ខេត្តស្ទឹងត្រែង នឹងទទួលបានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតកាន់តែទូលាយ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB)

កាលពីថ្ងៃទី ១៩ ខែធ្នូ ២០១៩ កន្លងទៅ នៅទីស្តីការក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំនូវពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន ២ ស្ដីពីការសិក្សាប្លង់លម្អិតនិងសាងសង់ប្រព័ន្ធផ្គង់ផ្គង់ទឹកស្អាតខេត្តស្ទឹងត្រែង និងកិច្ចសន្យាស្ដីពីការផ្តល់សេវាទឹកប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៌អាស៊ី (ADB) ក្រោយពីការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំង ២ តាំងពីឆ្នាំ ២០១៧ មក។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានថ្លែងឲ្យដឹងថា ខេត្តស្ទឺងត្រែងគឺជាខេត្តឆ្ងាយដាច់ស្រយាលជាងគេនៅភូមិភាគឦសាន្ដនៃប្រទេសកម្ពុជា ហើយប្រព័ន្ធទឹកស្អាតមានសភាពចាស់ទ្រុឌទ្រោមបែកធ្លុះធ្លាយ និងត្រូវការកែលម្អរឡើងវិញ ព្រោះការផលិតទឹកស្អាតនាពេលបច្ចុប្បន្ននេះ បានត្រឹមតែ ៤៣% ទូទាំងក្រុងស្ទឹងត្រែងប៉ុណ្ណោះ។ 

ដូចនេះ តាមគម្រោងដែលទទួលបានឥណទានសម្បទានពីធនាគារអភិវឌ្ឍន៌អាស៊ី (ADB) អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង នឹងអភិវឌ្ឍន៍នូវប្រព័ន្ធចែកចាយទឹកស្អាតដែលមានសមត្ថភាពផលិតសរុប ១៤,៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងប្រមាណ ៦ ដង នៃសមត្ថភាពផលិតពីមុន និងបណ្តាញចែកចាយសរុបប្រមាណ ៣១៦,៦ គីឡូម៉ែត្រ ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងទាំងមូល (១០០%) និងភូមិចំនួន ៩ ក្នុងឃុំចំនួន ៣ ក្នុងស្រុក ថាឡាបរីវ៉ាត់ និងស្រុកសេសាន សរុបប្រមាណ ១ ម៉ឺនគ្រួសារ។ ម្យ៉ាងទៀត វាក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការទាក់ទាញបាននូវការវិនិយោគថ្មីៗបន្ថែមទៀត ។

គូសបញ្ជាក់ផងដែរថា គម្រោងសិក្សាប្លង់លម្អិតនិងសាងសង់ប្រព័ន្ធផ្គង់ផ្គង់ទឹកស្អាតនេះ នឹងត្រូវចុះហត្ថលេខា ស្ថាបនាដោយក្រុមហ៊ុន Kimex & SPBH Joint Venture ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១។ ចំណែកឯការផ្ដល់សេវាទឹក ប្រឹក្សាបច្ចេកទេសចរសម្រាប់ទឹកស្អាត និងអនាម័យខេត្ត នឹងចុះហត្ថលេខា ជាមួយក្រុមហ៊ុន RENARDET SA និងក្រុមហ៊ុន SGAPI s.r.l ដើម្បីធានាជូននូវលទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ឆ្នាំ ២០២៥ ទឹកស្អាតនឹងទទួលបាន ១០០% សម្រាប់តំបន់ទីក្រុង និងទីប្រជុំជន។

 

ប្រភព៖ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម