Juwai IQI ៖ កម្ពុជា នៅតែជាគោលដៅដ៏ពេញនិយមបំផុតមួយ សម្រាប់វិនិយោគិនសិង្ហបុរី ក្នុងការវិនិយោគទៅលើ វិស័យអចលនទ្រព្យ!


សៀងហៃ៖ ប្រទេសកម្ពុជានៅតែជាទីតាំង ដែលមានការពេញចិត្តបំផុត សម្រាប់ការវិនិយោគអចលនទ្រព្យ ដោយជនជាតិសិង្ហបុរី ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ នេះបើយោងតាម ទិន្នន័យដែលចេញផ្សាយដោយ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល ដែលមានមូលដ្ឋាន នៅទីក្រុងសៀងហៃ Juwai IQI កាលពីពេលថ្មីៗនេះ។

ជាក់ស្តែង ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០ កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៩ នៅក្នុងចំណាត់ថ្នាក់ពិភពលោក ដោយទទួលបាន ៣,៣% នៃការសាកសួរព័ត៌មាន អំពីអចលនទ្រព្យ នៅក្រៅប្រទេសទាំងអស់របស់សិង្ហបុរី។

បន្ថែមពីនេះ បើផ្អែកលើទិន្នន័យ Juwai IQI ស្តីពីការសាកសួរព័ត៌មាន អំពីអចលនទ្រព្យដែលធ្វើឡើង ដោយអ្នកទិញអចលនទ្រព្យ ដែលមានទីតាំង នៅប្រទេសសិង្ហបុរី ចន្លោះខែមករា ឆ្នាំ២០២០ ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណាត់ថ្នាក់សកល Juwai IQI បានស្រង់យកជាសង្ខេបពី ចំណង់ចំណូលចិត្តរបស់អ្នកវិនិយោគ អចលនទ្រព្យសិង្ហបុរី នៅពេលពិចារណាលើ ការវិនិយោគក្រៅប្រទេស ទូទាំងពិភពលោក និងព្យាករណ៍និន្នាការ នាពេលអនាគត។

ក្នុងនោះ ការវិភាគបានកត់សម្គាល់ថា ការវិនិយោគនៅកម្ពុជា ទាំងការអភិវឌ្ឍន៍អចលនទ្រព្យ និងខុនដូ នៅតែមានភាពប្រកួតប្រជែង ជាមួយម្ចាស់សិង្ហបុរី ដែលស្វែងរកប្រាក់ចំណេញបន្ថែម ក្រៅពីការវិនិយោគអចលនទ្រព្យក្នុងស្រុក។

របាយការណ៍បានកត់សម្គាល់ថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគិនសិង្ហបុរី បាននឹងកំពុងអភិវឌ្ឍន៍វិស័យខុនដូលំដាប់ខ្ពស់ ជាពិសេស នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង។

ដោយឡែក ការសិក្សាពន្យល់ថា ខណៈពេលដែលប្រាក់ចំណូល នៅក្នុងប្រទេសសិង្ហបុរីខ្លួនឯង នៅតែទាក់ទាញដោយ ស្តង់ដារអន្តរជាតិ ជាមធ្យម ៤,៨% ជារៀងរាល់ឆ្នាំ ប្រាក់ចំណូលលើ ទ្រព្យសម្បត្តិដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរីនៅតែទាបជាង ចំណូលពីការជួលជាមធ្យមពី ៦ ទៅ ៧% ដែលបានរាយការណ៍សម្រាប់ អចលនទ្រព្យដែលមានទីតាំង នៅក្នុងរាជធានីភ្នំពេញ។

អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណាត់ថ្នាក់សកល ដោយទទួលបាន ២៧,៥% នៃការសាកសួរព័ត៌មានពីក្រៅប្រទេសទាំងអស់ ពីអ្នកទិញសិង្ហបុរី។
ចំណាត់ថ្នាក់លេខ២ គឺប្រទេសថៃ ដែលមាន ១៦,៥% នៃការសាកសួរពីក្រៅប្រទេសទាំងអស់ ក្នុងរយៈពេលស្ទង់មតិ។

ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងភាគហ៊ុន ១៣,២% បន្ទាប់មកគឺជប៉ុន៖១២,៦% វៀតណាម៖ ៥,៥% កាណាដា៖ ៣,៨% សហរដ្ឋអាមេរិក៖ ៣,៣% កម្ពុជា៖ ៣,៣% និងចុងក្រោយប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់ទី១០ ជាមួយនឹងភាគហ៊ុន ២,៧% នៃការសាកសួរព័ត៌មានទាំងអស់។

Juwai IQI ក៏បានលើកឡើងពីហេតុផលជាច្រើន ដែលថាសិង្ហបុរីគឺជាអ្នកទិញមួយ ក្នុងចំណោមអ្នកទិញអចលនទ្រព្យអន្តរជាតិ លំដាប់កំពូលរបស់ពិភពលោក ដែលសំខាន់បំផុតនោះ គឺចំណង់ចំណូលចិត្តវប្បធម៌សិង្ហបុរី សម្រាប់ការវិនិយោគអចលនទ្រព្យ និងដើមទុនដ៏សម្បូរបែប។

របាយការណ៍បានកត់សម្គាល់ថា មូលហេតុចំបងដែលវិនិយោគិនសិង្ហបុរី ទិញអចលនទ្រព្យលំនៅដ្ឋាននៅក្រៅប្រទេស ក្នុងទីតាំងនានា រួមទាំងប្រទេសអូស្ត្រាលី កម្ពុជា និងបណ្តាប្រទេសនានា ជុំវិញពិភពលោក គឺដើម្បីធ្វើពិពិធកម្មការវិនិយោគ របស់ពួកគេ ទាញយកអត្ថប្រយោជន៍ ពីការផ្លាស់ប្តូរប្រាក់ដុល្លារ ដ៏រឹងមាំរបស់សិង្ហបុរី ជៀសវាងការចំណាយលើ ប្រតិបត្តិការខ្ពស់នៅក្នុងប្រទេស ផ្តល់លំនៅដ្ឋានសម្រាប់កូនៗ របស់ពួកគេ ដែលកំពុងសិក្សានៅបរទេស ឬមានផ្ទះទីពីរសម្រាប់ ការចូលនិវត្តន៍ និងការសម្រាកលំហែរ។

គួរឲ្យដឹងដែរថា សិង្ហបុរីបានក្លាយជាអ្នកផ្តល់ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទីពីរ របស់កម្ពុជា ក្នុងឆ្នាំ២០២៣ នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយថ្មីៗនេះ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

រម្លឹកឲ្យដឹងដែរថា កម្ពុជាបានទាក់ទាញ ការវិនិយោគទ្រព្យសកម្មថេរចំនួន ៤,៩២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ២២% ពី ៤,០៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។