គម្រោងស្ថាបត្យកម្មដ៏អច្ឆរិយៈ របស់អារ៉ាប់រួមឈ្មោះថា ប្រាសាទពីរ៉ាមីត Ziggurat គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ ជាមួយកម្ពស់ដល់ ១២០០ ម៉ែត្រ និងអាចផ្ទុកមនុស្សបានខ្ទង់ ១លាននាក់!


ឌូបៃ៖ ស្ថាបត្យកម្មដ៏អច្ឆរិយៈមួយទៀត ដែលមានឈ្មោះថា ប្រាសាទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ កំពុងត្រូវបានខិតខំសាងសង់ យ៉ាងសម្រិតសម្រាំង ដោយប្រទេសអារ៉ាប់រួម។

ក្រោយពេល បញ្ចប់ការសាងសង់រួចរាល់ ប្រាសាទនេះនឹងមានកម្ពស់ដល់ ១.២០០ម៉ែត្រ គ្របដណ្តប់លើទំហំផ្ទៃដីប្រមាណ ០,៨៨ម៉ាយការ៉េ (ប្រហែល ២,៣គីឡូម៉ែត្រក្រឡា) និងជាបណ្តុំរស់នៅ របស់ប្រជាជនចំនួន ១លាននាក់។

គម្រោងមួយនេះ ត្រូវបានគេឲ្យដឹងដែរថា បានប្រកាសឡើងនៅក្នុងឆ្នាំ ២០០៨ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ហើយប្រាសាទថ្មីនេះ ត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ប្រាសាទពីរ៉ាមីត Giza របស់ប្រទេសអេហ្ស៊ីប គិតទាំងទំហំ និងភាពអស្ចារ្យរបស់វា។ វាត្រូវបានរចនាឡើង តាមលំនាំប្រាសាទពីរ៉ាមីតអេហ្ស៊ីបបុរាណ និងពីរ៉ាមីត Mayan។

គម្រោងសំណង់ប្រាសាទពីរ៉ាមីត Ziggurat នៅក្នុងទីក្រុងឌូបៃ នឹងប្រកាន់ខ្ជាប់ នូវស្តង់ដារនិរន្តរភាពខ្ពស់បំផុត ដោយយកគម្រូតាម គម្រោងសំណង់ផ្សេងទៀត ដូចជា គម្រោង The Line របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាដើម។ វាក៏ប្រកាន់យកគោលការណ៍ អព្យាក្រឹតកាបូន ហើយអ្វីៗទាំងអស់នៅក្នុងប្រាសាទ រាប់ចាប់ពីភ្លើងរហូតដល់ ឧបករណ៍ប្រើប្រាស់ នឹងត្រូវបានបំពាក់ដោយ ប្រភពថាមពលកកើតឡើងវិញ ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទួរប៊ីនខ្យល់ជាដើម។

នៅក្នុងប្រាសាទពីរ៉ាមីត Ziggurat នឹងរួមមាន កន្លែងស្នាក់នៅ កន្លែងពាណិជ្ជកម្ម និងកន្លែងកម្សាន្តនានា រាប់ចាប់ពីសួនច្បារបៃតង ខៀវស្រងាត់ រហូតដល់ទីផ្សារ ដែលមានមនុស្សច្រើនកុះករ និងកន្លែងដែលមានផាសុកភាព សម្រាប់សម្រាកលំហែកាយផងដែរ។

ជាមួយគ្នានេះដែរ នាយកគ្រប់គ្រងសមាគម អ្នករៀបចំផែនការទីក្រុង Timelinks ដែលរចនាគម្រោងមួយនេះ លោក Ridas Matonis បានលើកឡើងថា “សហគមន៍ពីរ៉ាមីត Ziggurat អាចមានថាមពលគ្រប់គ្រាន់ ដោយខ្លួនឯង ស្ទើរតែទាំងស្រុង ហើយក្រៅពីការប្រើប្រាស់ ថាមពលចំហាយទឹក នៅក្នុងអគារហើយ យើងក៏នឹងប្រើប្រាស់បច្ចេកវិទ្យា ទួរប៊ីនខ្យល់ ដើម្បីទាញយកធនធាន ថាមពលធម្មជាតិផងដែរ”។