សប្ដាហ៍ទី៣ នៃខែកញ្ញា កន្លងទៅ ភ្ញៀវទេសចរធ្វើដំណើកំសាន្តមានជាង ៣០ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា


ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរ ចេញធ្វើដំណើរទៅកាន់ រមណីយដ្ឋានទូទាំងផ្ទៃប្រទេស នៅតែបន្តមានជាហូរហែ បើទោះបីជាស្ថិត ក្នុងរដូវវស្សាក៏ដោយ។ ជាក់ស្ដែងទិន្នន័យបូកសរុប ក្នុងសប្ដាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនភ្ញៀវចេញធ្វើដំណើរ ទៅកាន់គ្រប់រមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសមានចំនួនជាង ៣០ ម៉ឺននាក់។

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ត្រូវជាថ្ងៃចុងសប្ដាហ៍ នៃសប្ដាហ៍ទី៣ ខែកញ្ញា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៣០០.៣៨៥ នាក់ នេះបើយោងតាម ទិន្នន័យបូកសរុប សម្រាប់រយៈពេល ២ថ្ងៃ កន្លងទៅថ្មីៗនេះ ចេញដោយក្រសួងទេសចរណ៍។ ក្នុងនោះភ្ញៀវជាតិ មានចំនួនសរុប ២៤៦.៩៦០ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៥៣.៤២៥នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
•  រាជធានីភ្នំពេញ ៦៩.៤០៤នាក់
•  ខេត្តព្រះសីហនុ ២៩.៤២២នាក់
•  ខេត្តកណ្តាល ២៥.០៩៣នាក់
•  ខេត្តសៀមរាប ២៤.៥៧៧នាក់
•  ខេត្តកំពត ២២.៥៥៥នាក់
•  ខេត្តបាត់ដំបង ២០.១៩០នាក់
•  ខេត្តកំពង់ចាម ១៩.៩៤៩នាក់
•  ខេត្តកំពង់ស្ពឺ ១៣.២៩៨នាក់
•  ខេត្តកែប ១២.៥១៩នាក់
•  ខេត្តពោធិ៍សាត់ ១២.០៣៧នាក់។

កំណើននៃចំនួន ភ្ញៀវទេសចរផ្ទៃក្នុង នាសប្ដាហ៍ទី៣ នេះ បើធៀបនឹងចំនួន ភ្ញៀវទេសចរផ្ទៃក្នុង ចេញធ្វើដំណើរ កាលពីសប្ដាហ៍ទី២ កន្លងទៅ ដែលត្រូវនឹងថ្ងៃទី១០ និងថ្ងៃទី១១ ខែវិច្ឆិកា មានការកើនឡើង ៤៧,៣%។ ការកើនឡើងនេះ ដោយសារតែ ប្រជាពលរដ្ឋភាគច្រើន បានចេញធ្វើដំណើរ ទៅតាមបណ្ដាខេត្តជិតឆ្ងាយ ក្នុងពិធីកាន់បិណ្ឌ នៅតាមវត្តអារាម លើផ្ទៃប្រទេស ហើយបានបន្តចេញ ទៅកំសាន្តនៅតាមរមណីយដ្ឋាននានា លើផ្ទៃប្រទេស ធ្វើឱ្យចរាចរណ៍នៅតាម ដងផ្លូវជាតិមួយចំនួន មានសភាពកកកុញផងដែរ។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្តពង្រឹង ការអនុវត្តវិធានការណ៍សុវត្ថិភាព និង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យ និងបញ្ចៀសការជួបជុំកកកុញខ្លាំង នៅតាមគោលដៅ ទេសចរណ៍នានា ដូចដែលធ្លាប់កើតមាន នាឆ្នាំកន្លងមក៕