ការនាំចេញរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ មានតម្លៃជាង ២៦,២១លានដុល្លារ ហក់ខ្ពស់យ៉ាងគំហុក បើធៀបនឹងកាលពីឆ្នាំ២០២២ មានតម្លៃត្រឹម ១,២២លានដុល្លារ ប៉ុណ្ណោះ!


ភ្នំពេញ៖ បើយោងតាមទិន្នន័យបញ្ជាក់ដោយ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International នៅថ្ងៃទី២៧ មីនាកន្លងទៅបានឲ្យដឹងថា កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាបាននាំផលិតផលចេញទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំទឹកប្រាក់ ២៦,២១លានដុល្លារ កើនរហូតខ្ពស់លើសលបដល់ ២០៤៨% បើធៀបនឹងឆ្នាំ២០២២ មានទំហំទឹកប្រាក់ត្រឹមតែ ១,២២លានដុល្លារ ប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងដែរថា សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារដ៏ធំមួយ របស់ប្រទេសកម្ពុជា ក្នុងការនាំចេញនិងនាំចូល ផងដែរ។

ជាក់ស្តែង ក្នុងនោះដែរ សម្រាប់រយៈពេល២ខែដំបូង (មករា-កុម្ភៈ) ក្នុងឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារ ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំត្រឹមតែ ២,២១ លានដុល្លារ។

គូសសម្គាល់បន្ថែមថា ថ្មីៗនេះមានក្រុមហ៊ុនកូរ៉េចំនួន ១៣ក្រុមហ៊ុន បានមកជួបជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជាបន្ថែមទៀត។