ប្រទេសចិនសន្យាជួយដោះស្រាយផលប៉ះពាល់នៃទំនប់វារីអគ្គិសនីទន្លេមេគង្គ!

ទន្លេមេគង្គ បានផ្ដល់សារៈសំខាន់យ៉ាងច្រើនទៅដល់ការរស់នៅរបស់ប្រជាជនជាច្រើនប្រទេស បន្ទាប់ពីបានហូរចុះមកតំបន់ខ្ពង់រាបទីបេ ប្រទេសចិន វាតែងផ្ដល់នូវទឹកនូវដីមានជីជាតិសម្រាប់កសិកម្ម ផ្គត់ផ្គង់ទឹកសាប និងផ្ដល់ឱកាសដល់ការសាងសង់ទំនប់វារីអគ្គិសនីផងដែរ។ គិតមកទល់ពេលនេះ ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើ ប្រទេសចិន ឬហៅថា Lancang River មានមិនតិចជាង ១១ កន្លែងនោះទេ ដោយការអភិវឌ្ឍន៍ច្រើនបែបនេះ ក៏បានបង្ហាញនូវផលប៉ះពាល់ដល់ធនធានទឹកសម្រាប់កសិកម្ម និងត្រីផងដែរ នៅបណ្ដាប្រទេសទន្លេរមេគង្គក្រោម ដូចជា ឡាវ ថៃ កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រទេសចិនសន្យាថា នឹងជួយដោះស្រាយផលប៉ះពាល់នៃសំណង់ទំនប់វារីអគ្គិសនីទាំងនោះ មិនឲ្យប៉ះពាល់ដល់បណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គឡើយ។ 

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិនបានសន្យាជួយដល់ការរៀបចំប្រព័ន្ធផ្លូវបង្ហូរទឹកឲ្យបានគ្រប់គ្រាន់តាមទន្លេមេគង្គ បើទោះជាមានការសាងសង់ទំនប់វារីអគ្គិសនីច្រើនក៏ដោយ ព្រោះការអូសបន្លាយរដូវប្រាំងមានរយៈពេលយូរបន្ដរទៀត ហើយក៏គិតគូរដល់ការប្រកបផលដំណាំតាមទន្លេមេគង្គក្រោមផងដែរ។ គូសបញ្ជាក់ផងដែរថា ទន្លេមេគង្គនៅតាមតំបន់មួយចំនួននៅប្រទេសថៃ និងឡាវ កាលពីចុងឆ្នាំ ២០១៩ កន្លងទៅមានការរីងស្ងួតខ្លាំង បរិមាណត្រី ហើយតាមតំបន់មួយចំនួនទៀតទឹកទន្លេបែរជាប្រែពណ៌ខៀវដូចទឹកសមុទ្រទៅវិញ ដែលភាពមិនប្រក្រតីទាំងអស់នោះ សុទ្ធសឹងកើតចេញពីសំណង់ទំនប់វារីអគ្គិសនីច្រើនកន្លែងតាមទន្លេមេគង្គនេះ។

នៅក្នុងកិច្ចប្រជុំ Lancang-Mekong Cooperation (LMC) លោក Wang Yi រដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋ និងកិច្ចសហប្រតិបត្តិការបរទេស បានឲ្យដឹងថា ប្រទេសចិនក៏កំពុងតែជួបនូវបញ្ហាគ្រោះរាំងស្ងួតដូចគ្នា ដោយសារតែកង្វះខាតទឹកភ្លៀងមិនគ្រប់គ្រាន់ ធ្វើឲ្យការផលិតអគ្គិសនីក៏មិនពេញតម្រូវការ ប៉ុន្តែប្រទេសចិននឹងព្យាយាមរៀបចំប្រព័ន្ធបង្ហូរទឹកពីទន្លេមេគង្គលើ (Lancang River) មកកាន់ទន្លេមេគង្គក្រោមឲ្យបានគ្រប់គ្រាន់ ដើម្បីធានានូវការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តភាព និងភាតរភាព ចំពោះប្រទេសដែលស្ថិតនៅក្នុងអនុតំបន់ទន្លេមេគង្គទាំងអស់។

ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ប្រទេសឡាវ បានសម្ពោធនូវទំនប់វារីអគ្គិសនីថ្មីៗចំនួន ២ កន្លែង ដូចជានៅ Luang Prabang និងនៅ Don Sahong ជាប់ព្រំដែនខេត្តស្ទឹងត្រែង។ ហើយបើតាមការស្រាវជ្រាវរបស់ Mekong River Commission បានបញ្ហាញថា ការសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើនឡើង វាធ្វើឲ្យគុណទឹកសម្រាប់កសិកម្ម និងបរិមាណត្រីធ្លាក់ជាលំដាប់ សូម្បីតែអង្គការស្បៀងអាហារពិភពលោកក៏បានបង្ហាញដែរថា សំណង់ទំនប់វារីអគ្គិសនីច្រើននៅតាមដងទន្លេមេគង្គ អាចនឹងប៉ះពាល់ដល់សុខភាពប្រជាជនជាង ៦០ លាននាក់ដែលរស់នៅតំបន់ទន្លេមេគង្គទាំងនោះ។ លើសពីនេះទៀត ការព្យាករណ៍គេអាចនឹងឃើញតំបន់ទន្លេមេគង្គ នៅពេលអនាគតអាចពឹងផ្អែកលើឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍វិញ ជាជាងពឹងផ្អែកលើកសិកម្ម និងនេសាទ។