ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសចាប់ផ្ដើមវិលត្រឡប់ទៅកាន់ការរស់នៅដូចដើមវិញ នាខែវិច្ឆិកានេះ

សេអ៊ូល៖ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង បាននាំមកនូវជោគជ័យជាច្រើន បើទោះបីជាពេលកន្លងទៅករណីឆ្លង និងរីករាលដាលនៃជំងឺកូវីដ ១៩ បានកើនឡើង និងធ្លាក់ចុះ ម្ដងហើយម្ដងទៀតក្ដី តែនៅពេលនេះកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់ការរស់នៅដូចសព្វមុនដងវិញ។

យោងតាមសេចក្ដីប្រកាសរបស់លោក Moon Jae-in ប្រធានាធីបតីកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះបានឱ្យដឹងថា កូរ៉េខាងត្បូង នឹងចាប់ផ្ដើមវិលត្រឡប់ទៅកាន់ការរស់នៅជាធម្មតាវិញហើយ នាខែវិច្ឆិកា ខាងមុខឆាប់ៗនេះ ក្រោយពីរងគ្រោះ និងបានដោះស្រាយបញ្ហាប្រឈមនៃជំងឺឆ្លងកូវីដ ១៩ រួចមក។ សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងយ៉ាងជឿជាក់ និងមានសេចក្ដីទុកចិត្តខ្ពស់ ស្របពេលអត្រាពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅកូរ៉េខាងត្បូង បានកើនឡើងរហូតដល់ទៅ ៧០% នៃពលរដ្ឋសរុបលើផ្ទៃប្រទេស។

ថ្លែងក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី លោក Moon Jae-in បានប្រកាសប្រាប់ទៅដល់ពលរដ្ឋលើផ្ទៃប្រទេសឱ្យដឹងថា អាជីវកម្មខ្នាតតូច ការប្រកបអាជីវកម្មផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ ១៩ នឹងចាប់ផ្ដើមធូស្បើយឡើងវិញ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល ក៏ដូចគ្នាផងដែរនូវក្រុមហ៊ុន សហគ្រាសជាច្រើនផ្សេងទៀត ក្រោមការចំនាយថវិការជាតិឆ្នាំ ២០២២ ដែលបានអនុម័តមានរហូតដល់ទៅ USD ៥១៩ ពាន់លានដុល្លារអាមេរិក ។ 

លោកប្រធានាធិបតី បានបញ្ជាក់បន្ថែមថា យោងតាមតួរលេខផ្លូវការ នៃអត្រាចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋ យើងមានលទ្ធភាពក្នុងការវិលត្រឡប់ទៅកាន់ការរស់នៅដូចដើមវិញ ដោយអាចនឹងចាប់ផ្ដើមធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០២១ តែម្ដង។ ការវិលត្រឡប់ទៅកាន់ការរស់នៅដូចដើមវិញរបស់កូរ៉េខាងត្បូងលើកនេះ គឺជាការរៀនរស់នៅជាមួយវីរុសកូវីដ ១៩ ព្រោះវីរុសនេះ នឹងមិនទាន់ទៅណាឆ្ងាយនៅឡើយទេ។ ហេតុនេះ ដើម្បីធានាទៅដល់សុខសុវត្ថិភាព និងគាំពារទៅដល់សេវាសុខភាពសាធារណៈ រដ្ឋាភិបាលកូរ៉េខាងត្បូង ក៏នឹងដាក់ចេញជាវិធានការសំខាន់ៗបន្ថែមទៀត សម្រាប់ឱ្យពលរដ្ឋបន្តអនុវត្ត ដូចជាការពាក់ម៉ាស ជាដើម តែក៏មានការបន្ធូរបន្ថយ ឬលុបចោលការរឹតត្បឹតជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ តួរលេខ និងចំនួនឆ្លងថ្មីក្នុងប្រទេសកូរ៉េខាងត្បូងមាន ១,១៩០ នាក់ ក្នុងពេល ១ ថ្ងៃ ដោយតួរលេខនេះ គឺជាការធ្លាក់ចុះយ៉ាងច្រើន បើធៀបទៅនឹងចុងខែកញ្ញា កន្លងទៅដែលមានជិត ៣ ពាន់ករណី ត្រឹមតែ ២៤ ម៉ោង។ ការថាំថយ នៃអត្រាឆ្លង និងចំនួននៃការចាក់វ៉ាក់សាំងបានកាន់តែច្រើនេះ គឺជាទំនុកចិត្ត និងការជឿជាក់សំខាន់ ដែលថារដ្ឋាភិបាលកូរ៉េខាងត្បូង មានលទ្ធភាពនាំប្រទេសទៅកាន់ការរស់នៅដូចសព្វមុនដង ដោយផ្សាភ្ជាប់ជាមួយនឹងរបៀបរបបនៃការរស់នៅថ្មី និងរក្សាអនាម័យ៕