ក្រុមហ៊ុន BYD Auto Industry បណ្ដាក់ទុនវិនិយោគ លើការដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនី ប្រមាណ ២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា


យោងតាមការប្រកាសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអនុញ្ញាត ឱ្យក្រុមហ៊ុន BYD Auto Industry ដែលដឹកនាំដោយ លោក Henry Yip ជានាយកថ្នាក់តំបន់ និងក្រុមហ៊ុន HUAN YA HE ZHONG (Cambodia) Trading Co.,Ltd ដឹកនាំដោយ លោក Marco Mok នាយកប្រតិបត្តិ BYD Cambodia ជួបពិភាក្សាការងារ ដើម្បីរិះរកវិធានការណ៍ និងវិធីសាស្ត្រផ្សេងៗ ជំរុញការប្រើប្រាស់ យានយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្ត ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូល ថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយរបស់ខ្លួន ឱ្យបានកាន់តែច្រើនឡើង បន្ថែមទៀត។

ជាការឆ្លើយតប លោក Henry Yip បានថ្លែងអំណរគុណទៅកាន់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យ ក្រុមហ៊ុនជួបពិភាក្សាការងារ និងធ្វើបទបង្ហាញពី សាវតារបស់ក្រុមហ៊ុន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅ ក្នុងការចូលរួមពង្រីក ការប្រើប្រាស់យានយន្តអគ្គិសនី ដោយឈរលើចក្ខុវិស័យ ឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ 2022 ដល់ឆ្នាំ 2023 (Green New Energy and Green Plan of 2022-2023)។

បន្ថែមពីនេះ ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការ ក្នុងការដំឡើងស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន ២០០ទីតាំងផ្សេងៗគ្នា នៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ ដែលតាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួល ជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំង ដើម្បីដំឡើងស្ថានីយ បញ្ជូលថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យា នឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យា ទំនើបថ្មីៗមកក្នុង ប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរ មកកាន់ក្រសួង ក្នុងការរៀបចំជាគោលនយោបាយ លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យងាកទៅប្រើប្រាស់ យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមាន ក្រុមការងារបច្ចេកទេសជំនាញ អាចជុសជុលផ្លាស់ប្ដូរ គ្រឿងបន្លាស់យានយន្តអគ្គិសនី បានទាន់តម្រូវការ។