក្រុមហ៊ុនអលចនទ្រព្យ DDproperty.com បានឱ្យដឹងផងដែរថា ជនជាតិបរទេស ដែលចាប់អារម្មណ៍ទីផ្សារអចលនទ្រព្យរបស់ថៃមានច្រើនជាងគេជាជនជាតិចិន។ លោកបញ្ជាក់ថា ជនជាតិចិនខ្លះ បានទិញលំនៅឋានសម្រាប់ការចូលនិវត្តរបស់ខ្លួន ហើយក៏បាននាំកូនៗមកសិក្សា ឬធ្វើអាជីវកម្មនៅនៅប្រទេសថៃទៀតផង។ ទន្ទឹមគ្នានោះដែរ វិទ្យាស្ថាន Real Estate Information Center ហៅកាត់ថា (REIC) បញ្ជាក់ទៀតថា ឆ្នាំ២០២២ លំនៅឋានជាប្រភេទអគារសហកម្មសិទ្ធិប្រមាណ ៨០,០០០ យូនីត នឹងប្រកាសចេញលក់ក្នុងទីផ្សារក្នុងតំបន់ The Greater Bangkok ដែលច្រើនជាងចំនួនចេញលក់ក្នុងឆ្នាំ ២០២១ នេះដល់ទៅជាង ៥៣,៦៩៣ យូនីតឯណោះ។

បើទោះបីជាឆ្នាំ ២០២១ ទីផ្សារអលនចទ្រព្យនៅក្នុងទីក្រុងបាងកកមានការថាំថយក៏ពិតមែន តែខែតុលាខាងមុខ ថៃនឹងចាប់ផ្ដើមបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិឡើងវិញហើយ ថែមទាំងឈានទៅដល់ការបើកប្រទេសទាំងមូលឡើងវិញនាឆ្នាំក្រោយថែមទៀត ដែលនេះគឺជាហេតុផលចំបង ក្នុងការទាញឱ្យទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងបាងកកងើបឡើងវិញ ដូចការព្យាករណ៍របស់អ្នកជំនាញអចលនទ្រព្យជាច្រើន៕