ច្រកព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ខេត្តស្វាយរៀង នឹងជួយសម្រួលចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ បានយ៉ាងមានប្រសិទ្ធភាព!

នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ និងពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម។ 

ដំណើរបេសកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាបញ្ហា និងស្វែងរកដំណោះស្រាយព្រមទាំងសិក្សាអំពីលទ្ធភាពបើកដំណើរការច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ត្រង់ចំណុចព្រៃវល្លិ៍ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគវៀតណាម។ 

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែរៀបចំនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ច វិស័យភស្ដុភារកម្ម និងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដែលរួមមាន៖

១. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ 

២. ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

៣. ផ្លូវដែកតភ្ជាប់កម្ពុជា-វៀតណាម (ហូជីមិញ)

៤. ស្ពានស្ទឹងត្រង់-ក្រូចឆ្មា ស្ពានខេត្តក្រចេះ

៥. កំពង់ផែពហុបំណង ខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្ដុភារកម្មកម្ពុជា ឲ្យទៅជាមជ្ឈមណ្ឌលភស្ដុភារកម្ម និងជាឃ្លាំងស្ដុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតនៅភូមិសាស្ត្រដ៏អំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញវៀតណាម-កម្ពុជា-ថៃ។ 

គួរកត់សម្គាល់ថា ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍នេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ បង្កើនការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិទាំងពីរផងដែរ។

 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន