ភោជនីយដ្ឋានបាតសមុទ្រដំបូងគេនៅអឺរ៉ុប ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង មានវត្តមាននៅប្រទេសន័រវេស


ភោជនីយដ្ឋានក្រោមទឹកដំបូងនៅទ្វីបអឺរ៉ុប ត្រូវបានបើកទទួលភ្ញៀវកាលពីខែមេសា ឆ្នាំ២០១៩ បានផ្សាភ្ជាប់ស្ថាបត្យកម្មទំនើប ទៅនឹងប្រព័ន្ធជីវចម្រុះក្រោមសមុទ្រ ដែលផ្ដល់ជូនភ្ញៀវនូវបទពិសោធន៍ ការញ៉ាំអាហារជាមួយ ទន្សនីយភាពបាតសមុទ្រ អាចរៀនសូត្របន្ថែមពីជីវសមុទ្រ តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវនៅទីនោះ ពិតជាប្លែកពីភោជនីយដ្ឋានផ្សេងៗទៀត ដែលយើងធ្លាប់ឃើញ។

១/ ទីតាំងរបស់ភោជនីយដ្ឋាន

ភោជនីយដ្ឋានក្រោមសមុទ្រនេះ មានទីតាំងស្ថិតនៅតំបន់ Lindesnes ភាគខាងត្បូងនៃប្រទេសន័រវេស ជាតំបន់ឆ្នេរសមុទ្រ North Sea វាត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Snøhetta ដែលមានទំហំ ៤៩៥ ម៉ែត្រការ៉េ ដែលអាចទទួលភ្ញៀវបានចំនួន ១០០ នាក់ ដែលជំរុញការលើកកម្ពស់អេកូទេសចរណ៍ និងផ្ដល់ឱកាសដល់ការទាញយកបទពិសោធន៍ និងការសិក្សាអំពីជីវចម្រុះសមុទ្រ ដោយមិនចាំបាច់ជិះនាវាមុជទឹក ដូចក្រុមអ្នកស្រាវជ្រាវឡើយ។

២/ ការរចនាភោជនីយដ្ឋានក្រោមសមុទ្រ

ភោជនីយដ្ឋាននេះ ត្រូវបានរចនាដូចជាដុំឥដ្ឋទ្រវែងមួយ មានរាងចតុកោណកែងនៅផ្នែកខាងលើ ស្រោបដោយឈើ oak-clad និងមានជណ្ដើរចុះទៅកាន់ក្រោមសមុទ្រ នេះជាចំណុចដែលខ្យល់ និងទឹកប៉ះគ្នា ប្រៀបដូចជាការឆ្លង ទៅពិភពមួយទៀត។ ចំណែកការជ្រើសរើសពណ៌ (Colour Scheme) ក៏បន្ស៊ីជាមួយជម្រៅផងដែរ មានន័យថា នៅពេលដែលចុះកាន់តែជ្រៅ ពណ៌លើជញ្ជាំងនឹងកាន់តែងងឹត ជាមួយការប្រើប្រាស់ភ្លើងសិប្បនិមិត្ត ដែលមិនរំខានដល់ជីវិតសត្វបាតសមុទ្រ មកក្បែរនោះទេ។

៣/ សំណង់ប្រើប្រាស់

ការសាងសង់ភោជនីយដ្ឋានក្រោមសមុទ្រ ត្រូវប្រើប្រាស់វត្ថុធាតុដើមខុសប្លែក ពីសំណង់នៅលើដីធម្មតា ជាក់ស្ដែងសំណង់ភោជនីយដ្ឋាននេះ ត្រូវបានប្រើប្រាស់បេតុង monolithic កម្រាស់ ៩០ សង់ទីម៉ែត្រ ដែលមានសភាពរឹងមាំ អាចរងនូវសម្ពាធទឹកសមុទ្របានជម្រៅ ៥ ម៉ែត្រ និងអាចទ្រទ្រង់ទម្ងន់មនុស្សបាន ១០០ នាក់ បួករួមជាមួយសម្ភារៈបរិក្ខាផ្សេងៗទៀត។

បេតុង monolithic នេះត្រូវបានប្រើប្រាស់វត្ថុធាតុដើមថ្ម bedrock ដែលជាថ្មស្ថិតនៅស្រទាប់ទី ៥ នៃផែនដី និងមានការរចនាផ្នែកខាងក្រៅ បែបរលកស្រកាត្រី ដើម្បីបន្ស៉ាំទៅនឹងរលកសមុទ្រ ឬរលកព្យុះផ្សេងៗ ហើយក៏ជួយធ្វើឲ្យរចនាបថផ្នែកខាងក្រៅ ដូចជាផ្កាថ្មធម្មជាតិ អាចអោយជីវចម្រុះមកក្បែរ ដោយមិនភ័យខ្លាចផងដែរ។

បង្អួច ក៏ជាសមាសភាពសំខាន់ក្នុងសំណង់នេះផងដែរ ដោយភោជនីយដ្ឋាននេះបានជ្រើសរើសកញ្ចក់ acrylic រឹងមាំដែលគេធ្លាប់ប្រើ ជាកញ្ចក់នៃនាវាមុជទឹក និងអាងហែលទឹកកញ្ចក់លើអគារជាដើម។ បង្អួចនៃភោជនីយដ្ឋាននេះ មានទំហំ ១១ ម៉ែត្រ x ៣.៣ ម៉ែត្រ ជាបង្អួចធំអាចទស្សនាជីវចម្រុះបាតសមុទ្រ។