ខេត្ត Dak Lak របស់វៀតណាម ចំណាយថវិកាជាង ២,២លានដុល្លារ ដើម្បីបញ្ចប់ការជិះដំរីកម្សាន្ត ទៅជាទេសចរណ៍អភិរក្សសត្វដំរីវិញ


ខេត្ត Dak Lak ភាគកណ្តាលនៃ ប្រទេសវៀតណាម នឹងចំណាយប្រាក់ជាង 55.4 ពាន់លានដុង (2.2 លានដុល្លារអាមេរិក) ដើម្បីបំប្លែងគំរូ នៃការជិះដំរីទៅជា ទេសចរណ៍សម្រាប់សត្វដំរី។ ការងារនេះមានគោលបំណង ថែរក្សានិងអភិរក្សហ្វូងដំរី ជំនួសឲ្យការជិះកម្សាន្តវិញ។

លោក Tran Xuan Phuoc នាយកមជ្ឈមណ្ឌល Dak Lak សម្រាប់ការអភិរក្សដំរី សង្គ្រោះសត្វ និងការគ្រប់គ្រងព្រៃឈើ បាននិយាយថា មជ្ឈមណ្ឌលនេះនឹង អនុវត្តគម្រោងដែល ត្រូវបានអនុម័តដោយ គណៈកម្មាធិការប្រជាជនខេត្ត។ គម្រោងនេះគ្រោងនឹង ធ្វើឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 ដល់ខែធ្នូ ឆ្នាំ 2026 ដោយមានការឧបត្ថម្ភ ពីមូលនិធិ Animal Asia (AAF)។ វានឹងត្រូវធ្វើឡើងនៅក្នុងស្រុក Buon Don និង Lak។

គម្រោងនេះមានគោលបំណង ជំនួសទេសចរណ៍ជិះដំរី ជាមួយនឹងគំរូទេសចរណ៍មិត្តភាព។ នៅក្រោមគម្រោងនេះ ហ្វូងដំរីនឹងត្រូវបានថែរក្សា និងមើលថែ ចំណែកម្ចាស់ដំរី នឹងទទួលបានសំណង សម្រាប់ការខ្វះខាតប្រាក់ចំណូល របស់ពួកគេ។ មជ្ឈមណ្ឌលទេសចរណ៍ នឹងទទួលបានការគាំទ្រ ផ្នែកបច្ចេកទេសដើម្បី ប្រែក្លាយទៅជាគំរូទេសចរណ៍ សម្រាប់សត្វដំរី។ សកម្មភាពអប់រំ និងលើកកម្ពស់ ការយល់ដឹងស្តីពីការការពារ និងការអភិរក្សសត្វដំរី នឹងធ្វើឡើងនៅក្នុងសហគមន៍។

ស្ថិតិរបស់មជ្ឈមណ្ឌលអភិរក្សដំរី សង្គ្រោះសត្វ និងការគ្រប់គ្រងព្រៃឈើ Dak Lak បង្ហាញថា ចាប់ពីឆ្នាំ 2009 ដល់ឆ្នាំ 2021 ដំរីចំនួន 22 ក្បាល នៅក្នុងខេត្តនេះបានងាប់ ដោយសារមូលហេតុផ្សេងៗគ្នា។ បច្ចុប្បន្ន ខេត្តនេះមានដំរីចំនួន 37 ក្បាលក្នុងស្រុក Lak និង Buon Don។