ស្ពានកោះពេជ្រ-កោះនរា តភ្ជាប់តួស្ពានរួចរាល់ អាចនឹងបើកប្រើប្រាស់ បណ្ដោះអាសន្ន ក្នុងពេលឆាប់ៗ


ស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ មកកាន់តំបន់អភិវឌ្ឍកោះនរា ត្រូវបានសាងសង់ភ្ជាប់ តួស្ពានរួចរាល់មកហើយ ដោយមានការអញ្ជើញ ចូលរួមភ្ជាប់តួស្ពានពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុន OCIC កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយស្ពាននេះ នឹងបើកប្រើប្រាស់បណ្ដោះអាសន្ន មុនព្រះរាជពិធីបុណ្យអុំទូក សម្រាប់សម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានស្នើសុំដល់ក្រុមហ៊ុន OCIC ដើម្បីបើកប្រើប្រាស់ ស្ពានបណ្ដោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់សម្រួលការធ្វើដំណើរ ប្រជាពលរដ្ឋ មុនព្រះរាជពិធីបុណ្យអុំទូក ដែលអាចកាត់បន្ថយ បញ្ហាស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស និងតំបន់ក្បាលថ្នល់ ដែលកំពុងសាងសង់ ស្ពានអាកាសផងដែរ។

គិតមកទល់ពេលនេះ ស្ពានឆ្លងកាត់កោះពេជ្រ-កោះនរា សម្រេចការងារបានប្រមាណ ៩៣% មកហើយដោយគ្រោងនិងតួស្ពាន បានតភ្ជាប់រួចរាល់ នៅសេសសល់ការងារ បំពាក់បង្កាន់ដៃ ផ្លូវបេតុងតភ្ជាប់ទៅកាន់ស្ពាន ការងារបំពាក់ភ្លើង ការងារអ៊ុតកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនទៀត។ ក្រុមហ៊ុន OCIC នឹងព្យាយាមពន្លឿន ការងារសាងសង់អោយបាន រួចរាល់ទៅតាមផែនការ ដែលនៅសល់ពេលប្រមាណ ៦០ ថ្ងៃទៀតប៉ុណ្ណោះ ស្ពាននេះនឹងបញ្ចប់ការងារ ដើម្បីបើកប្រើប្រាស់ ជូនប្រជាពលរដ្ឋធ្វើដំណើរបាន។

សូមបញ្ជាក់ផងដែរថា ស្ពានកោះពេជ្រ-កោះនរា ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ដោយចំណាយថវិកាប្រមាណ ៣៨ លានដុល្លារ បើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០២០ មានប្រវែងសរុប ៨៤២ ម៉ែត្រ ទទឹង ២៤,៥ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ (២ ទៅ ២ មក) និង ២ គន្លងម៉ូតូ (១ ទៅ ១ មក) ព្រមទាំងផ្លូវថ្មើរជើងផងដែរ។

នេះគឺជាស្ពានបេតុងខ្សែកាបទី២ នៅរាជធានីភ្នំពេញ បន្ទាប់ពីស្ពានឫស្សីកែវ-ជ្រោយចង្វា ហើយរាជរដ្ឋាភិបាលមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេបាសាក់មួយកន្លែងទៀត ស្ថិតនៅចំនុចចាក់អង្រែ-ព្រែកប្រា ឆ្ពោះទៅតំបន់អភិវឌ្ឍជើងឯក និងផ្លូវលេខ២១៧ សម្រាប់សម្រួល ការធ្វើដំណើរមួយកម្រិតទៀត និងប្រទាក់ក្រឡាទៅ សេដ្ឋកិច្ច តំបន់អភិវឌ្ឍ និងផ្លូវជាតិសំខាន់ៗ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។