រដ្ឋាភិបាលចិនប្រកាសអាសន្ន អំពីគ្រោះរាំងស្ងួត ជាលើកដំបូង ដោយសារបញ្ហារលកកម្ដៅ!


សៀងហៃ៖ រដ្ឋាភិបាលចិន បានប្រកាសអាសន្ន ទៅដល់ប្រជាពលរដ្ឋ អំពីគ្រោះធម្មជាតិ ដែលកំពុងគំរាមកំហែង ជីវិតរស់នៅ ក៏ដូចជាទ្រព្យសម្បត្តិសារធារណៈ ឯកជន ពិសេសគឺចម្ការ និងដំណាំជាច្រើនរបស់ប្រជាជន រស់នៅតាមដងទន្លេ Yangtze។ បញ្ហាគ្រោះរាំងស្ងួតនេះ បានកំពុងបង្ក ឱ្យអាកាសធាតុនៅចិន នៅតាមតំបន់មួយចំនួន កើនឡើងកម្ដៅខ្លាំង ដោយតំបន់ខ្លះ កើនឡើងដល់ ៣៥ អង្សាសេ ដែលមិនធ្លាប់មាន ពីមុនមក។

រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃទី ១៨ សីហានេះ បានប្រកាសអាសន្ន ក្នុងកម្រិតពណ៌លឿង អំពីស្ថានភាពនៅតាម បណ្ដាតំបន់ជាច្រើន នៅតាមបណ្ដោយដងទន្លេ Yangtze ជុំវិញស្ថានភាពគ្រោះរាំងស្ងួត បង្កឡើងដោយ បម្រែបម្រួលអាកាសធាតុ និងរលកកម្ដៅ។ ផលប៉ះពាល់នេះ បានកំពុងត្រូវបានយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធររបស់ចិន ជុំវិញការបញ្ជៀស រាល់ហានិភ័យ និងធានាបានអំពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់រងគ្រោះគ្រប់កម្រិត។

យោងតាមរបាយការណ៍ របស់រដ្ឋាភិបាលចិន បានឱ្យដឹងថា តំបន់ជាច្រើន នៅតាមដងទន្លេ Yangtze រួមបញ្ចូលទាំងបឹងធម្មជាតិជាច្រើន កំពុងប្រឈមមុខ នឹងគ្រោះរាំងស្ងួត បង្កឡើងដោយរលកកម្ដៅ និងការធ្លាក់ភ្លៀង ក្នុងកម្រិតទៀត។ ជាក់ស្ដែងដងទន្លេសរុប ៦៦ នៃស្រុកសរុប ៣៤ ស្ថិតនៅភាគខាងត្បូង ឈៀងខាងលិចប្រទេសចិន នៃតំបន់ Chongqing បានរាំងស្ងួត ដោយក្នុងនោះ ការធ្លាក់ភ្លៀងមានតែ ៤០% ប៉ុណ្ណោះ បើធៀបទៅនឹងរដូវកាលមុនៗ។

ស្ថិតក្នុងស្ថានភាពនេះ អាជ្ញាធរកសិកម្មចិន បានប្រកាសអាសន្ន អំពីការកើនឡើងកម្ដៅ ទៅកាន់ប្រជាពលរដ្ឋ អំពីស្ថានភាពអាក្រក់នៃរលកកម្ដៅ ដោយត្រូវតាមដាន និងពិនិត្យឱ្យបានទៀងទាត់ ពិសេសគឺប្រភពទឹក ដែលអាចផ្ដល់ជូនបាន។ តាមការព្យាករណ៍របស់ អាជ្ញាធរបានបញ្ជាក់ថា ផលដំណាំ ដែលត្រូវប្រមូលផល នាពេលខាងមុខ នឹងរងផលប៉ះពាល់ ដែលមិនអាចប្រមូល ទិន្នផលបាន ដូចសព្វមុនដងឡើយ រាប់បញ្ចូលទាំងគុណភាព សម្រាប់លក់ទៅកាន់ទីផ្សារ។

តាមការវាយតម្លៃ របស់ក្រសួងរៀបចំចាត់ចែងអាសន្នភ្លាមៗ (Ministry of Emergency Management) បានឱ្យដឹងថា គ្រាន់តែបញ្ហាកើនឡើងកម្ដៅ ខុសធម្មតា ដែលបង្កជាគ្រោះរាំងស្ងួត កម្រិតមធ្យមនៅចិននេះ បានធ្វើឱ្យខាតបង់សរុប ជាទឹកប្រាក់ប្រមាណជា ២,៧៣ ពាន់លានយ័ន ឬស្មើនឹងជាង ៤០០ លានដុល្លារអាមេរិក បាននឹងកំពុងប៉ះពាល់ ទៅដល់ពលរដ្ឋចិនជាង ៥,៥ លាននាក់ឯណោះ។ ទន្ទឹមគ្នានោះដែរ ការព្យាករណ៍របស់ អាជ្ញាធរឧតុនិយមជាតិ ប្រកាសថាបញ្ហារលកកម្ដៅនេះ អាចនឹងធូរស្បើយទៅវិញ នាថ្ងៃទី២៦ ខែសីហា ខាងមុខ៕