គម្រោងសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការងារបាន ៧,៥%


រយៈពេល ២ ខែក្រោយពីបានបើកការដ្ឋានសាងសង់ កាលពីចុងខែកុម្ភៈ គិតមកត្រឹមចុងខែមេសា ឆ្នាំ២០២៤ គម្រោងសាងសង់ ស្ពានឆ្លងទន្លេបាសាក់ ត្រង់ចំណុច ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការងារបានជាង ៧,៥% មកហើយ ដោយក្រុមហ៊ុនទទួលបន្ទុក កំពុងរៀបចំនូវដំណើរការ ខួងគ្រឹះសសរជើងតាងស្ពាន និងការចាក់ពុម្ពសសរគ្រឹះជាដើម។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលឿនជាងផែនការប្រមាណ ០,៦% ដោយបច្ចុប្បន្ន ក្រុមហ៊ុនសំណង់សៀងហៃ ដែលទទួលបន្ទុកសាងសង់ សម្រេចបានការងាររួមមាន៖

•    សសរគ្រឹះចំនួន ២៤ ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់ ១០០%
•    ជើងតាងទី១០ មានចំនួន ១៤ ដើម ខួងបានរួចរាល់ ៤ ដើម
•    និងកំពុងបន្ដការងាររៀបចំដំឡើងពុម្ពជើងតាងបន្ថែមទៀត

ស្ពានបេតុងសសៃដែកនេះ នឹងត្រូវស្ថាបនាតួស្ពានប្រវែងសរុប ៨០៤,៣ ម៉ែត្រ ទទឹង ២៧ ម៉ែត្រ អ៊ុតកៅស៊ូ AC និងមានផ្លូវតភ្ជាប់ស្ពានប្រវែងជាង ៤០ ម៉ែត្រមកកាន់រង្វង់មូល ទាំងសងខាងស្ពាន ដោយផ្នែកខាងចាក់អង្រែក្រោម នឹងភ្ជាប់មកកាន់មហាវិថីឈុនគង់ រួចភ្ជាប់ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និងភ្ជាប់ទៅផ្លូវជាតិលេខ ២ ប្រវែង ៣០០ ម៉ែត្រ ចំណែកផ្នែកខាងព្រែកប្រា នឹងភ្ជាប់មកកាន់ផ្លូវលេខ១១០ ប្រវែង ១១០ ម៉ែត្រ។

គម្រោងសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានម៉ៅការសាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបចេ្ចកទេសក្វាងចូវវ៉ានអាន ដោយចំណាយថវិកាប្រមាណ ៦០,២ លានដុល្លារ និងបញ្ចប់នៅក្នុងរយៈពេល ៤២ ខែ ពោលគឺនៅត្រឹមអំឡុងឆ្នាំ ២០២៧។

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសម្រួល ការធ្វើដំណើរប្រជាពលរដ្ឋ រវាងខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ជាពិសេសការតភ្ជាប់ផ្លូវ ប្រទាក់ក្រឡាមកកាន់ តំបន់អភិវឌ្ឍន៍ថ្មីនៃខណ្ឌទាំង ២ ដែលអាចកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយចម្ងាយធ្វើដំណើរ និងការជំរុញដល់ការអភិវឌ្ឍន៍ តំបន់អោយប្រសើរឡើង។