កម្ពុជា ទទួលបានចំណូល ១,៤ ពាន់លានដុល្លារ ពីភ្ញៀវទេសចរបរទេស កាលពីឆ្នាំ២០២២


នៅក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេស ប្រមាណ ២,២៨ លាននាក់ ដែលបង្កើតបានជា ប្រាក់ចំណូលចូលទៅក្នុង សេដ្ឋកិច្ចជាតិប្រមាណ ១,៤ ពាន់លានដុល្លារ ដែលបានកើនឡើង រហូតដល់ ៦៦៧% ធៀបទៅនឹងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ ពីក្រសួងទេសចរណ៍។

ចំនួនភ្ញៀវទេសចរអន្តរជាតិ នៅកម្ពុជា បានកើនឡើងយ៉ាងគំហុក បន្ទាប់ពីការបើកប្រទេសឡើងវិញ បានរួមចំណែកជួយស្ដារសេដ្ឋកិច្ច និងដំណើរការ អាជីវកម្មទេសចរណ៍ឡើងវិញ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២ ក្រោយទទួលបាន ភ្ញៀវទេសចរអន្តរជាតិ ២,២៨ លាននាក់ អាជីវកម្មទេសចរណ៍ចំនួន ១៣ ៥៩៧ កន្លែងបានបើកដំណើរការ ដែលបានផ្ដល់ជាការងារ ដល់ប្រជាពលរដ្ឋ ក្នុងតំបន់ប្រមាណ ៣២០ ០០០ នាក់ និងបង្កើតជាប្រាក់ចំណូល ចាក់ចូលទៅក្នុងចរន្ដសេដ្ឋកិច្ចជាតិ ប្រមាណ ១,៤ ពាន់លានដុល្លារ។

សម្រាប់ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បាន ចាប់ផ្ដើមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» កាលពីខែកុម្ភៈ កន្លងទៅ ដើម្បីជាទិសដៅ ស្ដារវិស័យទេសចរណ៍ឡើងវិញ ដោយរំពឹងថានឹងទទួលបាន ភ្ញៀវទេសចរបរទេស យ៉ាងហោចណាស់ ៤ លាននាក់ ក្នុងឆ្នាំនេះ ក្នុងនោះភ្ញៀវទេសចរចិន អាចនឹងមានចំនួន ច្រើនជាងគេរហូតដល់ ១ លាននាក់ ក្រោយការបើកប្រទេសចិនឡើងវិញ។

សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ជា សសរស្ដម្ភដ៏សំខាន់មួយ ក្នុងចំណោមសសរស្ដម្ភទាំង ៤ ជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦ លាននាក់ ដែលបង្កើតជា ប្រាក់ចំណូលប្រមាណ ៤,៩២ ពាន់លានដុល្លារ និងបានរួមចំណែកលើសពី ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសកម្ពុជា។