រដ្ឋកាលីហ្វ័រញ៉ា រងគ្រោះដោយព្យុះ Bomb បង្ករជាគ្រោះទឹកភ្លៀង បាក់ដី ការខូចខាត ពុំធ្លាប់មានពីមុនមក

អាមេរិក៖ ខ្យល់ព្យុះថ្មីមួយដែលមានឈ្មោះហៅថា (Bomb Cyclone) បានវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក យ៉ាងខ្លាំង កាលពីដើមសប្ដាហ៍កន្លងទៅនេះ ដែលបង្ករឱ្យមានជាជំនន់ទឹកភ្លៀង បាក់ដី និងការខូចខាតទ្រព្យសម្បត្តិជាច្រើន ជាប្រភេទព្យុះបំបែកកំណត់ត្រាថ្មីមួយទៀតរបស់សហរដ្ឋអាមេរិក។

ពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ស្ថិតនៅតំបន់ ដែលរងគ្រោះធ្ងន់ធ្ងរដោយសារតែ គ្រោះរាំងស្ងួង និងភ្លើងឆេះព្រៃ ជាច្រើនលាននាក់បានរងផលប៉ះពាល់ ដោយសារតែឥទ្ធិពលព្យុះ Bomb Cyclone វាយប្រហារ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ដែលនាំមកនូវកម្រិតធ្លាក់ភ្លៀងខ្លាំង រួមជាមួយខ្យល់កន្ត្រាក់ផងដែរ។ ខ្យល់ព្យុះមួយនេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា បានចាប់កំណើតនៅឯមហាសមុទ្រប៉ាស៊ីហ្វិច ហើយបានធ្វើដំណើរឆ្លងកាត់ San Francisco, Aokland, Oregon និងរដ្ឋវ៉ាស៊ីនតោន ធ្វើឱ្យប៉ះពាល់ទៅការរស់នៅ អាជីវកម្ម និងទ្រព្យសម្បត្តិរដ្ឋ ឯកជនជាច្រើន។

តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញខាងឧតុនិយមរបស់អាមេរិកបានឱ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ា បានរងគ្រោះធ្ងន់ធ្ងរជាងគេ ពិសេសស្ថិតក្នុងតំបន់ Sacramento ដែលទទួលរងគ្រោះដោយចំនួនទឹកភ្លៀងយ៉ាងខ្លាំង ខណៈ តំបន់នេះបានជួបគ្រោះរាំងស្ងួត ពុំមានប្រភពទឹកគ្រប់គ្រាន់ប្រមាណជា ៦ ខែមកហើយ។ លទ្ធផលធ្លាក់ភ្លៀងយ៉ាងខ្លាំងនេះ បានបំបែកកំណត់ត្រាថ្មីផងដែរ ដែលពុំធ្លាប់កើតមានឡើងពីមុនមកនោះទេ គិតចាប់តាំងពីឆ្នាំ ១៨៨០ មកម្លេះ ហើយព្រឹត្តិការណ៍នេះ សបង្ហាញឱ្យឃើញអំពីបម្រែបម្រួលអាកាសធាតុផែនដីយ៉ាងពិតប្រាកដ។

ជាមួយចំនួនទឹកភ្លៀងយ៉ាងច្រើន អមមកជាមួយល្បឿនខ្យល់យ៉ាងលឿន បានធ្វើឱ្យតំបន់ជាច្រើនរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងក្នុងរយៈពេលយ៉ាងខ្លីបំផុត ធ្វើឱ្យប្រតិបត្តិការការងារនៅក្នុងសហគមន៍រាំងស្ទះ ហើយតំបន់ខ្លះត្រូវបានកាត់ផ្ដាច់ថាមពលអគ្គិសនី បាក់ដើមឈើរ កាច់ផ្ដាច់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ ជើងភ្នំ និងជាច្រើនផ្សេងទៀត។ ការកកើតឡើងនៃឥទ្ធិពលព្យុះបែបនេះ គឺកម្ដៅផែនដីកើនឡើង រំហួតទឹក សំណើម និងកត្តាវិទ្យាសាស្ត្រផ្សេងទៀត ធ្វើឱ្យការប្រមូលផ្ដុំនៃកម្រិតទឹកមានបរិមាណច្រើន ធ្វើឱ្យការធ្លាក់ភ្លៀងស្ថិតក្នុងកម្រិតមួយច្រើន គឺច្រើនជាងធម្មតា។

ក្រុមសង្គ្រោះបន្ទាន់ជាច្រើន បានចេញប្រតិបត្តិការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅតាមតំបន់រាងៗខ្លួន គេចចេញពីល្បឿនទឹកជំនន់ និងការបាក់ដី។ ទោះបីជាយ៉ាងណាក៏ដោយ ព្យុះ Bomb Cyclone ក៏បាននាំមកនូវផលវិជ្ជមានខ្លះផងដែររបស់តំបន់រាំងស្ងួតឱ្យមានទឹកប្រើប្រាស់ឡើងវិញ ក៏ដូចជាបង្កើតឱ្យមានការធ្លាក់ព្រិលច្រើននៅតំបន់ជួរភ្នំ Sierra Nevada ជាហេតុធ្វើឱ្យការបើកទ្វាររីសតប្រព្រឹត្តទៅមុនកាលបរិច្ឆេទ។ គួរបញ្ជាក់ផងដែរថា Bomb Cyclones នេះមិនត្រឹមតែវាយប្រហារខ្លាំងទៅលើរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែឥទ្ធិពលដ៏សាហាវរបស់ព្យុះមួយនេះ បានបង្ករជាព្យុះភ្លៀងនៅប្រទេសកាណាដា កូឡុំប៊ី ផងដែរ។