ដើម្បីចូលរួមចំណែកដល់ ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ពិសេសប្រែក្លាយ បញ្ហាប្រឈមឲ្យក្លាយជាឱកាស ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញនូវ ការណែនាំបន្ថែមចំនួន ៧ចំណុច ដើម្បីឱ្យមន្ត្រីជំនាញ អនុវត្តឱ្យមានប្រសិទ្ធភាព។
ឯកឧត្ដម ថោង ខុន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើក វេទិកាជាតិអេកូទេសចរណ៍ លើកទី៣ ឆ្នាំ២០២២នេះ សណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមទាំងមានការចូលរួម ពីមន្ត្រីជំនាញ និងតំណាងសហគមន៍ ជាច្រើនទៀតផងដែរ។
អនុសាសន៍ណែនាំ បន្ថែមទាំង ៧ចំណុច របស់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រួមមាន៖
ទី១៖ សូមឲ្យអង្គវេទិកា យកខ្លឹមសារ និងលទ្ធផលនៃវេទិកាជាតិ អេកូទេសចរណ៍លើកទី២ ដើម្បីលើក ឡើងក្នុងកិច្ចពិភាក្សា ក៏ដូចជាតាមដាន ការអនុវត្តនូវផែនការ ដែលបានដាក់ចេញ។
ទី២៖ សូមឲ្យអង្គវេទិកា បន្តយកចិត្តទុកដាក់ពិភាក្សា អំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោម ដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណា ក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យ ដែលមានលក្ខណៈសត្យានុម័ត ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅ ថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែល ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួង ជំនាញទាំង៣ ទេសចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយ ក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ទៅគ្រប់សហគមន៍ដែល មានសក្តានុពល។
ទី៣៖ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈ ប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្ហាញជូនអង្គវេទិកា ឲ្យបានគ្រប់ជ្រុងជ្រាយ នូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញ ការដោះស្រាយទៅលើ បញ្ហាសំខាន់ៗ ដូចជាការស្ថាបនាផ្លូវ តភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធ ទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺ គ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាម តម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ មូលដ្ឋាន។
ទី៤៖ សូមអំពាវនាវ ឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ដែលមានវត្តមាន ក្នុងវេទិកានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា ដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្ត គម្រោងនានាពាក់ព័ន្ធនឹង អេកូទេសចរណ៍ និងសហគមន៍។
ទី៥៖ សូមឲ្យវិស័យឯកជន ពង្រឹងការគាំទ្រ ជួយដល់សហគមន៍ ពិសេសការជំរុញ ការរៀបចំកញ្ចប់ទស្សនកិច្ច ទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវា របស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្ត ដល់ការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យបន្តលើកកម្ពស់គុណភាព និងជៀសវាង ស្ថានភាព «ពងមាន់ មេមាន់»។ ទន្ទឹមនឹងនេះគួរជំរុញ ឲ្យមានការរៀបចំ នូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹង សហគមន៍ ដូចជាពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗ នៅទូទាំងប្រទេស។
ទី៦៖ សូមឲ្យបងប្អូនដែល អញ្ជើញមកពីសហគមន៍ទាំងអស់ លើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ របស់ខ្លួន ដើម្បីដាក់ជូនអង្គវេទិកាពិភាក្សា និងឈានទៅរក ដំណោះស្រាយជាក់ស្តែង ក្នុងអង្គវេទិកាដោយផ្ទាល់ ឬត្រូវរាយការណ៍ សុំការសម្រេចពី រាជរដ្ឋាភិបាលបន្ទាប់ពី បញ្ចប់វេទិកាជាតិនេះ។
ទី៧៖ សូមឲ្យអង្គវេទិកា បន្តផ្តោតការចាប់អារម្មណ៍ និងពិភាក្សាអំពី ការបញ្ចូលទស្សនទាន នៃភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative & Innovative) ក្នុងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ ស្របតាមយុគសម័យ បដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីផ្តល់ បទពិសោធន៍ថ្មី ជូនភ្ញៀវទេសចរ ពិសេសការវិនិយោគ ក្នុងតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។
ជាមួយគ្នានោះដែរ ឯកឧត្ដមប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ក៏បានបង្ហាញជឿជាក់ យ៉ាងមុតមាំថា តាមរយៈកិច្ចពិភាក្សា នៅក្នុងវេទិកាជាតិនេះ នឹងអាចទាញយកនូវ ទស្សនទានល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំ បទដ្ឋានគតិយុត្ត ចាំបាច់នានាបន្ថែមទៀត ជំរុញការអភិវឌ្ឍ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ប្រកបដោយការ ទទួលខុសត្រូវ និងបរិយាប័ន្ន ពិសេសក្នុងបរិបទ ដែលយើងទាំងអស់គ្នា ត្រូវបន្តបន្សាំខ្លួន រស់នៅក្នុងគន្លងថ្មី។ សូមបញ្ជាក់ដែរថា នាឱកាសនោះដែរគណៈអធិបតី ក៏បានប្រគល់ពានរង្វាន់ ដល់ម្ចាស់ជយលាភី ដែលបានផលិតវីដេអូផ្សព្វផ្សាយ ពីសហគមន៍ទេសចរណ៍ ដែលធ្វើបានល្អជាងគេចំនួន ៣ រួមទាំងមានការប្រគល់ប័ណ្ណសរសើរ ជូនចំពោះសហគមន៍ចំនួន ២៤ សម្រាប់វេទិកាជាតិអេកូទេសចរណ៍ លើកទី៣ ឆ្នាំ២០២២ នេះផងដែរ៕