អាងហែលទឹកប្រភេទ Infinity Pool ខ្ពស់ជាងគេបំផុតលើពិភពលោក នឹងមកដល់ទីក្រុងឌូបៃ ជាមួយនឹងការផ្តល់ទេសភាព ៣៦០ ដឺក្រេនៃទីក្រុងនេះតែម្តង

ទីក្រុងឌូបៃមិនខ្វះកន្លែងទាក់ទាញ ដែលនឹងធ្វើឲ្យអ្នកទេសចរភ្ញាក់ផ្អើលនោះឡើយ ជាពិសេសគោលដៅដ៏ប្រណិតៗជាច្រើន។ រាប់ចាប់ពីកោះសិប្បនិម្មិត និងឧទ្យានកម្សាន្តដ៏សំបូរបែប រហូតដល់អគារខ្ពស់កប់ពពកដ៏ល្បីល្បាញ និងសណ្ឋាគារផ្កាយប្រាំមួយចំនួនទៀត។ ទីក្រុងនេះមានកន្លែងផ្តល់ជូនសម្រាប់ការទស្សនាទេសភាពនៃទីក្រុងពីជាន់ខាងលើ និងសកម្មភាពដែលនឹងនាំឲ្យអ្នកទេសចរ និងភ្ញៀវទទួលបានភាពរីករាយ។ យ៉ាងណាការបន្ថែមចុងក្រោយទៅក្នុងបញ្ជីដ៏វែងរបស់ទីក្រុងនេះ ដែលរាប់ថាជាបញ្ជីនៃទីតាំងដែលអ្នកគួរតែទៅកម្សាន្តនោះ គឺគួរឲ្យចាប់អារម្មណ៍មែនទែន។ 

ដោយមានទីតាំងស្ថិតនៅជាន់ទី ៥០ នៃអគារដ៏ប្រណិតមួយរបស់ទីក្រុងដែលត្រូវបានគេស្គាល់ថាជាអគារសណ្ឋគារ និងលំនៅដ្ឋាន Palm Tower។ ការបន្ថែមនោះគឺជាអាងហែលទឹកប្រភេទ Infinity Pool ដ៏ប្រណិតនិងទាក់ទាញបំផុត ជាមួយនឹងប្រវែងប្រមាណ ៨.៣៤០ ហ្វីតការ៉េ ត្រូវបានស្ថិតនៅលើអាកាសកម្ពស់ ៦៥៦ ហ្វីតឯណោះ។ អ្នកទេសចរអាចគយគន់ ទេសភាពដ៏សំខាន់របស់ទីក្រុងឌូបៃដូចជា Palm Jumeirah, Burj Al Arab, Burj Khalifa និង Ain Dubai ពីទិដ្ឋភាពបែបភ្នែកបក្សី នៅពេលកំពុងអង្គុយញ៉ាំស្រាក្រឡុក ឬជ្រមុជទឹកលេងនៅក្នុងអាងនេះទៀតផង។

អាងហែលទឹករុំព័ទ្ធជុំវិញកន្លែងទទួលភ្ញៀវមួយ ដែលមានកន្លែងគេងសម្រាប់អាំងថ្ងៃ និងបន្ទប់ទទួលភ្ញៀវ ដែលជួយភ្ញៀវក្នុងការសម្រាកលំហែជាដើម។ រុក្ខជាតិបៃតងស្រស់ស្អាត និងវត្ថុធាតុដើមធម្មជាតិបន្ថែម Zen vibe ចូលក្នុងបន្ទប់ទទួលភ្ញៀវ ហើយនាំភាពស្រស់ស្អាតមកខាងក្រៅ ក៏ដូចជានៅពេលដែលអ្នកបង្កើនចំណង់អាហារ Aura's Lounge & Bar ផ្តល់ជូននូវម្ហូបបែបអាស៊ី ដែលបង្កើតឡើងដោយមេចុងភៅ Craig Best ទៀតផង។

លោក Omar Khoory ដែលជា Chief assets officer នៅ Nakheel ដែលជាអ្នកអភិវឌ្ឍនៅពីក្រោយ Palm Jumeirah និង Aura Skypool បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងនាមជា Infinity Pool ៣៦០ ដឺក្រេដំបូង និងខ្ពស់បំផុតនោះ Aura Skypool នឹងមិនត្រឹមតែផ្តល់ជូននូវបទពិសោធន៍ពិសេសនោះទេ ប៉ុន្តែវាក៏នឹងដើរតួជាទិសដៅប្រសព្វមួយទៀត ដែលផ្តល់ឱ្យអ្នកទស្សនា នូវការចូលទៅទស្សនានូវទេសភាពដ៏អស្ចារ្យ នៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ Palm Jumeirah ព្រមទាំងតំបន់ជុំវិញសំខាន់ៗ ដែលមានសារៈសំខាន់ ដើម្បីឱ្យការរីកចម្រើនរបស់ឌូបៃ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ នៅលើពិភពលោកផងដែរ។”

អាងហែលទឹក Aura ដ៏ប្រណិតមួយនេះ គ្រោងនឹងបើកនៅពាក់កណ្តាលខែវិច្ឆិកា ប៉ុន្តែវាបានបើកទទួលការកក់ទុកជាមុនហើយ។ ភ្ញៀវអាចជ្រើសរើសរវាងជម្រើសសំបុត្រចំនួន ៣ ហើយកក់បានសម្រាប់ពេលព្រឹក រសៀល ឬមួយថ្ងៃពេញក៏បាន។ តម្លៃចាប់ផ្តើមពី AED170 ក្នុងមនុស្សម្នាក់ (ឬប្រហែល ៤៦ ដុល្លារ) និងរួមបញ្ចូលគ្រែគេង កន្លែងទទួលភ្ញៀវ និងកញ្ចប់ស្វាគមន៍ (Welcome package) ផងដែរ។