ចំនួនលក់រថយន្ដក្នុងត្រីមាសទី 2 របស់ Tesla មានការធ្លាក់ចុះ ដោយសារមាន ការបិទរោងចក្រនៅចិនកន្លងទៅ


យោងតាមសារព័ត៌មាន VN express បានឲ្យដឹងថា ក្រុមហ៊ុន Tesla កាលពីថ្ងៃសៅរ៍កន្លងទៅ បានប្រកាសពី ការធ្លាក់ចុះនៃចំនួន ចែកចាយរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងត្រីមាសទី 2 បើប្រៀបធៀបទៅនឹង ចំនួនចែកចាយរថយន្ត កាលពីត្រីមាសមុន ដោយសារតែការបិទ រោងចក្រជាបណ្ដោះអាសន្ដ ក្នុងប្រទេសចិន អស់រយៈពេលមួយសប្តាហ៍ តាមវិធានការណ៍ទប់ស្កាត់កូវីដ-19 ។ ជាក់ស្ដែង សហគ្រាសផលិតរថយន្ដរបស់ លោក Elon Musk បានចែកចាយរថយន្តត្រឹមតែចំនួន 254,695 គ្រឿង គិតចាប់ពីខែមេសា ដល់ខែមិថុនាកន្លងទៅនេះ។ ចំនួនេះរាប់ចាត់ទុកថាកើន 27% បើធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែធ្លាក់ចុះ 18% បើធៀបទៅនឹង ត្រីមាសទីមួយ នៃខែមករាដល់ខែមីនាឆ្នាំ 2022 ហើយក៏ដូចជាការធ្លាក់ចុះ លើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំ កន្លងមកនេះផងដែរ។

នេះគឺជាការខកចិត្តមួយ សម្រាប់ក្រុមហ៊ុន Tesla ដែលធ្លាប់រំពឹងថា នឹងអាចបង្កើនកំណើនដ៏រឹងមាំ តាមរយៈការបើករោងចក្រថ្មី រហូតដល់ទៅចំនួនពីរ នៅឆ្នាំ 2022 នេះ ដូចជានៅប្រទេសអាល្លឺម៉ង់ និងរដ្ឋតិចសាស់ ជាដើម។ ការធ្លាក់ចុះនៃការចែកចាយរថយន្ដ Tesla នេះ គឺធំជាងការរំពឹងទុក របស់អ្នកវិភាគទៅទៀត ដែលបានរំពឹងថាអាចនឹង មានរថយន្តអគ្គិសនីចំនួន 264,000 គ្រឿង នឹងត្រូវបានលក់ចេញ ទៅឲ្យអ្នកប្រើប្រាស់ នេះបើយោងតាម FactSet ដែលជាក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ និងសូហ្វវែរ។ Tesla បានបង្ហាញការព្រួយបារម្ភ កាលពីខែមេសាផងដែរថា ខ្សែសង្វាក់ផ្គត់ផ្គង់ដែលប៉ះពាល់ ដល់ឧស្សាហកម្មរថយន្តជាទូទៅ អាចនឹងបន្តរំខានដល់ការផលិត របស់ក្រុមហ៊ុនខ្លួន រហូតដល់ដំណាច់ឆ្នាំ 2022 នេះក៏ថាបាន។

ទោះបីយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ Tesla កាលពីថ្ងៃសៅរ៍ បាននិយាយថា Tesla ចំនួនចែកចាយរថយន្ត 258,000 គ្រឿងនៅក្នុងត្រីមាសទីពីរនេះ នៅតែកំណត់ត្រា ដែលអាចទទួលយកបានដែរ ទោះបីជាមានបញ្ហាប្រឈម នៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងបន្ត និងការបិទរោងចក្រ លើសពីការគ្រប់គ្រងរបស់ Tesla ក៏ដោយ។ លើសពីនេះ Tesla ក៏បាននិយាយថា ខែមិថុនាគឺជាខែ ដែលផលិតរថយន្តបាន ខ្ពស់បំផុតនៅក្នុង ប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Tesla។ ខណៈដែល ក្រុមហ៊ុនផលិតរថយន្ដ ផ្សេងទៀត ដូចជា ក្រុមហ៊ុន General Motors និង Toyota បានឃើញការលក់ នៅត្រីមាសទីពីររបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិក ធ្លាក់ចុះរហូតដល់ 15% និង 23 % រៀងគ្នា បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ 2021 ។