កាកសំណល់ គឺជាបញ្ហាសំខាន់មួយ ដែលត្រូវមានវិធានការដោះស្រាយ ដូចជាកំទិច ដុត ឬកប់ចោល ដើម្បីបញ្ជាសឲ្យបាននូវបញ្ហាបរិស្ថាន និងខ្យល់កខ្វក់ជាដើម ទើបបានជាដូច្នេះហើយ ប្រទេសធំៗ ដែលមានចរន្តសេដ្ឋកិច្ចខ្ពស់ និងមានកម្រិតដង់ស៊ីតេប្រជាជនច្រើនលើសលុប គឺមានប្រព័ន្ធគ្រប់គ្រងកាកសំណល់នេះបានល្អ តែបើមើលទៅឥណ្ឌាឯណោះវិញឃើញថា កាកសំណល់សំរាមដ៏ច្រើនបានក្លាយខ្លួនទៅជាភ្នំតូចមួយ និងបានកំពុងរីកមាឌធំឡើងៗបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
កន្លែងចាក់សំរាម ដែលជាកូនភ្នំតូចមួយនៅក្នុងទីក្រុងញូវដេលី (New Delhi) បានប្រមូលផ្ដុំទៅដោយសំរាម និងកាកសំណល់យ៉ាងច្រើនប្រភេទ ដែលពុំមានដំណោះស្រាយណាល្អមួយ ត្រូវបានចាត់វិធានការទប់ស្កាត់ ឬកំទិចចោលនៅឡើយ។ កូនភ្នំសំរាមមួយនោះមានឈ្មោះហៅថា Ghazipur Landfill ស្ថិតនៅទិសខាងកើតរបស់ទីក្រុង ដែលជាតំបន់កខ្វក់ខ្លាំងជាងគេបំផុត សំបូរទៅដោយសត្វឆ្កែ សត្វគោ កណ្ដុរ ឆ្មា និងជាច្រើនផ្សេងៗទៀតវង្វេងតាមផ្លូវ ហើយអ្នករស់នៅក្បែនោះគឺជក់បារីឥតឈប់ឈរ ធ្វើឲ្យការរាលដាលនៃក្លិនស្អុយ សាយភាយនៅតំបន់ក្បែៗនោះ ដែលពិបាកនឹងអាចទ្រាំបាន។
កូនភ្នំសំរាមមួយនោះមានកម្ពស់សរុប ៦៥ ម៉ែត្រហើយ ហើយអត្រាកំពស់មួយនេះ បាននឹងកំពុងកើនឡើងឥតដាច់ ដោយមួយឆ្នាំវាឡើងកម្ពស់ ១០ ម៉ែត្រ ដោយឆ្នាំ ២០២០ ខាងមុខនេះ វានឹងមានកំពស់សរុបប្រមាណជា ៧៣ ម៉ែត្រយ៉ាងតិច។ វាលសំរាម Ghazipur មួយនេះ បានបើកឲ្យដំណើរការចាប់តាំងពីឆ្នាំ ១៩៨៤ មកម្លេះ តែមកដល់ឆ្នាំ ២០០២ វាអស់លិទ្ធភាពក្នុងការទុកដាក់កកសំណល់បន្ថែមទៀត តែដោយសារតែគ្មានទីតាំងផ្សេង រដ្ឋាភិបាលឥណ្ឌាបានបន្តបញ្ជូនសំរាម និងកាកសំណល់នានាទៅទីនោះឥតដាច់ ហើយក៏មានអ្នករស់នៅក្បែនោះបានប្រាប់ថា មួយថ្ងៃៗកាកសំណល់ជាង ២០០០ តោន ត្រូវបានយកទៅចាក់នៅវាលសំរាមនោះធ្វើឲ្យវាកើនឡើង ដែលជាទុក្ខកង្វល់ខ្លាំងរបស់ពលរដ្ឋ។
លោក Shambhavi Shukla អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឍមណ្ឌលវិទ្យាសាស្ត្រ និងបរិស្ថាននៅទីក្រុង New Delhi បានសំដែងនូវក្ដីបារម្មណ៍ខ្ពស់ទៅលើបញ្ហាភ្នំសំរាមរបស់ទីក្រុងលោក ព្រោះវាបានចោទឡើងជាកត្តាហានិភ័យផ្សេងៗជាច្រើនទៀត ពិសេសទាក់ទងទៅនឹងបរិយាកាស ដែលមានសារជាតិពុល និងទឹកខ្មៅហូរចេញពីគំនរសំរាមទៅកាន់ប្រឡាយនាតំបន់ផ្សេងៗ ដែលប៉ះពាល់ទៅដល់សុខភាពពលរដ្ឋឥណ្ឌាយ៉ាងខ្លាំង។ ប្រជាជនរស់នៅតំបន់នោះ មានការមិនពេញចិត្ត និងសំដែងការសោកស្ដាយយ៉ាងខ្លាំងទៅលើបញ្ហាបរិស្ថាន ព្រោះពិបាកដកដង្ហើម ប្រៀបបានដូចជាពួកគេនៅក្នុងឋាននរកអញ្ចឹង ពិសេសងាយឆ្លងចម្ងឺ និងហានិភ័យនៃការកើតជំងឺមហារីក សម្រាប់អ្នករស់នៅជុំវិញវាលសំរាមនោះក្នុងរង្វង់ ៥គីឡូម៉ែត្រ។
ទីក្រុងញូវដេលី (New Delhi) ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជារដ្ឋធានី ដែលមានភាពកខ្វក់ជាងគេបំផុតក្នុងពិភពលោក ហើយរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាផ្ទាល់បានចេញឲ្យដឹងថា ប្រទេសខ្លួនផលិតកាកសំណល់ប្រមាណ ៦២ លានតោនជារៀងរាល់ឆ្នាំ ដោយចំនួននោះនឹងកើនឡើងរហូតដល់ទៅ ១៦៥លានតោន នាឆ្នាំ២០២៣ ខាងមុខ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ អ្នករស់នៅក្បែរតំបន់នោះភាគច្រើន បានចាប់ផ្ដើមរើចេញ ទៅរស់នៅតំបន់ឆ្ងាយៗផ្សេងទៀតហើយ តែសម្រាប់អ្នកស្ថិតនៅក្នុងភាពក្រីក្រពួកគេគ្មានជម្រើសល្អឡើយ គឺមានតែបន្តរស់នៅក្បែវាលសំរាមយក្សមួយនោះដដែល។