៧ ខែនៃឆ្នាំ២០២៣ នេះ កម្ពុជា រកចំណូលបានខ្ទង់ ២២៨,៥ លានដុល្លារ ពីការនាំចេញកៅស៊ូទៅក្រៅប្រទេស!


រាជធានីភ្នំពេញ៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ អគ្គនាយកដ្ឋានកៅស៊ូរបស់កម្ពុជា កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ពេញ ៧ ខែនៃឆ្នាំ ២០២៣ នេះ កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

ជាក់ស្តែង របាយការណ៍បានបញ្ជាក់ថា “ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន ២២៨ ៥០០ ០២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ១ ០១៦ ៦៣៩ ដុល្លារ។”

ដោយឡែក បើគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង ១តោន ស្មើនឹង ១៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។

ក្នុងនោះដែរ ផ្ទៃដីដំណាំកៅស៊ូសរុបមានចំនួន ៤០៤ ៥៧ ៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩ ២៤៦ហិកតា ស្មើនឹង២២%។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញ ឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ។ ទីផ្សារនាំចេញកៅស៊ូជាចម្បង របស់កម្ពុជា គឺមានដូចជា ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។

គិតត្រឹមខែមេសា ឆ្នាំ ២០២៣ តម្លៃកៅស៊ូអន្តរជាតិជាមធ្យមមានតម្លៃ ១,៥៤ ដុល្លារ ក្នុងមួយគីឡូក្រាម។តម្លៃកៅស៊ូធម្មជាតិប្រចាំឆ្នាំ ជាមធ្យមនៅផ្សារហ៊ុនសិង្ហបុរី បានឡើងដល់ ៤,៨២ ដុល្លារក្នុងមួយគីឡូក្រាមក្នុងឆ្នាំ២០១១។ ប៉ុន្តែចាប់តាំងពីពេលនោះមក តម្លៃបានធ្លាក់ចុះ ហើយនៅឆ្នាំ២០២១ កៅស៊ូជាមធ្យមមានតម្លៃ ២,០៧ ដុល្លារ ក្នុងមួយគីឡូក្រាម។

តម្រូវការទីផ្សារកៅស៊ូធម្មជាតិពិភពលោក បានកើនដល់តម្លៃ ៣០,៦១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣,៥% ក្នុងរយៈពេលព្យាករណ៍ពីឆ្នាំ ២០២៣-២០២៨ ដែលឡើងដល់តម្លៃប្រហែល ៣៧,៦៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៨។