មកដល់បច្ចុប្បន្នន មានប្រទេសមហាអំណាចតែ ៤ ប៉ុណ្ណោះ ដែលមានមហិច្ចតានៅក្នុងវិស័យអវកាសនេះ ហើយមានបេសកកម្មក្នុងបញ្ជូនយានអវកាសរបស់ខ្លួនទៅកាន់ឋានព្រះច័ន្ទ។ ក្នុងនោះសហភាពសូវៀត បានបើកបេសកកម្មបញ្ជូនយានអវកាសទៅឋានព្រះច័ន្ទក្នុងកំឡុងទសវត្សទី ៦០ ចំណែកឯសហរដ្ឋអាមេរិចជាអ្នកបានជាន់ដីឋានព្រះច័ន្ទមុនគេនៅឆ្នាំ ១៩៦៩។ ទើបតែមកដល់សតវត្សទី ២១ ទើបប្រទេសមានមហិច្ចតា អភិវឌ្ឍន៍វិស័យអវកាសនេះ ក៏មាន Moon mission ផងដែរ និងមានយានអវកាសហោះទៅលំហជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ផ្នែកទូរគមនាគមន៍របស់គេ។ រីឯថ្មីនេះ មានមហាយក្សមួយថ្មីបានលេចត្រដែតឡើងក្នុងវិស័យអវកាសនេះដែរ គឺប្រទេសឥណ្ឌា។
ប្រទេសឥណ្ឌាបានចេញនូវបេសកកម្មអាវកាស Chandrayaan-1 តាំងពីឆ្នាំ ២០០៨ ម្ល៉េះ ប៉ុន្តែវាមានបញ្ហាផ្នែកគន្លងនៃទំនាញ ដែលមិនអាចចុះចតនៅឋានព្រះច័ន្ទបាននោះទេ។ ចំណែកថ្មីនេះគេបានចេញនូវ Moon mission ថ្មីមួយទៀតគឺ Chandrayaan-2 ដែលជាគម្រោងទី ២ ហើយប្រសិនបើជោគជ័យ ប្រទេសឥណ្ឌានឹងក្លាយទៅជាមហាអំណាចនៃការរុករកនៅអវកាសទី ៤ បន្ទាប់ពីអាមេរិច រុស្ស៊ី និងចិនជាមិនខាន។ ការរុករកដំណាក់កាលទី ២ នេះដែរ គម្រោងរបស់ Chandrayaan-2 នឹងធ្វើការប្រមូលទិន្នន័យនៃប្រភពទឹកនៅលើឋានព្រះច័ន្ទ ប្រភពរ៉ែ និងព័ត៌មាននៃសិលាផ្សេងៗ ដើម្បីអ្នកវិទ្យាសាស្ត្រឥណ្ឌាយកមកសិក្សាស្រាវជ្រាវបន្ថែមទៀត។
គម្រោងនេះ ត្រៀមនឹងចេញដំណើរទៅឋានព្រះច័ន្ទនៅខែកញ្ញាខាងមុខនេះ ដោយគេបានត្រៀមនូវយានសម្រាប់ជាន់ដីឋានព្រះច័ន្ទរួចជាស្រេចមកហើយ គឺនឹងរុករកស្រាវជ្រាវរយៈពេល ១៤ ថ្ងៃនៅលើភពមួយនោះ ជាពិសេសគឺនៅប៉ូលខាងត្បូងនៃព្រះច័ន្ទ ដែលមិនទាន់មានប្រទេសណាទៅដល់នៅឡើយទេ ហើយនឹងចែកចាយរូបភាព និងទិន្នន័យមកផែនដីវិញភ្លាមៗតែម្ដង។
ទន្ទឹមជាមួយការបញ្ចេញគម្រោងរុករកឋានព្រះច័ន្ទនេះដែរ វាត្រូវបានទទួលរងមតិ ២ ផ្ទុយពីគ្នា ដោយអ្នកសេដ្ឋកិច្ចរបស់ឥណ្ឌាយល់ថា ការរុករងដំណាក់កាលទី ២ វានឹងជួយដល់វិស័យអវកាសរបស់ឥណ្ឌាឲ្យស្វែងយល់បានទូលាយជាមុន និងរីកចម្រើនមួយកម្រិតទៀត ហើយក៏នឹងស្វែងយកនូវចំណូលដល់សេដ្ឋកិច្ចផងដែរ ជាមួយវិស័យទូរគមនាគមន៍ បង្កើតការងារបច្ចេកវិទ្យាកម្រិតខ្ពស់ដល់ពលរដ្ឋជាមួយប្រាក់ខែច្រើន ជំរុញវិស័យពាណិជ្ជកម្ម និងការបង្ហោះផ្កាយរណបជូនក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយផងដែរ ដោយមកដល់ពេលនេះ គេបានបង្ហោះផ្កាយរណបបានដល់ចំនួន ២៦០ ផ្កាយរណបហើយ។ ម្យ៉ាងវិញទៀត ឥណ្ឌាក៏ជាមហាអំណាចធំមួយដែរ ដោយជាមហាអំណាចផ្នែកបច្ចេកវិទ្យា សភាវុធនុយក្លេអ៊ែ និងសេដ្ឋកិច្ច។ ដូចនេះបើប្រទេសមហាអំណាចដ៏ទៃទៀត ព្យាយាមពង្រឹងវិស័យអវកាសរបស់គេបាន ហេតុអ្វីឥណ្ឌាធ្វើមិនបាន?
ចំណែកមតិរិះគន់វិញ បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាបានចំណាយថវិការច្រើនលើសកម្រិតពេកហើយ ទៅក្នុងវិស័យអវកាសនេះ ដោយមួយឆ្នាំរដ្ឋាភិបាលបានចំណាយ ១ ពាន់លានដុលា្លរយ៉ាងតិចលើ India Space Agency រាល់ការបច្ចេញគម្រោងនានា ដែលស្មើរនឹង ០.៤% នៃកញ្ចប់ថវិការជាតិទៅហើយ ខណៈប្រទេសឥណ្ឌា កំពុងជួបប្រទះនូវវិបត្តិចំនួនប្រជាជនក្រីក្រទំហំធំជាងគេលើលោក (បើគិតពីចំនួនមនុស្ស)។
មតិរិះគន់ទាំងនេះមិនខុសនោះទេ ដោយសារតែឥណ្ឌាកំពុងស្ថិតក្នុងប្រទេសមានចំនួនប្រជានជនក្រីក្រច្រើន ហើយរដ្ឋាភិបាលបែជាមើលរំលងការអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ បែរជាចំណាយលុយទៅលើការអភិវឌ្ឍន៍វិស័យអវកាសទៅវិញ។ ម្យ៉ាងវិញទៀត គម្រោងទី ១ ធ្លាប់បានបរាជ័យម្ដងរួចមកហើយ ដែលចំណាយប្រាក់ច្រើន និងទទួលផលតិចតួច។ យ៉ាងណាមិញ គម្រោងទី ២ របស់គេនេះ ប្រសិនបើជោគជ័យ វានឹងលើកមុខមាត់ប្រទេសឥណ្ឌាឡើងខ្ពស់ខ្លាំង ហើយវិស័យអវកាសរបស់គេនឹងរីកចម្រើន នឹងក្លាយជាប្រទេសមហាអំណាចអវកាសយ៉ាងពិតប្រាកដមួយនៅលើពិភពលោក។