ខេត្តប៉ៃលិន ស្វាគមន៍ក្រុមហ៊ុនវិយោគជប៉ុន និងថៃ ទៅលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍!

ថ្មីៗនេះ ក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន AKTIO Thailand Co., Ltd មកពីប្រទេសថៃ និងក្រុមហ៊ុន FIGIX Industry Co., Ltd មកពីប្រទេសជប៉ុន បានមកធ្វើការស្វែងយល់អំពីវិស័យ កសិកម្ម និងឧស្សាហកម្មកែច្នៃ ទេសចរណ៍ សម្រាប់ជាគំនិតក្នុងការរៀបចំគម្រោងវិនិយោគនៅក្នុងខេត្តប៉ៃលិន ទៅតាមតម្រូវការជាក់ស្ដែង។ ក្នុងដំណើរមកស្វែងយល់អំពីខេត្តប៉ៃលិនរបស់ក្រុមហ៊ុនទាំង ២ ខាងលើត្រូវបានដឹកនាំដោយ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពពាណិជ្ជកម្មខេត្តប៉ៃលិន និងបានទទួលអញ្ជើញយ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ដើម្បីជួបសំណេះសំណាល និងពិភាក្សាការងារ ដើម្បីឈានដល់ការរៀបចំគំនិតវិនិយោគជាផ្លែផ្ការ។

បើតាមការបង្ហាញរបស់មន្ទីពាណិជ្ជកម្មខេត្តប៉ៃលិន បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្ររបស់ខេត្ត គឺជាសក្ដានុពលដ៏ធំមួយ សម្រាប់ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ និង ទេសចរណ៍ ព្រោះខេត្តប៉ៃលិន មានព្រំដែនជាប់ប្រទេសថៃ និងមានច្រកទ្វារអន្តរជាតិមួយ ដែលអាចធ្វើឲ្យដំណើរការសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស និងផ្ដល់ភាពងាយស្រួលដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត ក៏ជាខេត្តដែលមានទិន្នផលកសិកម្មខ្ពស់ផងដែរ ដោយកសិផលមួយចំនួន បាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ដំឡូងមីស្ងួត, ដំឡូងមីស្រស់, ពោតក្រហម, ស្វាយកែវល្មៀត, មៀនប៉ៃលិន, និងម្ទេស ជាដើម។ 

លោក សុខ សុធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឲ្យដឹងថា ខេត្តបៃលិនមានផ្ទៃដីសរុបត្រឹមតែ ១,០៦២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ និងមានប្រជាជនសរុប ១៥,៨៧៨ គ្រួសារ ប៉ុន្តែខេត្តនេះសម្បូរទៅដោយដំណាំនិងចំការកសិឧស្សាហកម្ម ដែលមានទំហំសរុបប្រមាណ ៣៧,៥០០ ហិចតា បូករួមជាមួយតំបន់ទេសចរណ៍ ២ ប្រភេទផ្សេងទៀតគឺតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍បែបធម្មជាតិនិងកែច្នៃ ៧ កន្លែង ដែលចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ ដូចជា ទឹកធ្លាក់ភ្នំខៀវ, ស្ទឹងតារាប, ចំការខ្នុរ, ម្លប់សាវម៉ាវ, ស្ទឹងត្រជាក់ចិត្ត, ហ្លួងរតនៈសម្បត្តិ, និងអូរឈើក្រំ -ល-។ 

សក្ដានុពល នៃទីតាំងភូមិសាស្ត្ររបស់ខេត្តបៃលិន បានធ្វើឲ្យខេត្តនេះ សាកសមបំផុតសម្រាប់ក្រុមហ៊ុនទាំង ២ ខាងលើ ដែលមកស្វែងរកឱកាសវិនិយោគក្នុងតំបន់នេះ ជាពិសេសគឺការវិនិយោគទៅលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ និងទេសចរណ៍ជាដើម។ ដូចនេះមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងរដ្ឋបាលខេត្តបៃលិន ត្រៀមស្វាគមន៍សម្រាប់ការវិនិយោគទុននានា ហើយក៏បាននិងកំពុងព្យាយាមអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងវិស័យថាមពលឲ្យបានគ្រប់គ្រាន់ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិនបរទេស មកលើខេត្តមួយនេះផងដែរ។

 

ប្រភព៖ មន្ទីពាណិជ្ជកម្មខេត្តប៉ៃលិន