ទីតាំងអភិវឌ្ឍដំបូលបៃតងដោយក្រុមហ៊ុនស្ថាបត្យកម្ម MVRDV នឹងជួយអ្នកក្នុងតំបន់ ឲ្យរួចផុតពីភាពអ៊ូអរនៃទីក្រុង

ជាមួយនឹងប្រព័ន្ធអភិវឌ្ឍចម្រុះនៃបរិវេណទីធ្លាទំនេររបស់ទីក្រុង Shenzhen ប្រទេសចិន ក្រុមហ៊ុនដ៏មានឥទ្ធិពល MVRDV មានប្រភពមកពីហូឡង់ មានគោលបំណងផ្តល់ជូន អ្នករស់នៅលើអគារអភិវឌ្ឍមួយនេះ នូវភាពស្ងប់ស្ងាត់បែបធម្មជាតិ អាចរួចផុតពីភាពអ៊ូអរនៃជីវិតក្នុងទីក្រុង ដែលមានអគារទំនើបខ្ពស់កប់ពពកជាច្រើន នៅក្នុងទីក្រុងដ៏ធំរបស់ចិនមួយនេះ។ គម្រោងនេះ ក៏រួមបញ្ចូលនូវការរចនាប្រកបដោយនិរន្តភាព អាចប្រើប្រាស់ប្រភពធនធានកើតឡើងវិញ មានទាំងថាមពលពន្លឺព្រះអាទិត្យស្រូបដោយបន្ទះសូឡា និងប្រព័ន្ធប្រមូលទឹកភ្លៀងស្តុកទុកទៀងផង។

ទោះបីជាយើងមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា វាត្រូវបានគេរំពឹងថានឹងត្រូវសាងសង់នៅពេលណាក៏ដោយ អគារអភិវឌ្ឍ Shenzhen Terraces (ដែលត្រូវបានគេស្គាល់ថាជា មជ្ឈមណ្ឌលអន្តរជាតិ Shimao ShenKong) ត្រូវបានជ្រើសរើសជាគម្រោងដែលឈ្នះ ការប្រកួតប្រជែងស្ថាបត្យកម្មដែលរៀបចំឡើងដោយ Shimao Group។

អាចសន្មតថាអ្វីៗទាំងអស់ ត្រូវបានដើរតាមផែនការដែលបានរៀបចំទុកមុនបាន ដោយ Shenzhen Terraces នឹងបម្រើជាស្នូលនៃសាកលវិទ្យាល័យថ្មីក្នុងតំបន់ ដែលមានអគារជាង 20 នៅក្នុងនោះ។ អគារទាំងនេះ នឹងមានបណ្ណាល័យ ទីតាំងពិពរណ៌ មជ្ឈមណ្ឌលសន្និសីទ កន្លែងពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន និងកន្លែងជាច្រើនផ្សេងទៀត។ អគារសំខាន់របស់វា នឹងផ្តោតជុំវិញទីធ្លាធំទូលាយមួយ ហើយវាក៏នឹងមានទេសភាពដ៏សំខាន់ផងដែរ ដោយអ្នករចនាទេសភាព Openfabric រួមទាំងតំបន់ម្លប់ (shade area), ផ្លាហ្សា, អាងហែលទឹក និងតំបន់ផលិតកម្មអាហារ បូករួមនឹងទីតាំងនៃស្មៅបៃតងស្រស់ស្អាតធំៗ នៅលើដំបូលទៀតផង។

MVRDV បាននិយាយថា “គំនិតចំបងនៃអគារអភិវឌ្ឍ Shenzhen Terraces គឺការបញ្ចូលគ្នានូវទេសភាពដែលមានស្រាប់ ជាមួយនឹងការអភិវឌ្ឍថ្មី ដោយប្រើទីទួលរាបសម្រាប់អគារផ្សេងៗគ្នា។ ជួរផ្ដេក នៃផ្ទៃរាបស្មើផ្ទុយគ្នា នឹងបន្ទាត់បញ្ឈរ នៃបង្គោលខ្ពស់ព័ទ្ធជុំវិញ ដើម្បីនាំមកនូវអារម្មណ៍ស្ងប់ស្ងាត់ តាមរយៈទម្រង់កោងទាំងនោះ។ ផ្ទៃរាបស្មើត្រូវបានសម្រួលដើម្បី បម្រើមុខងារផ្សេងៗគ្នា: របាំងរាំងធំៗ ការពារអ្នកចូលទស្សនាពីកម្តៅព្រះអាទិត្យ ខណៈពេលដែលវាក៏ផ្តល់កន្លែងអង្គុយ និងអារម្មណ៍ស្រស់ថ្លាជាមួយនឹងទេសភាពនៅជុំវិញនេះ។ ផ្ទៃរាបស្មើដែលមានម្លប់ទាំងនេះ បង្កើតជាកន្លែងសម្រាប់រុក្ខជាតិ និងបាសាំងស្តុកទឹក ដែលធ្វើឱ្យត្រជាក់ដល់បរិវេណវ៉េរង់ដា និងសម្រួលដល់បរិយាកាសនៅផ្នែកខាងក្នុងផងដែរ។”

អគារធំជាងគេ ដែលមានចំណតឡានក្រុង មជ្ឈមណ្ឌលសន្និសិទ និងមជ្ឈមណ្ឌលសហគ្រិនភាព នៅភាគខាងកើតនៃទីតាំងនេះ ត្រូវបានឆ្លាក់នៅកណ្តាលដើម្បីបង្កើតជាទម្រង់ open-air artrium។ ទីបំផុតធាតុផ្សំនៃស្ពានភ្ជាប់ ត្រូវបានដាក់បញ្ចូលរវាងអគារផ្សេងៗ ដោយប្រែក្លាយជាន់ទី 2 ទៅជាផ្លូវបន្តហើយភ្ជាប់វាជាមួយនឹង ផ្នែកនៃការអភិវឌ្ឍផ្សេងៗដែលស្ថិតនៅជុំវិញ។

អគារទាំងនេះនឹងត្រូវបានសាងសង់ដោយ ប្រើបេតុងកែច្នៃ ហើយផ្នែកដំបូល របស់ពួកគេ នឹងរៀបចំដាក់បន្ទះសូឡាដ៏ធំ ដែលនឹងត្រូវប្រើសម្រាប់ផលិតអគ្គិសនីសម្រាប់កន្លែងនោះ។ 

លើសពីនេះទៀត ទឹកភ្លៀងនឹងត្រូវបានប្រមូល និងរក្សាទុកសម្រាប់ការប្រើប្រាស់ផ្សេងៗ ខណៈដែលប្លង់នៃការធ្វើដំណើរជុំវិញនេះ  នឹងជំរុញដោយការដើរ និងជិះកង់ ដើម្បីកាត់បន្ថយចំហេះឧស្ម័នពុលនៅទីនេះ។