ខេត្តកែប បានកំពុងសាងសង់ផ្លូវបេតុងថ្មីមួយខ្សែ និងរៀបចំការ៉ូឡាផ្លូវជាតិលេខ ៣៣A ដើម្បីលើកសោភ័ណភាពខេត្ត និងសម្រួលដល់ការធ្វើដំណើរ


ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានត្រួតពិនិត្យមើល ការសិក្សាគម្រោងស្ថាបនា ផ្លូវចាក់បេតុងអាមេមួយខ្សែ ដែលជាផ្លូវសរសៃឈាមសេដ្ឋកិច្ច សម្រាប់ជួយសម្រួល ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអំពេង និងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រសើរឡើងជាមុន។

ក្រៅពីគម្រោងសាងសង់ ផ្លូវបេតុងអាមេមួយខ្សែ ក្នុងតំបន់ឆ្នេរអង្កោល រដ្ឋបាលខេត្តកែប បានខិតខំពន្លឿនការងារជួសជុល ក្រាលការ៉ូឡាចិញ្ចើមផ្លូវលេខ ៣៣A ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប អោយមានសម្រស់ សោភ័ណភាពខេត្ត កាន់តែស្រស់ស្អាតមួយកម្រិតទៀត ផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំការ៉ូឡាឡើងវិញ ចាប់ពីឆ្នេរលេងទឹក រហូតដល់រង្វង់មូលសេះស ដោយរៀបចំម៉ូដ ជាសំណង់សិល្បៈការ្យ ជាច្រើនកន្លែង រួមទាំងបំពាក់បង្គោលភ្លើង បំភ្លឺតាមដងផ្លូវផងដែរ។

ការរៀបចំសាងសង់ ផ្លូវបេតុងនៅ តំបន់ឆ្នេរអង្កោល និងរៀបចំការ៉ូឡា ផ្លូវជាតិលេខ ៣៣A ត្រូវបានធ្វើឡើង សម្រាប់លើកសោភ័ណភាពខេត្ត និងស្វាគមន៍ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដកាន់តែច្រើន និងពង្រឹកដល់វិស័យទេសចរណ៍ខេត្ត អោយបានប្រសើរឡើង ផងដែរ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកែប បានខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ក្នុងរយៈពេលចុងក្រោយនេះ ដើម្បីរក្សាសោភ័ណភាពក្រុង និងពង្រឹងវិស័យទេសចរណ៍ ដែលរួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធលូរំដោះទឹក កែលម្អសោភ័ណភាព សួនកម្សាន្ដសាធារណៈ ពង្រីកឆ្នេរកម្សាន្ដថ្មីប្រវែង ២.៧០០ ម៉ែត្រ ចាក់ដីពង្រីកទីធ្លាមុខសាលាខេត្ត និងជំរុញស្ដង់ដារសណ្ឋាគារ រីសត ប៊ូទិក និងផ្ទះសំណាក់នានា ទទួលស្វាគមន៍ភ្ញៀវទេសចរ យ៉ាងកក់ក្ដៅ។