កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ ផែចំណតកុងតឺន័របន្ថែមប្រវែង ៣៥០ ម៉ែត្រ


នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធី បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព របស់កំពង់ផែស្វយ័ត ឆ្លើយតបទៅនឹងតម្រូវការ និងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ននេះ គ្រោងនឹងចំណាយថវិកាសរុប ៩៧៣ លានដុល្លារ។

គម្រោងនៃការសាងសង់ ចំណតកំពង់ផែកុងតឺន័រថ្មីនេះ នឹងត្រូវអនុវត្តចំនួន ៤ ជំហាន ចាប់ពីឆ្នាំ ២០២៣ រហូតទៅដល់ឆ្នាំ២០២៩ ដោយក្នុងនោះ ការងារដែលត្រូវអនុវត្តមានដូចជា៖

១. កែប្រែចំណតផែច្រាំងទំនិញទូទៅ ដែលមានប្រវែង ២៥៣ ម៉ែត្រ នឹងត្រូវកែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយ លើកដាក់កុងតឺន័រទំនើប ដូចជា គ្រឿងចក្រលើកដាក់ កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់ កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ដែលជួយបង្កើនសមត្ថភាព ចំណតផែកុងតឺន័របន្ថែមបាន ៣៥% ឬស្មើនឹង ២៥០ ០០០ TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ នឹងចំណាយថវិកាប្រមាណ ៣២ លានដុល្លារ ប្រើប្រាស់រយៈពេលសាងសង់ ១៨ ខែ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

២. សាងសង់ចំណតផែកុងតឺន័រថ្មី មានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាត ឱ្យនាវាកុងតឺន័រ មានទម្ងន់ផ្ទុក ៦០ ០០០ DWT ឬស្មើនឹង ៤ ០០០ TEUs នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចទៅមកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុបាន និងបង្កើនសមត្ថភាពកំពង់ផែ បន្ថែមប្រមាណ ៤៥០ ០០០ TEUs ក្នុងមួយឆ្នាំ។ គម្រោងសាងសង់នេះ នឹងចំណាយថវិកា ២៤៣ លានដុល្លារ ត្រូវប្រើប្រាស់រយៈពេល ៣៦ ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

៣. សាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ ម៉ែត្រជម្រៅទឹក ១៦,៥ ម៉ែត្រ មានសមត្ថភាពអាច អោយនាវាដឹកទំនិញទម្ងន់ផ្ទុក ១២០ ០០០ DWT ឬស្មើនឹង ១០ ០០០ TEUs ដែលមាននៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក អាចទៅមកបាន ហើយនឹងបង្កើនសមត្ថភាព កំពង់ផែបន្ថែមប្រមាណ ៥៧០ ០០០ TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ នឹងប្រើពេលសាងសង់ប្រមាណ ៣៦ ខែ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។

៤. សាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង ៤៣០ ម៉ែត្រ ជម្រៅទឹក ១៧,៥ ម៉ែត្រ មានសមត្ថភាពអនុញ្ញាត ឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០ ០០០ DWT ឬស្មើនឹង ១៥ ០០០ TEUs ដែលមាននៅតាម ផ្លូវទឹកដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិច អាចទៅមកកំពង់ផែ ស្វយ័តក្រុងព្រះសីហនុបាន ហើយបង្កើនសមត្ថភាព បន្ថែមប្រមាណ ៦១៧ ០០០ TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ នឹងប្រើប្រាស់ពេល ៤២ ខែដើម្បីសាងសង់ និងបញ្ចប់នៅអំឡុងឆ្នាំ២០២៩។

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងនឹងចំណាយថវិកា ៩៧៣ លានដុល្លារ ដោយក្នុងនោះ ៧៦០ លានដុល្លារ ជាឥណទានសម្បទានពី រាជរដ្ឋាភិបាលជប៉ុន ចំណែក ១៩២ លានដុល្លារ ជាថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗ និងថវិកា ២១ លានដុល្លារផ្សេងទៀត ជាថវិការបស់កំពង់ផែ ស្វយ័តក្រុងព្រះសីហនុផ្ទាល់។ គម្រោងសាងសង់ ត្រូវបានម៉ៅការដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុន Nippon Koei & Original Consultant Global JV។