ព្រៃឈើរបស់ប្រទេសកម្ពុជា គ្របដណ្តប់លើផ្ទៃដី ៨,៥ លានហិកតា នាពេលបច្ចុប្បន្ននេះ


យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន បានបង្ហាញថា ការគ្របដណ្តប់របស់ព្រៃឈើ នៅកម្ពុជាមានចំនួន ៤៦,៨៦% ឬប្រមាណ ៨,៥ លានហិកតា នៃផ្ទៃដីរបស់ប្រទេស។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជា មន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួង បានចូលរួមសន្និសីទសារព័ត៌មាន រៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២២ បានប្រាប់ថា ក្នុងចំណោមគម្រប ព្រៃឈើសរុបប្រហែល ៧,៣ លាន ហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺជាតំបន់ការពារ និងជាច្រករបៀងជីវចម្រុះ។

ឯកឧត្តម បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានតំបន់ការពារចំនួន ៧៦ និងច្រករបៀងជីវចម្រុះ ដែលក្នុងនោះប្រហែល ១០០ ទីតាំង ជាតំបន់ទេសចរណ៍ធម្មជាតិ។ លោកបានមានបញ្ជាក់ថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ កម្រិតជីវភាពប្រជាជនមូលដ្ឋាន ប្រសិទ្ធភាពលើកកម្ពស់ ការអប់រំនិងពាក្យស្លោកបំផុសគំនិត “កម្ពុជា មាតុភូមិខ្ញុំ” បានប្រែក្លាយវិស័យបរិស្ថានទៅជា “ខ្សែក្រវាត់បៃតង” និងទេសចរណ៍សហគមន៍។ ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ការលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ មានប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ និងការបំផុសស្មារតី ស្រឡាញ់ធម្មជាតិប្រែក្លាយ វិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» និងជាទេសចរណ៍ ផ្សារភ្ជាប់ទឹកដី។

កម្ពុជាបានឈានដល់ របត់ថ្មីមួយ ទទួលបានចំណូលពី ការអភិរក្សធនធានធម្មជាតិ របស់ខ្លួនតាមរយៈឥណទានកាបូន។ ការទូតបរិស្ថាន បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ និងមានប្រៀបក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជាដៃគូ ក្នុងការងារប្រែប្រួលអាកាសធាតុ។