ក្រុមហ៊ុន Honda Motor Co គ្រោងនឹងផលិតរថយន្តអគ្គិសនី (EV) រាប់លានគ្រឿងនៅឆ្នាំ 2030 ដោយប្រើតួរថយន្ដ (Platform) ថ្មីចំនួន 3 ប្រភេទផ្សេងគ្នា ហើយតួរថយន្ដមួយ ក្នុងចំណោមនោះនឹងត្រូវ អភិវឌ្ឍរួមគ្នាជាមួយដៃគូ ក្រុមហ៊ុនផលិតរយន្ដអាមេរិក General Motors Co ផងដែរ។ ដូចគ្នានេះដែរ លោក Shinji Aoyama ប្រធានផ្នែកអគ្គិសនីសកល របស់ក្រុមហ៊ុន Honda បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុននឹងដាក់បង្ហាញ រថយន្តពាណិជ្ជកម្មខ្នាតតូចអគ្គិសនី នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2024 ដែលសាងសង់នៅលើតួរថយន្ដ EV ខ្នាតតូចថ្មី ដែលត្រៀមនឹងអភិវឌ្ឍនេះ។ លើសពីនេះ នៅក្នុងឆ្នាំ 2026 ខាងមុខ ក្រុមហ៊ុន Honda ក៏នឹងអភិវឌ្ឍតួខ្លួនសម្រាប់ រថយន្ដអគ្គិសនីគំរូទំហំពេញតែម្ដង នៅអាមេរិកខាងជើង។
ប្រាកដណាស់ថា គម្រោងអភិវឌ្ឍតួខ្លួន សម្រាប់រថយន្ដអគ្គិសនីទាំងបីដែល Honda បានប្រកាសនេះ គឺជាទំហំមធ្យមសិនប៉ុណ្ណោះ ដោយសារគម្រោងនេះ នឹងត្រូវបានចែករំលែក ជាមួយក្រុមហ៊ុន General Motors ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2027 ខាងមុខ។ គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរកាលពីដើមខែមេសា ធ្លាប់បាននិយាយផងដែរថា ពួកគេនឹងរួមគ្នាបង្កើត រថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ សម្រាប់ទីផ្សារពិភពលោក ប៉ុន្តែមិនទាន់បានចេញផ្សាយ ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
ក្រៅពីនេះក្រុមហ៊ុន Honda បាននិយាយថា ខ្លួនគ្រោងនឹង ផលិតរថយន្តអគ្គិសនីចំនួន 2 លានគ្រឿងនៅទូទាំងពិភពលោកនៅឆ្នាំ 2030 រួមទាំងរថយន្តធុនមធ្យម ដែលត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុន GM ផងដែរ។ លើសពីនេះ ក្រុមហ៊ុន Honda កំពុងកំណត់គោលដៅ ផលិតរថយន្តអគ្គិសនី នៅអាមេរិកខាងជើងឲ្យបានចំនួន 750,000 ទៅ 800,000 គ្រឿងក្នុងឆ្នាំ 2030 ហើយនៅក្នុងប្រទេសចិន អាចនឹងមានចំនួនប្រហែលដូចគ្នា នៅក្នុងប្រទេសជប៉ុន និងទីផ្សារផ្សេងទៀត អាចនឹងមានចំនួន 400,000 ទៅ 500,000 គ្រឿង។