ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា កើនឡើង ៥,៣% ក្នុងឆ្នាំនេះ នឹងកើន ៦,២% ឆ្នាំក្រោយ


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានធ្វើការព្យាករណ៍ម្ដងទៀត អំពីស្ថានភាពសេដ្ឋកិច្ច របស់កម្ពុជាបច្ចុប្បន្ន ដែលថានឹងមាន ភាពល្អប្រសើរឡើងជាងឆ្នាំ ២០២១ កន្លងទៅ ដោយសារតែកត្តាជាច្រើន ជាពិសេសលទ្ធភាព យកឈ្នះជំងឺកូវីដ-១៩ បានយ៉ាងល្អប្រពៃ និងឈានដល់ ការបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញ កាលពីចុងឆ្នាំទៅ។

ធនាគារ ADB បានព្យាករណ៍ថាពេញមួយឆ្នាំ ២០២២ នេះ សន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើន ស្ថិតក្នុងអត្រា ៥,៣% ហើយឆ្នាំ ២០២៣ ខាងមុខ ការព្យាករណ៍បឋមបង្ហាញថា នឹងមានសន្ទុះកំណើនឡើងទៅ ៦,២% ថយចុះពីការព្យាករណ៍លើកមុន ដែលថានឹងកើនឡើងទៅ ៦,៥%។ ការព្យាករណ៍ឡើងវិញ នៃការថមថយនោះ ក៏ដោយសារតែ ស្ថានភាពសកលលោក ដែលអាចនឹងប្រឈម នឹងសម្ពាធជាច្រើន ហើយទាញឱ្យការវាយតម្លៃ លើកមុនធ្លាក់ចុះវិញខ្លះ។

ប្រភពដដែលបានឱ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ ក៏ដោយសារតែកំណើន នៃការនាំចេញផលិតផលជាច្រើន របស់កម្ពុជា ចេញទៅទីផ្សារអន្តរជាតិ ជាពិសេសផលិតផលកៅស៊ូ វាយនភណ្ឌ និងមួយផ្នែកទៀត ចេញពីវិស័យទេសចរណ៍ បើទោះបីជា មិនកើនឡើងខ្ពស់ក៏ដោយ តែប្រសើរជាងឆ្នាំមុនច្រើន ទាំងទេសចរណ៍ផ្ទៃក្នុង និងភ្ញៀវមកពី អន្តរជាតិផ្សេងទៀត។ ទន្ទឹមគ្នានោះដែរ ការនាំចេញផលិតផល ដែលមិនមែនជាជ័រកៅស៊ូ មានការកើនឡើងគួរឱ្យ កត់សម្គាល់ផងដែរ ស្របពេលការនាំចូល ផលិតផលសំណង់ និងគ្រឿងបង្គុំកើនឡើង ២២,៨%។

លោកស្រី Jyotsana Varma នាយិកានៃធនាគារ ADB ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការកើនឡើងនៃ ការនាំចេញផលិតផលកម្ពុជា ទៅអន្តរជាតិ ទទួលបានលទ្ធផលប្រសើរ ទោះបីជាផលិតផល ក្នុងវិស័យឧស្សាហកម្ម បានការធ្លាក់ចុះ ដោយសារតែបញ្ហាកើនឡើង នៃតម្លៃប្រេងឥន្ធនៈ និងការធ្លាក់ភ្លៀងច្រើនក៏ដោយ។ លោកស្រីបន្តទៀតថា អន្តរាគមន៍សេដ្ឋកិច្ចសង្គម របស់រដ្ឋាភិបាលកម្ពុជា ដូចជាកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងតម្លៃទំនិញ លើពិភពលោកលើ ជនក្រីក្រផងដែរ។

របាយការណ៍របស់ ADB ថ្មីនោះ ក៏បានបង្ហាញអំពី ហានិភ័យផ្សេងៗផងដែរ ដូចជាជំងឺឆ្លងអុតស្វា ការកើនឡើងបន្ថែមទៀត នៃជំងឺកូវីដ-១៩ ក៏ដូចជាការកើនឡើង នៃអត្រាកម្ចីឥណទាន ការថយចុះនៃទំនាក់ទំនង ពាណិជ្ជកម្មជាមួយដៃគូធំៗ ផលប៉ះពាល់នៃ ចង្វាក់ផលិតកម្មជាសកល ការកើនឡើងនៃតម្លៃថាមពល ប្រេងឥន្ធនៈ ឧស្ម័ន ជាដើម។ ស្ថានការណ៍ទាំងនោះ អាចនឹងធ្វើឱ្យស្ថេរភាព សេដ្ឋកិច្ចរបស់កម្ពុជា អាចប្រឈមមុខជាមួយនឹង បញ្ហាជាច្រើន៕