សន្ទុះនៃការប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន កំពុងមានការកើនឡើង គួរឲ្យកត់សម្គាល់!


ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញផ្សាយ កាលពីថ្ងៃទី ២៥មីនាបានឲ្យដឹងថា ប្រហែល ២៥% នៃប្រាក់កម្ចីចំនួន ៥,៥៦ ទ្រីលានរៀល (ប្រហែល ១,៣៨ ពាន់លានដុល្លារ) និង ១៦% នៃប្រាក់បញ្ញើចំនួន ១,៥២ ទ្រីលានរៀល (ប្រហែល ៣៧៥ លានដុល្លារ) ឥឡូវនេះត្រូវបាន គេកំណត់ជាប្រាក់រៀល ក្នុងឆ្នាំ២០២៣។

លទ្ធផលនេះបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀល បានកើនឡើងជាលំដាប់ ក្នុងប្រតិបត្តិការប្រាក់បញ្ញើ ឥណទាន និងការទូទាត់នៅតាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំង ពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងទម្លាប់ នៃការសន្សំប្រាក់របស់ សាធារណជនជាមួយនឹង រូបិយប័ណ្ណក្នុងស្រុក។

ជាក់ស្តែង ផ្អែកលើតួលេខខាងលើទាំងនេះ បង្ហាញអំពីការកើនឡើង នូវទំនុកចិត្តលើរូបិយបណ្ណជាតិ  ដែលលើសពីកម្រិតកំណត់ ដោយបទប្បញ្ញត្តិ(benchmarks)។

គូសសម្គាល់ដែរថា ក្រោមការគ្រប់គ្រងរបស់ ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត បានកំពុងខិតខំប្រឹងប្រែង ដើម្បីពង្រីកការយល់ដឹង របស់សាធារណជន អំពីប្រាក់រៀល។

ក្នុងនោះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គំនិតផ្តួចផ្តើមនានា ដែលផ្តោតលើការកែលម្អចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការឌីជីថលជាប្រាក់រៀល និងការបង្ហាញពីគុណសម្បត្តិ នៃប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុក ដ៏រឹងមាំ គឺជារឿងសំខាន់ ដោយលើកឡើងថា ការខិតខំប្រឹងប្រែងទាំងនេះ បានត្រួសត្រាយផ្លូវសម្រាប់ ការបង្កើតបរិយាកាសហិរញ្ញវត្ថុ ដែលយូរអង្វែង និងប្រកបដោយបរិយាបន្ន នៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កំណើនគួរឱ្យកត់សម្គាល់ នៃប្រតិបត្តិការតាមរយៈ ប្រព័ន្ធទូទាត់បាគង បានកើនឡើង ៣,៤ ដង នៃប្រតិបត្តិការជាប្រាក់រៀល ដែលលើសពីចំនួនប្រាក់ដុល្លារអាមេរិក ដែលនេះជាឆ្នាំនៃភាពជោគជ័យ សម្រាប់រូបិយប័ណ្ណជាតិ។

យោងតាម លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ធនាគារជាតិបានលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀលក្នុងប្រព័ន្ធធនាគារ តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ រួមទាំងការបញ្ចុះថ្លៃប្រតិបត្តិការជាប្រាក់រៀល ដោយតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានឥណទាន យ៉ាងហោចណាស់ ១០% នៃប្រាក់រៀល ក្នុងការបញ្ចេញប្រាក់កម្ចីសរុប ក្រៅពីវិធានការ ផ្សេងទៀតដូចជា ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា(LPCO)។

គួរឲ្យដឹងដែរថា បើតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៧ នៅទូទាំងប្រទេស ដោយមានគណនីបញ្ញើចំនួន ១៦,៥លាន និងគណនីឥណទានចំនួន ៣,៨ លាន។