កម្ពុជា ប្រមូលពន្ធបាន ៥៣៩ លានដុល្លារ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣


របាយការណ៍ចេញផ្សាយពី អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជា ប្រមូលចំណូលពីពន្ធ នៅក្នុងរយៈពេល ២ ខែដំបូងឆ្នាំ២០២៣ នៃបានប្រមាណ ៥៣៩ លានដុល្លារ បានកើនឡើង ២,៣% ហើយសម្រេចបាន ១៥% នៃផែនការថវិកាជាតិឆ្នាំ ២០២៣។

ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ប្រាក់ចំណូលពីការប្រមូលពន្ធ ក្នុងដើមឆ្នាំ២០២៣ បានកើនឡើងជាងមុន នេះក៏ត្រូវអរគុណចំពោះ កំណែទម្រង់ប្រព័ន្ធពន្ធ រួមមាន៖ សេវាកម្មដល់អ្នកបង់ពន្ធ និងសេវាកម្មចុះឈ្មោះ ដែលមានភាពប្រសើរជាងមុន និងការធ្វើសវនកម្មល្អ លើការគ្រប់គ្រងបំណុលជាដើម។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា មានស្ថាប័នចំនួន ២ ដែលទទួលខុសត្រូវ ចំពោះការប្រមូលពន្ធ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារ ផ្ដោតទៅលើពន្ធផ្នែកខាងក្នុង ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បន្ថែមតម្លៃ ពន្ធលើអចលនទ្រព្យ ជាដើម។ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានតួនាទីប្រមូលពន្ធ ទៅលើទំនិញចេញចូល ប្រទេសកម្ពុជា។