កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរ ពីប្រទេសចិន ចំនួន ១ លាននាក់ក្នុងឆ្នាំ២០២៣


យោងតាមការព្យាករណ៍ ពីក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបចន្លោះពី ៣ ទៅ ៤ លាននាក់ នៅក្នុងឆ្នាំ២០២៣ ដោយក្នុងនោះ ភ្ញៀវទេសចរចិន អាចនឹងទទួលបានចន្លោះពី ៨០ ម៉ឺន ទៅដល់ ១ លាននាក់ ឬអាចលើសពីនេះទៀត ក្រោយពីមើលឃើញ ភាពល្អប្រសើរឡើងនេះ ជើងហោះហើរពី ប្រទេសចិន មកកាន់កម្ពុជា។

ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការនៃ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែ ១០៦ ៨៧៥ នាក់ ក្នុងនោះភ្ញៀវទេសចរចិន ដែលបានទៅទស្សនា នៅរមណីយដ្ឋានអង្គរ មានត្រឹមតែ ១៨ ៧៦៣ នាក់ប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៣ នេះវិញ យើងរំពឹងទទួលបាន ភ្ញៀវទេសចរចិន ចន្លោះពី ៨០ ម៉ឺន ទៅដល់ ១ លាននាក់ ក្នុងនោះ ៣០% នៃភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា អាចនឹងមកទស្សនានៅ រមណីយដ្ឋានអង្គរ ដែលនឹងទទួលចំណូលពី ការលក់ប័ណ្ណទស្សនា រមណីយដ្ឋានអង្គរ។

ឯកឧត្តម បានមានប្រសាសន៍ថា កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរ មកពីប្រទេសចិនបណ្ដើរៗ តាមរយៈជើងហោះហើរត្រង់ ពីប្រទេសចិន មកកាន់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់តាំងថ្ងៃទី០៨ ខែមករា  និងបន្ដដំណើរកញ្ចប់ទេសចរណ៍ (Tour) ឡើងវិញចាប់ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ចំណែកខេត្តសៀមរាបវិញ ទើបតែមានការហោះហើរត្រង់ មកពីប្រទេសចិន នៅដើមខែមីនា នេះប៉ុណ្ណោះ។ យ៉ាងណាមិញ ការអនុវត្តផែនការយុទ្ធសាស្ត្រ ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងវិធានសុវត្ថិភាពទេសចរណ៍ នៅកម្ពុជា យើងរំពឹងថានឹងអាចទទួលបាន ភ្ញៀវទេសចរចិន កើនឡើងវិញជាងមុន ១០ ដង។

របាយការណ៍ពីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពទេសចរបរទេសដ៏ធំបំផុត មកកាន់ប្រទេសកម្ពុជា កាលពីមុនវិបត្តិជំងឺកូវីដ-១៩ ដែលកាលនោះ កម្ពុជាទទួលបានភ្ញៀវទេសចរចិន រហូតដល់ ២,៣៦ លាននាក់ ក្នុងឆ្នាំ២០១៩ ស្មើនឹង ៣៥% នៃចំនួនភ្ញៀវទេសចរបរទេសសរុប និងបង្កើតបានជា ប្រាក់ចំណូលប្រមាណ ១,៨ ពាន់លានដុល្លារ ក្នុងចរន្ដទេសចរណ៍។