ទីក្រុងវៃឆ្លាតបំផុតនៅអាស៊ី នៅតំបន់ណាខ្លះ?

ទីក្រុងវៃឆ្លាត ជាដំណាក់កាលចុងក្រោយបង្អស់នៃការធ្វើនគរូបនីយកម្មសំណង់ទីក្រុង ហើយក៏ជាប្រធានបទដ៏កំពុងពេញនិយមខ្លាំងផងដែរ សម្រាប់ប្រទេសជឿនលឿនជុំវិញពិភពលោក ដោយសារនៅតំបន់អាស៊ីបាស៊ីហ្វិច អឺរ៉ុប និងអាមេរិច កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងទីក្រុងរបស់គេ ដើម្បីឲ្យការរស់នៅ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគបានប្រសើរឡើង ជាមួយប្រសិទ្ធភាពខ្ពស់ជាងមុន។ ហើយប្រធានបទដែលទាក់ទងជាមួយទីក្រុងវៃឆ្លាត មានដូចជាការអភិវឌ្ឍន៍ទីក្រុងបៃតង និងទីក្រុងច្នៃប្រឌិត ជាដើម។

ដូចម្តេចទើបគេហៅជាទីក្រុងវៃឆ្លាត?

មិត្តអ្នកអានដែលនិយមតាមដានព័ត៌មាននៅលើគេហទំព័រ Cambodia Property Report ប្រហែលជាបានស្វែងយល់រួចមកហើយអំពីទីក្រុងវៃឆ្លាត តាមរយៈការចុះផ្សាយក្នុងអត្ថបទកន្លងទៅ ប៉ុន្តែប្រសិនបើមិនទាន់នោះទេ យើងខ្ញុំសូមសង្ខេបខ្លីៗបន្ដិចទៅចុះ។ ពាក្យថា «ទីក្រុងវៃឆ្លាត» សំដៅទៅលើតំបន់មួយដែលអភិវឌ្ឍន៍ខ្លាំង ដោយដំណាក់កាលទី ១ គេត្រូវរង្វាយតម្លៃទៅលើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់មួយ ក្នុងការរៀបចំនូវមធ្យោបាយធ្វើដំណើរដឹកជញ្ជូន លំនៅដ្ឋាន សាលារៀន ប្រព័ន្ធភ្លើង ប្រព័ន្ធធារាសាស្ត្រឲ្យបានស្អាតគ្រប់ជ្រុងជ្រោយជាមុនសិន។ ដំណាក់កាលទី ២ គឺជាដំណាក់កាលសំខាន់បំផុត គឺការអភិវឌ្ឍន៍បណ្ដាញទូរគមនាគមន៍ ព្រោះទីក្រុងវៃឆ្លាតត្រូវពឹកផ្អែកខ្លាំងលើ ទំនាក់ទំនងនិងព័ត៌មានវិទ្យា (ICT) អញ្ចឹងហើយបានជា IoT (Internet of Things) ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងបណ្ដាញ ភ្ជាប់ទំនាក់ទំនង និងទិន្នន័យ។ ឧទាហរណ៍ អ្នកអាចគ្រប់គ្រង់ប្រព័ន្ធអគ្គិសនីក្នុងផ្ទះដោយបញ្ជាតាមទូរសព្ទដៃ, ប៉ូលីសចរាចរណ៍អាចគ្រប់គ្រង់ចរាចរណ៍នៅតាមដងផ្លូវបានដោយមើលតាមកាមេរ៉ាសុវត្ថិភាព, នៅប្រទេសចិន គេអាចស្កេនមុខមនុស្សដើម្បីមើលព័ត៌មានលំអិតនិងអត្តសញ្ញាតិប័ណ្ណ, នៅកម្ពុជាអាចស្កេន QR Code លើស្លាកលេខរថយន្ដ ដើម្បីមើលព័ត៌មានលំអិត បញ្ជៀសបទល្មើសផ្សេងៗ។ ដោយការគ្រប់គ្រងទិន្នន័យច្បាស់លាស់ ងាយស្រួល និងរហ័សបែបនេះហើយ សុទ្ធសឹងជាផ្នែកនៃទីក្រុងវៃឆ្លាត បម្រើដោយបច្ចេកវិទ្យា ICT។ ដំណាក់កាលទី ៣ ទើបគេចាប់ផ្ដើមគិតគូរដល់ស្ថេរភាពនៃការអភិវឌ្ឍន៍ ដោយយកចិត្តទុកដាក់ទៅលើការកែច្នៃកាកសំណល់, ព្យាយាមប្រើប្រាស់ថាមពលបៃតង (Renewable Engery) ក្នុងការកាត់បន្ថយធនធានធម្មជាតិ, បញ្ហាបម្រែបម្រួលអាកាសធាតុ (Climate Change), និងព្យាយាមអភិវឌ្ឍន៍តំបន់បៃតង (Green City) ឲ្យបានច្រើន ជាដើម។

អញ្ចឹងបន្ទាប់ពីបានស្វែងយល់អំពី «ទីក្រុងវៃឆ្លាត» រួចហើយ មិត្តអ្នកអានប្រហែលជាចង់ដឹងណាស់ថាតើទីក្រុងមួយណានៅអាស៊ីយើង ជាទីក្រុងវៃឆ្លាតបំផុត សម្រាប់ឲ្យយើងអាចយកជាគម្រូតាម?

ទីក្រុងតូក្យូ និងសិង្ហបុរី ជាទីក្រុងដែលល្អបំផុតនៅអាស៊ីសម្រាប់កម្ពុជាអាចរៀនសូត្រតាម។ ជាក់ស្ដែងទីក្រុងទាំង ២ ត្រូវបានជាប់ទីជាទីក្រុងវៃឆ្លាតបំផុតនៅអាស៊ី រីឯលំដាប់ពិភពលោកវិញ ទីក្រុងតូក្យូទទួលបានលំដាប់លេខ ៦ និងសិង្ហបុរី ទទួលបានលំដាប់លេខ ៧ ចំណែកទីក្រុងវៃឆ្លាតលំដាប់លេខ ១ បានទៅលើទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ដោយបានទំលាក់ទីក្រុងញ៉ូវយ៉ក (The Big Apple) មកលេខ ២ វិញ សម្រាប់ឆ្នាំ ២០១៩ នេះ។

ដោយឡែក ក្រៅពីទីក្រុងតូក្យូ និងសិង្ហបុរី នៅតំបន់អាស៊ីយើង ក៏មានទីក្រុងវៃឆ្លាតជាច្រើនទៀតផងដែរ ស្ថិតនៅតារាងកំពូលៗ ក្នុងនោះទីក្រុងហុងកុងស្ថិតនៅលំដាប់លេខ ១១ (ធ្លាក់ពីលេខ ៨ កាលពីឆ្នាំមុន), ទីក្រុងសេអ៊ូលស្ថិតនៅលំដាប់ទី ១២, ទីក្រុងស៊ីដនីលំដាប់លេខ ១៩, និងទីក្រុងតៃប៉ិ ស្ថិតនៅលំដាប់លេខ ៣០។ 

តូក្យូ ជាទីក្រុងល្អបំផុតនៅអាស៊ីយើង ដោយសារភាពរឹងមាំស្ទើរគ្រប់វិស័យ ក្នុងនោះតូក្យូជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់បំផុតលំដាប់លេខ ៣ លំដាប់ពិភពលោក, បច្ចេកវិទ្យាទំនើបលំដាប់លេខ ១ នៅអាស៊ី, ជាទីក្រុងបរិស្ថានស្អាតលំដាប់លេខ ៦ ទូទាំងពិភពលោក, និងជាទីក្រុងដែលមានធនធានមនុស្សល្អបំផុតលំដាប់លេខ ៩ នៅលើលោក។

ចំណែកសិង្ហបុរីវិញ ជាទីក្រុងស្អាតក្នុងតារាងទីក្រុងទាំង ១០ សម្បូរទៅដោយបរិស្ថានបៃតង អភិវឌ្ឍន៍ដោយស្ថេរភាពជាមួយថាមពល Renewable Energy និងជាទីក្រុងទទួលការវិនិយោគបច្ចេកវិទ្យាធំបំផុត នៅពីមុខទីក្រុងហុងកុង និងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ទាំងអស់នេះហើយ ដែលធ្វើឲ្យទីក្រុងទាំងនេះ បានជាប់ជាទីក្រុងវៃឆ្លាតបំផុតនៅលើពិភពលោក ដូចនេះហើយអចលទ្រព្យនៅតំបន់ទាំងនោះ មិនមែនទាបឡើយ ការបំពេញការងារ និងការរស់នៅរបស់គេក៏ជឿនលឿនទំនើបផងដែរ។ អញ្ចឹងហើយបានជាប្រសិទ្ធភាពការងារជំនួញ ឬពាណិជ្ជកម្មរបស់គេ មានភាពងាយស្រួល ការរស់នៅប្រកបដោយបរិស្ថានស្អាត មានសុវត្ថិភាព និងអាចយកចិត្តទុកដាក់ច្រើនទៅលើធនធានធម្មជាតិដោយប្រើប្រាស់ថាមពលតិចជាដើម។