ទីក្រុងទាំង ១០ ដែលមាន GDP ខ្ពស់បំផុត ជុំវិញពិភពលោក!

តើអ្វីទៅធ្វើឲ្យយើងកំណត់បានថា ទីក្រុងមួយជាទីក្រុងអ្នកមាន និងរីកចម្រើន? សំដៅទៅលើទីក្រុងមានអគារខ្ពស់ច្រើន? សំដៅទៅលើជីវភាពល្អប្រសើរនៃប្រជាជន? ឬចង់សំដៅទៅលើវប្បធម៌រុងរឿង? តាមពិតទៅ ប្រសិនបើយើងស្វែងយល់ពាក្យថាទីក្រុងអ្នកមាន នោះយើងនឹងថាគេយកអ្វីមកកំណត់ជាក់ជាមិនខាន គឺគេយក GDP មកប្រៀបធៀប។ GDP (Gross Domestic Product) ឬយើងហៅថា ផលិតផលក្នុងស្រុកសរុប គឺជាទីផ្សារតម្លៃ នៃផលិតផល និងសេវាកម្មចុងក្រោយដែលក្នុងប្រទេសមួយ ឬទីក្រុងមួយមាន ដូចនេះប្រសិនបើប្រទេសមួយមាន GDP ខ្ពស់ មានន័យថាប្រទេសនោះ មានផលិតផលក្នុងស្រុកច្រើន និងសេវាកម្មច្រើនសម្បូរបែប អញ្ចឹងហើយ ទើបគេហៅថាជាប្រទេសអ្នកមាន ឬប្រទេសដែលមានការផលិតច្រើន និងសេវាកម្មច្រើន។ ដោយឡែកចំពោះការកំណត់ ជីវភាពរបស់ប្រជាជន គឺគេត្រូវមើលទៅលើ GDP Per Capita វិញ គេហៅថា Purchasing Power Parity (PPP) ដែលបង្ហាញអំពីកម្រិតជីវភាព ឬសេដ្ឋកិច្ចប្រជាជនមួយ មានលទ្ធភាពក្នុងទិញផលិតផល ឬសេវាកម្មទាំងអស់។ អញ្ចឹងនៅពេលដែល GDP Per Capita ខ្ពស់ មានន័យថា ប្រជាជននៅប្រទេស ឬទីក្រុងនោះ សុទ្ធសឹងតែមានជីវភាពធូធារហើយ។

អញ្ចឹងថ្ងៃនេះ យើងនឹងមកស្គាល់ទីក្រុងទាំង ១០ ជុំវិញពិភពលោក ដែលមានកម្រិត GDP ខ្ពស់ជាងគេ ឬហៅថាមានផលិតផលក្នុងស្រុក និងសេវាកម្មច្រើនបំផុត សម្រាប់ការរស់នៅរបស់ប្រជាជន ឬនិយាយឲ្យខ្លីថាជាទីក្រុងអ្នកមានជាងគេតែម្ដង នាពេលបច្ចុប្បន្ននេះ។

១. ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូជាទីក្រុងដ៏អស្ចារ្យមួយ ដែលបានវិវត្តខ្លួនយ៉ាងខ្លាំងតាំងពីដើមទសវត្សទី ២០។ ប្រទេសជប៉ុន ឬអាចហៅថាមហាអំណាចនៅអាស៊ីបាន ព្រោះជនជាតិជប៉ុនបានដើរគ្រប់គ្រង ឬដាក់អាណានិគម មានឥទ្ធិពលខ្លាំងមកដល់អាស៊ីអាគ្នេយ៍យើងផង ប៉ុន្តែក៏ត្រូវជួបជាមួយគ្រោះធម្មជាតិញឹកញាប់ដែរ ដូចជាកាលពីឆ្នាំ ១៩២៣ ទទួលគ្រោះរញ្ជួយយ៉ាងធ្ងន់ធ្ងរ ហើយនៅក្រោយពីសង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៤៥ ជាបេក្ខភាពអ្នកចាញ់សង្គ្រាម ត្រូវខាតបង់ទឹកប្រាក់សំណងរាប់ពាន់លានដុល្លារ ប៉ុន្តែទីក្រុងតូក្យូក៏ត្រូវបានសាងសង់ឡើងវិញ និងរីកចម្រើនមកដល់សព្វថ្ងៃនេះ។ តូក្យូ ជាទីក្រុងឈានមុខទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា អេឡិចត្រូនិច និងទូរគមនាគមន៍។ ចំពោះទីក្រុងតូក្យូមានផ្ទៃក្រឡាទំហំ ២,១៨៧ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនខ្ទង់ ១៣ លាននាក់ និងមានកម្រិត GDP ខ្ពស់បំផុតដល់ ២,១៨៧.៦ ពាន់លានដុល្លារ។

២. ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច

ញ៉ូវយ៉ក គេដាក់រហ័សនាមថា The Big Apple ជាទីក្រុងល្អបំផុត នៅសហរដ្ឋអាមេរិច ដែលមានមនុស្សរស់នៅចម្រុះជាតិសាសន៍។ ទីក្រុងញ៉ូវយ៉កមានផ្ទៃក្រឡាទំហំ ១,២១៣ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនខ្ទង់ ៨.២ លាននាក់ និងមានកម្រិត GDP ខ្ពស់លំដាប់លេខ ២ គឺ ១,២១០ ពាន់លានដុល្លារ។

៣. ទីក្រុង Los Angeles សហរដ្ឋអាមេរិច

Los Angeles ជាទីក្រុងដ៏ល្បីល្បាញមួយនៅក្នុងរដ្ឋកាលីហ្វញ៉ា ដែលទីតាំងនៃឧស្សាហកម្មខ្សែភាពយន្ដ Hollywood ដែលទាញចំណូលជាច្រើនជុំវិញពិភពលោក ហើយក៏ត្រូវគេដាក់ឈ្មោះថា City of Angels ផងដែរ។ ទីក្រុង Los Angeles មានផ្ទៃដីទំហំ ១,៣០២ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនខ្ទង់ ៣.៨ លាននាក់ និងមានកម្រិត GDP សរុប ៧៨៩.៧ ពាន់លានដុល្លារ។

៤. ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង មិនទន់ខ្សោយឡើយ ថ្វីត្បិតតែធ្លាប់ជាប្រទេសក្រីក្រ និងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមកំឡុងឆ្នាំ ១៩៥០-១៩៥៥ ក៏ដោយ ប៉ុន្តែត្រឹមតែរយៈពេលជាង ៥០ ឆ្នាំប៉ុណ្ណោះ ប្រទេសកូរ៉េខាងត្បូង បានឡើងមកដល់ចំណុចខ្ពស់មួយ ជានាគសេដ្ឋកិច្ចនៅអាស៊ីយើង ហើយមានរដ្ឋធានីនៅទីក្រុងសេអ៊ូល។ សេដ្ឋកិច្ចទីក្រុងសេអ៊ូល រំពឹងផ្អែកទៅលើពាណិជ្ជកម្មធំៗដូចជា អេឡិចត្រូនិច វាយនភណ្ឌ ផលិតកម្មដែកថែប និងលោហៈជាច្រើនទៀត។ ទីក្រុងសេអ៊ូលមានផ្ទៃក្រឡាទំហំ ៦០៥ គីឡូម៉ែត្រការ៉េ ប្រជាជនប្រមាណ ១០ លាននាក់ និងមានកម្រិត GDP សរុប ៧៧៩.៣ ពាន់លានដុល្លារ។

៥. ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសមានអរិយធម៌រុងរឿង រាប់ពាន់ឆ្នាំមកហើយ និងជាទីតាំងនៃការចាប់ផ្ដើមអាណាចក្ររ៉ូម ផងដែរ។ អញ្ចឹងហើយបានជា ទីក្រុងឡុងដ៏ បានក្លាយទៅជាទិសដៅទេសចរណ៍ដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុប ទាំងទេសចរណ៍ផ្នែកវប្បធម៌ ផ្នែកប្រវត្តិសាស្ត្រ និងសាសនា ចំណែកស្ថាបត្យកម្មសំណង់ ដែលតំណាងឲ្យទីក្រុងឡុងដ៏មានដូចជា រាជវាំង Buckingham, ស្ពាន Tower Bridge, និងអគារនាឡិការ Big Ben ជាដើម។ ទីក្រុងឡុងដ៏ មានផ្ទៃក្រឡាទំហំ ១,៥៧០ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៨.២ លាននាក់ និងមានកម្រិត GDP សរុប ៧៣១.២ ពាន់លានដុល្លារ ដោយមានភាពរីកចម្រើនទៅលើ ពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារ។។

៦. ទីក្រុងបារីស ប្រទេសបារាំង

ទីក្រុងបារីស ក៏មានអរិយធម៌ចំណាស់រាប់ពាន់ឆ្នាំមកហើយដែរ ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងបារាំងរីកចម្រើនខ្លាំងបំផុតទៅលើវិស័យផ្នែកឌីស្សាញ និងរចនាម៉ូត និងត្រូវគេប្រសិទ្ធហៅថា Fashion Capital អញ្ចឹងហើយបានជា អ្នកដែលបញ្ចប់ការសិក្សាផ្នែកឌីស្សាញ និងរចនាម៉ូតនៅទីក្រុងបារីស ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ទីក្រុងបារីស មានផ្ទៃក្រឡាទំហំ ១០៥.៤ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១០.៤ លាននាក់ ហើយមានកម្រិត GDP សរុប ៦៦៩.២ ពាន់លានដុល្លារ។

៧. ទីក្រុងអូសាកា ប្រទេសជប៉ុន

ទីក្រុង Osaka ជាទីក្រុងមានប្រវត្តិចំណាស់បំផុតនៅប្រទេសជប៉ុន ដែលចាប់ផ្ដើមតាំងពីសតវត្សទី ៦ មុនគ្រឹសករាជ ហើយវាចាប់ផ្ដើមរីកចម្រើនខ្លាំងនៅក្នុងកំឡុងឆ្នាំ ១៦០៣ ទៅ ១៨៦៧។ បច្ចុប្បន្នទីក្រុង Osaka មានផ្ទៃក្រឡាត្រឹមតែ ២២៣ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលជាទីក្រុងទំនើប ប៉ុន្តែផ្ទៃក្រឡាសរុបរបស់វាគឺ ៥៥២.២៦ គីឡូម៉ែត្រការ៉េ ជាតំបន់ដែលអភិរក្សនូវកសិកម្ម និងវប្បធម៌។ ទិសដៅទេសចរណ៍ធំៗរបស់ទីក្រុង Osaka គឺមាន ប្រាសាទ Osaka Castle និង Universal Studio ដំបូងគេនៅអាស៊ី។ ចំណែកវិស័យឧស្សាហកម្មធំៗ មានដូចជាផលិតកម្មដែក វាយនភណ្ឌ និងផលិតកម្មផ្លាស្ទិកជាដើម។ ទីក្រុង Osaka មានចំនួនប្រជាជនសរុប ១.៥ លាននាក់ប៉ុណ្ណោះ និងកម្រិត GDP សរុប ៦៥៤.៨ ពាន់លានដុល្លារ។

៨. ទីក្រុង Chicago សហរដ្ឋអាមេរិច

ទីក្រុង Chicago ត្រូវគេស្គាល់ថា ជាតំបន់នៃជំនួញផលិតកម្មធំនៅសហរដ្ឋអាមេរិច នឹងជាបណ្ដុំនៃការផ្សព្វផ្សាយពត៌មានទៅកាន់ពិភពលោកផងដែរ។ ទីក្រុង Chicago មានផ្ទៃក្រឡាទំហំ ៦០៦ គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជន ២.៧ លាននាក់ នឹងកម្រិត GDP សរុប ៥២៤ ពាន់លានដុល្លារ។

៩. ទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី

ទីក្រុង Moscow ពីមុនជាតំបន់ដ៏សំខាន់មួយ កាលពីរុស្ស៊ីនៅជាមហាអំណាច (សហភាពសូវៀត) ប៉ុន្តែបច្ចុប្បន្នទីក្រុង Moscow ក៏នៅតែជាទីក្រុងកម្រិតខ្ពស់មួយ ដោយពឹកផ្អែកភាគច្រើនទៅលើផលិតផលចំណីអាហារ, ផលិតកម្មដែក, ធនធានរ៉ែ, និងសារធាតុគីមី ដូចជាឱសថ ជាដើម។ ទីក្រុង Moscow មានផ្ទៃក្រឡាទំហំ ២,៥១០ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជន ១១.៥ លាននាក់ និងកម្រិត GDP សរុប ៥២០.១ ពាន់លានដុល្លារ។

១០. ទីក្រុងសៀងហៃ ប្រទេសចិន

ក្នុងចំណោមទីក្រុងទាំង ១០ ខាងលើនេះ ទីក្រុងសៀងហៃជាទីក្រុងដែលធំជាងគេបំផុត និងមានចំនួនប្រជាជនច្រើនបំផុត។ សៀងហៃមានផ្ទៃក្រឡាទំហំ ៦,៣៤០ គីឡូម៉ែត្រការ៉េ និងប្រជាជនសរុប ២៣ លាននាក់ ហើយសៀងហៃជាទីក្រុងដែលស្ថិតនៅតំបន់ពាណិជ្ជកម្មពិសេស ក្នុងអាស៊ីបាស៊ីហ្វិច ដូចនេះវិស័យទេសចរណ៍រីកចម្រើនខ្លាំងបំផុត បន្ទាប់មកគឺវិស័យអចលនទ្រព្យវិនិយោគក្រុមហ៊ុន និងផលិតកម្មចម្រុះបន្ថែមទៀត។ ចំពោះកម្រិត GDP នៅទីក្រុងសៀងហៃគឺ ៥១៦.៥ ពាន់លានដុល្លារ។