ភ្នំឈ្ងោកនៅខេត្តស្ទឹងត្រែង គឺសម្បូរទៅដោយកន្លែងទេសចរណ៍ ច្រើនគួរសម ដែលសុទ្ធ តែផ្សាភ្ជាប់ជាមួយធម្មជាតិ


(ស្ទឹងត្រែង)៖ គ្រប់គ្នាធ្លាប់តែឮភ្នំឈ្ងោកនៅខេត្តកំពត តែនៅឯខេត្តស្ទឹងត្រែងឯណេះវិញ ក៏មានភ្នំឈ្ងោកមួយដែរ ខណៈសណ្ឋានរូបរាង គឺប្រហាក់ប្រហែលគ្នាដែរ ពោលគឺជាភ្នំក្រោមទឹកសមុទ្រ កាលពីអតីតដូចគ្នា ប៉ុន្តែភ្នំឈ្ងោកនៅខេត្តស្ទឹងត្រែងនេះ គឺសម្បូរទៅដោយ កន្លែងទេសចរណ៍ច្រើនគួរសម ដែលសុទ្ធតែផ្សាភ្ជាប់ជាមួយធម្មជាតិ ឬអាចនិយាយបានថា ដើរលេង ១ ថ្ងៃ ២ ថ្ងៃ សឹងតែមិនសព្វឡើយ។ ភ្នំឈ្ងោកនេះ គឺស្ថិតក្រោមការការពាររបស់ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិសាស្ត្រឃុំឆ្វាង ស្រុកថា ឡាបរិវ៉ាត់ (ធារាបវ៌្វត) ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តស្ទឹងត្រែង។

ក្នុងពេលផ្ដល់បទសម្ភាសន៍ នៅជិតជើងភ្នំឈ្ងោកនោះស្រាប់ លោកអ៊ំ ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ បានឱ្យដឹងថា នៅពេលភ្ញៀវទេសចរ មកដល់ភ្នំឈ្ងោកនេះ  ដំបូងពួកគេ អាចចូលទៅមើល ល្អាងប្រចៀវដ៏ធំសម្បើមមួយ នៅក្នុងព្រៃក្រោមជើងភ្នំ ដែលនៅមិនឆ្ងាយ ពីបរិវេណជើងភ្នំនោះឡើយ។ នៅពេលទៅដល់ល្អាងនេះ ឮសំឡេងប្រចៀវខ្ញៀវខ្ញាពីក្នុងរូង ខណៈមាត់ល្អាងឃើញថា មានថ្មច្រូងច្រាងសំយុង ពីលើជាប់នឹងភ្នំ ដែលសឹកច្រោះដោយសារកម្លាំង ទឹកសមុទ្របោកបុកកាលពីអតីតកាល។ ចូលទៅក្នុងល្អាងជ្រៅបន្តិចកាន់តែ ងងឹតស្លុប គួរឲ្យព្រឺព្រួច តែមិនមានគ្រោះអ្វីឡើយ ដោយភ្ញៀវត្រូវប្រើប្រាស់ពិលបំភ្នឺ ទើបងាយស្រួលក្នុង ការដើរមើល។ ចេញពីល្អាងប្រចៀវនេះ ភ្ញៀវទេសចរអាចបន្ត ទៅទស្សនាល្អាងបង-ល្អាងអូន ដោយឡើង តាមជណ្ដើរឈើ រាងចោតប្របតាមចម្រាក់ថ្មភ្នំ មុនចូលទៅដល់មាត់ល្អាង។ ល្អាងទាំងពីរនេះ គឺនៅដាច់ ពីគ្នា តែនៅជិតគ្នាទេ នៅពេលចូលទៅដល់ ខាងក្នុងគឺសីតុណ្ហភាពត្រជាក់ស្រឹប។

កំណកតំណក់ទឹកលាយថ្មកំបោរ នៅក្នុងល្អាង បានបង្កើតជាមានរូបអវយុវមនុស្ស-ស្រី ដោយនៅល្អាងបង រូបនោះមានលក្ខណៈ ដូចរូបត្រឹមចង្កេះមនុស្សប្រុសអង្គុយសំយុងជើង រីនៅក្បែរនោះដែរ (ក្នុងល្អាងបង ដូចគ្នា) ក៏មានបាតុភូតកំណកដូចគ្នា ហើយបង្កើត បានជារូបក្បាលដំរីតូចល្មម។ ចំណែកនៅល្អាងអូន មានរូបអវយុវភេទស្រី ហើយសីតុណ្ហភាពត្រជាក់ហើយសើម ដោយហេតុមានទឹកជ្រាប ច្រើនជាងល្អាងបង។ បើតាមលោកអ៊ំ ញាន ផន បានប្រាប់ថា ដោយសាររូបរាង និងលក្ខណៈពិសេសទាំងនេះហើយ ទើបអ្នកស្រុកសន្មត ហៅឈ្មោះថា «ល្អាងបង-ល្អាងអូន»។ ចុះពីល្អាងបងល្អាងអូននោះ មកដល់ជើងភ្នំវិញ ក៏ដើរបត់ស្ដាំ ហើយឡើងតាមជណ្ដើរឈើ និងបន្តឡើងតាមចម្រាក់ថ្មរដិបរដុប តោងតាមខ្សែពួរផង តោងដើមឈើផង តោងថ្មផង ដើម្បីឡើងទៅកាន់ជ្រលងភ្ជាប់និស្ស័យ ដែលនៅជិតកំពូលភ្នំ កម្ពស់ប្រមាណ ១០០ ម៉ែត្រ និងមើលទេសភាពព្រៃឈើដ៏ធំ លាតឆ្ងាយដាច់កន្ទុយភ្នែក។  លោកអ៊ំប្រធានសហគមន៍ បានបន្តទៀតថា នៅពេលមើលទេសភាពទាំងនេះហើយ  ភ្ញៀវទេសចរតែងចង់ ភ្ជាប់និស្ស័យតស៊ូឡើងតោងតាម ជម្រាលថ្មច្រូងច្រាងខ្លីៗ ដើម្បីសម្រេចប្រាថ្នា ទៅមើលជ្រលងថ្មលើភ្នំរាងកោងដូចអង្រឹង ឬដូចស្ពាន ហើយនៅពេលដើរ កាត់ជ្រលងប្រហែល ៥ ជំហាននោះ គឺប្រៀបដូចភ្ជាប់អារម្មណ៍ពីម្ខាងទៅម្ខាង។

ហេតុនេះហើយទើ បគេសន្មតហៅជ្រលងនោះថា «ជ្រលងភ្ជាប់និស្ស័យ»។ លោកអ៊ំ ញាន ផន បានរៀបចំបន្តថា ក្រៅពីទីកន្លែងទេសចរណ៍ខាងលើនេះ ភ្នំឈ្ងោកក៏នៅមាន ទីកន្លែងទស្សនាច្រើនទៀតដូចជា ល្អាងអន្សង ល្អាងឥសីសំណាក់ធម៌ ល្អាងលោកសឹង ការទស្សនាព្រៃព្រឹក្សា ទស្សនាសត្វព្រៃ ដូចជា ទន្សោង រមាំង សត្វស្លាបផ្សេងទៀតជាដើម។  ក្រៅពីផលិតផលទេសចរណ៍ទាំងនេះ ប្រជាសហគមន៍ ក៏នៅមានការបម្រើសេវាកម្ម ជិះគោយន្ត ជិះម៉ូតូដើរទស្សនាព្រៃសហគមន៍ សេវាកម្មជូនភ្ញៀវឡើងទៅមើល ទីផ្សេងៗដូចមានរៀបរាប់ខាងលើ ហើយប្រសិនបើ ភ្ញៀវទេសចរចង់ទទួលទាន អាហារសហគមន៍ ភ្ញៀវទេសចរ អាចតេទៅកម្មង់មុនបាន ពួកគាត់នឹងរៀបចំជូន។ ប្រជាសហគមន៍ រួមទាំងលោកអ៊ំប្រធាន សហគមន៍ផង គឺសុទ្ធតែមាន ដូនតាជាជនជាតិដើមភាគតិចកួយ ប៉ុន្តែបច្ចុប្បន្នពួកគាត់ និយាយភាសាខ្មែរ ជាមួយជីវភាពរស់នៅ ក៏មិនខុសពីជនជាតិខ្មែរឡើយ។

ប្រធានសហគមន៍វ័យជាង ៦០ ឆ្នាំរូបនេះ បានបញ្ជាក់ថា ការចូលរួមទៅទស្សនារបស់ភ្ញៀវទេសចរ និងការជួយជ្រោមជ្រែង ពីសំណាក់អង្គការកម្មវិធី ផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia) អង្គការ CEPA អង្គការ RECOFTC គឺបានចូលរួមជួយការពារព្រៃឈើ សត្វព្រៃ បន្តទៅមុខទៀត បន្តនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិនៅ សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ព្រមទាំង បានជួយមួយចំណែក ក្នុងជីវភាពរស់នៅ របស់ប្រជាសហគមន៍ផងដែរ៕