សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពី អត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះ គឺយើងដាច់ខាតមិនអាចបំភ្លេចបានទេ ដែលយុវជនខ្មែរគ្រប់រូប ត្រូវជួយលើកស្ទួយសិល្បៈបុរាណនេះ កុំឱ្យបាត់បង់ឱ្យសោះ។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ធ្លាប់បានលើកឡើង ក្នុងឱកាស រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំកម្មវិធី «តន្ត្រីខ្មែរយើង» ដែលបានរៀបចំឡើងកាលពី ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យ៉ាងដូច្នេះថា៖ «ក្រសួងវប្បធម៌ ក៏កំពុងតែខិតខំខ្លាំងណាស់ ក្នុងការបង្កើតសាលាវិចិត្រសិល្បៈ សាលាសូនរូប សាលាបុរាណវិទ្យា និងសាលាជាច្រើនផ្សេងៗទៀត ដើម្បីបន្តនូវចំណេះដឹង សិល្បៈដូនតាឱ្យបាន កាន់តែបន្តទៅមុខទៀត ខណៈបច្ចុប្បន្ននេះវិស័យសិល្បៈបុរាណចម្រុះដូចជា របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ ល្ខោនយីកេ ជាដើម។ ដំណើរការ នៅមានសភាពខ្សោយណាស់ បើប្រៀបធៀបនិងសិល្បៈសម័យ ដូច្នេះហើយក្នុងនាមយើង ជាអ្នកជំនាន់ក្រោយជាយុវជន ត្រូវតែជួយលើកតម្កើងទាំងអស់គ្នា ចូលរួមថែរក្សាទាំងអស់គ្នា នូវអ្វីដែលជារបស់ខ្មែរយើង»។
ដោយមើលឃើញពីការធ្លាក់ចុះ ប្រជាប្រិយភាពនៃវិស័យសិល្បៈបុរាណខ្មែរ ក៏ដូចជាដើម្បីចូលរួមថែរក្សា លើកស្ទួយ និងការពារសិល្បៈបុរាណ ឱ្យគង់វង្សជានិរន្តរ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីកែលម្អ និងជួសជុលបន្ទប់ទឹកមួយចំនួន ដែលមានការខូចខាត និងបាក់បែកសម្ភារៈ ប្រើប្រាស់មិនកើត ព្រមទាំងជួយសម្រួលដល់ ជីវភាពសិស្សានុសិស្ស ក្រីក្រប្រមាណជាង ១០០នាក់ មកពីបណ្ដាខេត្តនានា ដែលបាននឹងកំពុងតែស្នាក់នៅ និងសិក្សាក្នុងសាលាផ្ទាល់។
នេះគឺផ្នែកមួយនៃ ការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយដែល អភិវឌ្ឍលំនៅដ្ឋាន ឈានមុខគេ ប្រកបដោយស្ដង់ដារខ្ពស់ និងគុណភាពល្អ រួមជាមួយនឹងសួនបៃតង ដើមឈើធំៗជាច្រើន ហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អ ខណៈក្រុមហ៊ុនក៏បាននឹង កំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គមជាច្រើន ដែលក្នុងនោះ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចូលរួមថែរក្សា ទៅលើវិស័យវប្បធម៌ សិល្បៈ គឺជាយុទ្ធសាស្រ្តចម្បងធំមួយ ក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត នៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន។
ថ្លែងក្នុងកម្មវិធីទទួលអំណោយនេះ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានបញ្ជាក់ថា៖ «សាលាមធ្យមវិចិត្រសិល្បៈ គឺជាសាលាក្របខណ្ឌរដ្ឋមួយ ក្រោមការគ្រប់គ្រង របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបច្ចុប្បន្ននេះ សាលាកំពុងផ្ដល់នូវ ថ្នាក់បណ្ដុះបណ្ដាល ផ្នែកសិល្បៈជាច្រើនដូចជា ថ្នាក់របាំបុរាណ របាំប្រពៃណី ចម្រៀងបុរាណ និងសម័យ ល្ខោនខោល អាយ៉ៃ ចាប៉ីដងវែង ថ្នាក់សូនរូប ថ្នាក់សំដែងសៀក សាលាតូរ្យតន្រ្តី ជាដើម។ ដោយមានតម្រូវការខ្វះខាត ទៅលើសម្ភារគាំទ្រការសិក្សា កញ្ចប់ថវិកាដើម្បី ជួសជុលកែលម្អបន្ទប់ទឹកប្រើប្រាស់ គ្រូស្ម័គ្រចិត្តផ្នែកភាសារបរទេស និងស្បៀងឧបភោគបរិភោគ ដើម្បីជួយសម្រួល ដល់ជីវភាពខ្វះខាត របស់សិស្សានុសិស្សដែលមាន ជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ពិសេសចែកជូនដល់ សិស្សានុសិស្សដែលកំពុង ស្នាក់នៅក្នុងបរិវេណសាលា។ ហេតុដូច្នេះហើយ សាលាទន្ទឹងរង់ចាំ ស្វាគមន៍នូវរាល់ជំនួយ សប្បុរសធម៌ពី បណ្ដាមជ្ឈដ្ឋានក្រុមហ៊ុន ស្ថាប័នឯកជន និងអង្គការនានា ដែលមានទឹកចិត្តចង់បរិច្ចាគ ឬចូលរួមឧបត្ថម្ភមកសាលា។ លោកក៏បានសំណូមពរឱ្យយុវជន ក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ ជួយលើកស្ទួយសិល្បៈបុរាណទាំងអស់គ្នា កុំលើកស្ទួយតែសិល្បៈសម័យខ្លាំងពេក សូមជួយលើកស្ទួយ សិល្បៈបុរាណឱ្យបានច្រើន ដើម្បីកុំឱ្យមាន គម្លាតខុសគ្នាឆ្ងាយពេក រវាងសិល្បៈបុរាណ ដែលជាសិល្បៈរបស់ជាតិ និងសិល្បៈសម័យដែលភាគច្រើន ជាសិល្បៈរបស់ប្រទេសជិតខាង។
លោកនាយកសាលា ក៏បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះវប្បធម៌នៃ ការចែករំលែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សាលា ដែលអំណោយទាំងអស់នេះ គឺពិតជាបានជួយសម្រួល បន្ទុកខ្វះខាតដល់ សាលាបានមួយផ្នែកធំផងដែរ» ។
លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានចំណាប់អារម្មណ៍ដូច្នេះថា៖ «ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដី សោមនស្សរីករាយក្រៃលែង ដែលបានចូលរួម ឧបត្ថម្ភនូវអំណោយ ទាំងអស់នេះដល់សាលា និងក្មួយៗសិស្សានុសិស្ស ដែលកំពុងមាន ជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងស្នាក់នៅក្នុងសាលានេះ។ ជាការពិតណាស់ ការងារសង្គមក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមកន្លងមក ហើយទិសដៅ ក្រុមហ៊ុនទៅមុខទៀត គឺនឹងរីករាយសហការ ជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាលាសិល្បៈផ្សេងៗទៀត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។
លោកក៏បានថ្លែងបន្តទៀតថា ដោយការស្រឡាញ់ និងការមានចិត្តចូលរួម ថែរក្សាវប្បធម៌សិល្បៈបុរាណខ្មែរ យើងខ្ញុំចង់ឱ្យប្រជាជនខ្មែរជាពិសេស យុវវ័យយល់ដឹងឱ្យបាន កាន់តែច្រើនអំពីភាពអស្ចារ្យ របស់វប្បធម៌សិល្បៈប្រពៃណីខ្មែរ ហើយត្រូវ ចូលរួមជួយគាំទ្រ ឱ្យបានទាំងអស់គ្នា កុំឱ្យសាបរលាបនិងបាត់បង់»។
ក្នុងខណៈទទួលអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប សាលាមធ្យមវិចិត្រសិល្បៈ ក៏បានរៀបចំសម្តែងសិល្បៈ ទស្សនីយភាពនៃរបាំបុរាណ របាំប្រពៃណី និងប្រគុំតន្ត្រីស្រាលជូន ប្រតិភូតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ទស្សនាប្រកបដោយបរិយាកាសរីករាយផងដែរ។
សូមបញ្ជាក់ផងដែរ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួម ការងារសង្គមជាច្រើន ដែលរួមមាន៖ ការងារអប់រំ ការងារបរិស្ថាន និងការងារសហគមន៍ (ការងារសុខុមាលភាព សហគមន៍ និងវិស័យវប្បធម៌) ក្នុងនោះក្រុមហ៊ុនបានសាងសង់វត្តអារាម ព្រះវិហារ កុដិតាជី យាយជី ខ្លោងទ្វារ និងរបងវត្ដជាដើម៕