ភ្ញៀវទេសចរមកពីចក្រភពអង់គ្លេស ចាត់ទុក កម្ពុជានិងវៀតណាម ជាគោលដៅទេសចរណ៍ ដ៏ពេញនិយម និងមានអាទិភាពសម្រាប់ខ្លួន!


បើយោងតាមទិន្នន័យពី Google ក្នុងរយៈពេល ១២ ខែចុងក្រោយ របស់ជនជាតិអង់គ្លេស បានបង្ហាញពីការស្វែងរក គោលដៅទេសចរណ៍ពេញនិយម សម្រាប់ពួកគេ នាពេលចុងក្រោយនេះ ហើយសម្រាប់លទ្ធផល នៃការស្វែងរកទាំងនោះ បានឲ្យឃើញថា កម្ពុជានិងវៀតណាម គឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុត បន្ទាប់មកមាន ប្រទេសស្រីលង្កា ម៉ាល់ឌីវ នូវែលសេឡង់ និងអូស្ត្រាលី។

លោក Mark Robinson តំណាង Audley Travel ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា “ទាំងវៀតណាម និងកម្ពុជា គឺសំបូរទៅដោយប្រាសាទ ដែលមានអាយុកាល រាប់សតវត្សរ៍មកហើយ រួមទាំងម្ហូបសំបូរបែប និងបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាទិសដៅទាក់ទាញដ៏ល្អខ្លាំង សម្រាប់អ្នកស្រឡាញ់ប្រវត្តិសាស្រ្ត និងវប្បធម៌។”

លោកបានបន្ថែមថា “ទោះបីជាប្រទេសទាំងពីរ ស្ថិតនៅជិតគ្នាក៏ដោយ សណ្ឋានដីភូមិសាស្រ្តនៅកម្ពុជា និងវៀតណាមមានភាពខុសគ្នា ខ្លាំងគួរសមដែរ។ មធ្យោបាយដ៏ល្អមួយ ក្នុងការធ្វើដំណើរទស្សនា ប្រទេសទាំងពីរ គឺតាមរយៈការជិះទូកកម្សាន្តតាម ដងទន្លេមេគង្គ ដែលអ្នកអាចមើលទិដ្ឋភាព នៃជីវិតរស់នៅរបស់អ្នកស្រុក នៅពេលដែលអ្នកឆ្លងកាត់ភូមិទន្លេ និងសហគមន៍នេសាទ។»

ដោយឡែក លោក Lee Felton អ្នកឯកទេសជនជាតិអូស្ត្រាលី ក៏បានពន្យល់ពីមូលហេតុ ដែលញូវហ្សេឡែន និងអូស្ត្រាលីជាគោលដៅទាក់ទាញ៖ “បរិយាកាស សត្វព្រៃ និងវប្បធម៌របស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បានបំពេញគ្នា ទៅវិញទៅមកយ៉ាងល្អ។”

ការធ្វើដំណើរពីរដាច់ដោយឡែកពីគ្នា មានន័យថាមនុស្សជាច្រើន មិនមានលទ្ធភាពទស្សនា បានគ្រប់យ៉ាងនៅប្រទេសទាំងពីរនេះទេ ដូច្នេះការទស្សនាបញ្ចូលគ្នា រវាងប្រទេស គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធានាថាអ្នកទទួលបាន បទពិសោធន៍ដ៏អស្ចារ្យ។

លោកបាននិយាយថា “អូស្ត្រាលីមានព្រៃត្រូពិចក្រាស់ វាលខ្សាច់ដ៏ធំល្វឹងល្វើយ និងទឹកសមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយសត្វច្រើនប្រភេទ។ នៅថ្ងៃមួយ អ្នកអាចហែលទឹក ជាមួយត្រីឆ្លាមបាឡែន និងថ្ងៃផ្សេងទៀតអ្នកបាន ទៅដល់តំបន់ជនជាតិដើម Aboriginal ។ ដោយឡែកនៅ ប្រទេសនូវែលសេឡង់ ជាមួយនឹងទេសភាពភ្នំដ៏អស្ចារ្យ រោងចក្រស្រាទំពាំងបាយជូរ ដ៏សម្បូរបែប និងការបោះជំរំដោយឥតគិតថ្លៃ មានន័យថាអ្នកអាចដេកមើលផ្កាយ គ្រប់ទីកន្លែងដែលអ្នកចង់ទៅ។”

សម្រាប់ប្រទេសស្រីលង្កា និងម៉ាល់ឌីវ Joe Parks អ្នកឯកទេសប្រចាំ Audley Travel បាននិយាយថា៖ «ទោះបីប្រទេសនេះ ជាកោះដ៏តូចពិតមែន ប៉ុន្តែប្រទេសស្រីលង្កា មានកន្លែងស្អាតៗជាច្រើន រួមទាំងហ្វូងសត្វដំរី ដ៏កម្រនៅក្នុងព្រៃ និងប្រាសាទល្អាងធំៗ។ ផ្ទុយទៅវិញ ម៉ាល់ឌីវ សំបូទៅដោយរមណីយដ្ឋាន ដ៏ប្រណិត ដែលស្ថិតនៅលើដីខ្សាច់ទន់ៗ រួមទាំងអាហារឆ្ងាញ់ៗ ការមុជទឹកក្នុងបាតសមុទ្រ និងស្ប៉ាក្រោមទឹក។”

យោងតាមប្រភពពី Hotelnewsresoirce.com ទាំងនេះគឺជា បញ្ជីគោលដៅទេសចរណ៍ទាំង ៥ ដ៏ពេញនិយមបំផុត របស់ជនជាតិរបស់ ចក្រភពអង់គ្លេស៖

១. វៀតណាម និងកម្ពុជា
២. នូវែលសេឡង់ និងអូស្ត្រាលី
៣. ស្រីលង្កា និងម៉ាល់ឌីវ
៤. សិង្ហបុរី និងម៉ាឡេស៊ី
៥. ប្រទេសថៃ និងវៀតណាម