«ស្ពានអាកាសព្រះមុនីវង្ស» និង «ស្ពានអាកាសគង់សំអុល» បានចាប់ផ្តើម បើកការដ្ឋានសាងសង់ និងរាជរដ្ឋាភិបាល កំពុងសិក្សាបង្កើតក្រុងល្វាឯម នាពេលខាងមុខផងដែរ


នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក

ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វ មហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថី សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយ ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥,០០០ដុល្លាអាមេរិក ។ ក្នុងនោះស្ពានអាកាស ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។

ដោយឡែកស្ពានអាកាស ចំណុចប្រសព្វមហាវិថី សហព័ន្ធរុស្ស៉ី ជាមួយមហាវិថី សម្ដេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក ចំណាយពេលសាងសង់ ១៦ខែ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញ បើកការដ្ឋានសាងសង់ ស្ពានអាកាសចំនួនពីរ បន្ថែមទៀតក្នុងទីក្រុងភ្នំពេញ។ នៅថ្ងៃនេះ សម្តេចតេជោ បានសម្រេចដាក់ឈ្មោះ ឱ្យស្ពានអាកាសចំណុចប្រសព្វ មហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» រីឯស្ពានអាកាសចំណុចប្រសព្វផ្លូវ ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ី បានដាក់ឈ្មោះថា «ស្ពានអាកាសគង់សំអុល»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋ ខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារ តែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែន ខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ធ្វើដំណើរវិញ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសនថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាស ក្នុងរាជធានីភ្នំពេញ គឺជាការប្រើយុទ្ធសាស្ត្រ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត មានន័យថា យកលុយចំណូលពី ការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រហូតពេលបច្ចុប្បន្នរាជធានីភ្នំពេញ បានចំណាយលើការ សាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស សរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សា បង្កើតក្រុងល្វាឯម នាពេលខាងមុខផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ ចំពោះសមិទ្ធផលស្ពានអាកាសចំនួនពីរ បន្ថែមទៀតនៅថ្ងៃនេះ និងចុងបញ្ចប់ សម្តេចតេជោក៏បានអញ្ជើញ ចុចប៊ូតុងបើកការដ្ឋាន ការសាងសង់ស្ពានអាកាសចំនួនពីរ ចាប់ពីពេលនេះតទៅ៕