អាជ្ញាធរជាតិអប្សរា និងក្រុមជំនាញឥណ្ឌា សហការជួសជុល កម្រាលថ្មភក់នៅ តួប្រាង្គកណ្ដាល នៃប្រាសាទតាព្រហ្ម


អាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រុមអ្នកជំនាញឥណ្ឌា ជួសជុលរៀបចំ កម្រាលថ្មភក់ប្រាង្គកណ្តាល នៃប្រាសាទតាព្រហ្ម ដោយកំណាយរកថ្មភក់ ដែលនៅរាយប៉ាយ ដើម្បីយកទៅដាក់នៅ ទីតាំងដើម នឹងយកជើងទម្រ បដិមាធំមួយដែលត្រូវបាន រំកិលចេញកាលពីមុន មកតម្កល់នៅទីតាំងដើម នៅចំចំណុចកណ្ដាល នៃប្រាសាទតាព្រហ្ម ដែលការងារនេះបាន ចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ គ្រោង នឹងបញ្ចប់ចុងខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកអនុវត្តគម្រោង សហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា ថ្មកម្រាលទីតាំងនេះ បានបែកបាក់ច្រើនអន្លើរ និងចល័តខុសពីតាំងដើម បន្ថែមពីលើនោះ មានថ្មកំពូលតួប្រាង្គប្រាសាទនេះ ក៏បានរលុះធ្លាក់មក ខាងក្រោមនៅរាយប៉ាយ ជាមួយនឹងជើងទម្រ។ លោកបណ្ឌិតបន្តថា កន្លងមក ដើម្បីសម្រួលចរាចរ ភ្ញៀវទេសចរអាជ្ញាធរជាតិអប្សរា បានរំកិលជើងទម្រនេះ ចេញទៅទីតាំងមានសុវត្ថិភាព និងក្រាលកម្រាលឈើពីលើ ដើម្បីឱ្យភ្ញៀវឆ្លងកាត់។ ប៉ុន្តែមកដល់បច្ចុប្បន្ន កម្រាលឈើបានពុកផុយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរផង និងលើកតម្លៃទីតាំងនេះឡើងវិញ ទើបស្ថាប័នទាំងពីរ សម្រេចជួសជុល កម្រាលថ្មភក់ឡើងវិញ។

លោក Sing Sood មានប្រសាសន៍ទៀតថា ជាដំបូង ក្រុមការងារបានធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម ប្រសិនរកឃើញមាន ថ្មដំបូលដែលជ្រុះ ធ្លាក់មកទីតាំងនេះ ក្រុមការងារនឹងយក ទៅដាក់នៅទីតាំងដើមវិញ។ អ្នកជំនាញរូបនេះបន្តថា បន្ទាប់ពីរៀបចំ កម្រាលថ្មភក់ បានល្អប្រសើរឡើងវិញហើយ នឹងយកជើងទម្រ ដែលគេជឿថាសម្រាប់តម្កល់ បដិមាប្រាជ្ញាបារមីមកតម្កល់ នៅទីតាំងនេះឡើងវិញ ហើយភ្ញៀវទេសចរ ក៏បានដើរឆ្លងកាត់ ដោយមានសុវត្ថិភាព ព្រមទាំងបានស្វែង យល់កាន់តែច្បាស់ពី ស្ថានភាពដើមប្រាង្គកណ្តាល របស់ប្រាសាទតាព្រហ្មនេះ ពីព្រោះទីតាំងនេះ មានភាពល្បីល្បាញ ហើយជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចេញចូលឆ្លងកាត់ ទៅទស្សនាទីនេះ មិនលោះពេល។

លោក Sing Sood បញ្ជាក់ថា តួប្រាង្គកណ្តាលរបស់ ប្រាសាទតាព្រហ្មនេះ មានលក្ខណៈពិសេស ដែលមានស្លាកស្នាម បិទកំបោរបាយអរ ដែលមាននៅសេសសល់ មកដល់សព្វថ្ងៃ ដែលលោក Sing Sood សន្និដ្ឋានថា កាលពីសម័យកសាងប្រាង្គកណ្តាលនេះ អាចគេបិទមាស ឬប្រាក់ទៀតផង៕