កម្ពុជា ទទួលបានវត្ថុបុរាណចំនួន ២៥៨ រូប ពីបរទេសត្រឡប់មកវិញ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ បន្ទាប់ពីបាត់បង់ កាលពីប៉ុន្មានទសវត្សរ៍មុន


ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្ថុបុរាណចំនួន ២៥៨រូប ត្រូវបានប្រគល់ត្រឡប់ មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ ក្នុងសម័យកាលសង្គ្រាម។ នេះបើតាមការឲ្យដឹងពី លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានបញ្ជាក់ថា វត្ថុបុរាណដែល ត្រូវបានបញ្ជូនត្រឡប់ មកកម្ពុជាវិញនោះ រួមមាន បានមកពី សហរដ្ឋអាមរិក ចំនួន៣៣រូប, ជប៉ុន ចំនួន៧១រូប, ហុងគ្រី ចំនួន១១០រូប, អង់គ្លេស ចំនួន១៦រូប និងប្រទេសថៃ ចំនួន២៨រូប។ លោកបានអះអាងថា ការងារខិតខំប្រឹងប្រែង ដើម្បីយកវត្ថុបុរាណរបស់កម្ពុជា ដែលបាត់បង់ត្រឡប់មក មាតុប្រទេសវិញនេះ គឺដឹកនាំផ្ទាល់ដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អ្នកនាំពាក្យក្រសួងវប្បធម៌រូបនេះ បានបន្ដទៀតថា ការទាមទារនូវវត្ថុបុរាណ របស់កម្ពុជាត្រឡប់មកវិញនេះ ប្រើប្រាស់នូវយន្ដការ ចំនួន៣សំខាន់ៗ រួមមាន៖

ទី១៖ ការអំពាវនាវដោយស្ម័គ្រចិត្ត ចំពោះអ្នកដែលមាន វត្ថុបុរាណរបស់កម្ពុជា នៅក្រៅប្រទេស ធ្លាប់បានទិញទៅ ដោយចៃដន្យ
ទី២៖ តាមកិច្ចព្រមព្រៀង ឬការចរចារគ្នា ដើម្បីទាមទារយកវត្ថុបុរាណនេះ ត្រឡប់មកវិញ
ទី៣៖ ធ្វើការទាមទារ ដោយតតាំងតាមផ្លូវច្បាប់។

លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឲ្យដឹងបន្ថែមថា បើគិតចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទាមទារយកវត្ថុបុរាណ ដែលបានបាត់បង់ ត្រឡប់មកពីបរទេសវិញ បានប្រមាណជាង ៦០០រូប ៕