កូរ៉េផ្ដល់ជំនួយ សាងសង់អគារមន្ទីរពេទ្យបង្អែកជើងឯក កម្ពស់លើសពី ៤ ជាន់ ដើម្បីបំពេញតម្រូវការព្យាបាល និងថែទាំងអ្នកជម្ងឺ!


ក្នុងជំនួបរវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹង លោក Rho Hyun Jun នាយកទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់កូរ៉េ ដែលបានផ្ដល់ជំនួយ ដល់មន្ទីរពេទ្យបង្អែកជើងឯក ដែលមិនត្រឹមតែ ការសាងសង់អគារថ្មីប៉ុណ្ណោះទេ ថែមទាំងជំនួយលើ បច្ចេកទេសស្ដង់ដារ ឈានទៅមួយកម្រិតទៀត ដើម្បីបំពេញតម្រូវការ ព្យាបាលនិងថែទាំអ្នកជម្ងឺ។

តាមប្រសាសន៍របស់ លោក Ro Hyun Jun បានបង្ហាញថា ទីភ្នាក់ងារ KOICA បានសម្រេចដាក់ចេញ នូវគម្រោងទី៣ ក្នុងការពង្រឹងវិស័យសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជើងឯក ចាប់ពីឆ្នាំ២០២៤-២០២៩ ដែលគម្រោងនេះ មានទឹកប្រាក់ ១១ លានដុល្លារ ក្នុងនោះរួមមាន៖

១. សាងសង់អគារមន្ទីរពេទ្យបង្អែកជើងឯក មានកម្ពស់ចាប់ពី ៤ ជាន់ ទៅតាមតម្រូវការជាក់ស្ដែង
២. ការបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ស្របទៅតាមស្ដង់ដាកម្រិតទី៣
៣. ការបណ្ដុះបណ្ដាលជំនាញបន្ថែម ដល់បុគ្គលិកមន្ទីរពេទ្យបង្អែក។

លោកនាយក KOICA បានបន្ថែមថា គម្រោងនេះនឹង ធ្វើអោយប្រសើរឡើង នូវតាមមន្ទីរពេទ្យបង្អែកជើងឯក ដែលប្រជាពលរដ្ឋ ក្នុងតំបន់អាចសម្រាកព្យាបាលជំងឺ និងថែទាំបាន ដោយមិនចាំបាច់ ពឹងផ្អែកតែនៅមន្ទីរពេទ្យធំៗ នៅកណ្ដាលក្រុងទៀតឡើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រពេញទំហឹង ចំពោះកិច្ចសហការ ដល់គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកជើងឯកនេះ ទៅតាមស្ដង់ដារកម្រិតទី៣ និងការសាងសង់អគារថ្មីខាងលើ សម្រាប់បងប្អូនប្រជាពលរដ្ឋ អាចស្វែងរកសេវាសុខាភិបាល ដែលនៅជិតបំផុត ជាអ្វីដែលយើងមិនអាចខ្វះបាន។