ក្រុមប្រាសាទកោះកេរ នឹងចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក នៅសប្ដាហ៍ក្រោយ


ក្រុមប្រាសាទកោះកេរ ស្ថិតនៅក្នុងអតីតរាជធានី ឆោកគគ៌្យរ ត្រូវបានកសាងឡើង អំឡុងសតវត្សទី១០ (គ.ស ៩២៨-៩៤២) ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះស្រាវជ្រាវប្រមូល ឯកសារសំខាន់ៗដូចជា លក្ខណៈនៃទីតាំងបុរាណដ្ឋាន ប្រវត្តិសាស្ត្រ ការអភិរក្ស និងយន្ដការគ្រប់គ្រង កាលពីឆ្នាំ២០១៨ និងដាក់ស្នើចូលទៅក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីឆ្នាំ ២០២១ ហើយត្រៀមនឹងចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នៅពាក់កណ្ដាល ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងកិច្ចប្រជុំនៅទីក្រុង Riyadh ប្រទេសអារ៉ាបីសាអ៊ូឌី។

អតីតរាជធានី ឆោកគគ៌្យរ ត្រូវបានសោយរាជ្យដោយ ព្រះបាទជ័យវរ្ម័នទី៤ ហើយក្នុងតំបន់នោះ មានសំណង់បុរាណចំនួនជាង ៧០ ប្រាសាទ និងទីទួលបុរាណ បើតាមការសិក្សាស្ថាបត្យកម្ម បានបង្ហាញថា ក្រុមប្រាសាទចាស់ជាងគេ ត្រូវបានកសាងឡើងក្នុងចន្លោះឆ្នាំ ៩២១-៩២៨ ភាគច្រើនកសាងឡើង ជាប្រាសាទឥដ្ឋ បន្ទាប់គឺក្រុមប្រាសាទថ្មភក់ ចាប់ផ្ដើមកសាងឆ្នាំ ៩២៨ និងប្រាសាទថ្មបាយក្រៀម កសាងឡើងរវាងចន្លោះឆ្នាំ ៩៣០ រហូតដល់បញ្ចប់រាជ្យនៅឆ្នាំ ៩៤១។

ក្នុងតំបន់អតីតរាជធានី ឆោកគគ៌្យរ មានប្រាសាទមួយ ដែលលេចធ្លោជាងគេ គឺប្រាសាទកោះកេរ ស្ថិតនៅក្នុងកំពែងរាង ៤ ជ្រុង ជាប្រាសាទទោល ឈរខ្ពស់ត្រដែត មានកម្ពស់ ៣៥ ម៉ែត្រ បែងចែកចេញជា ៧ ថ្នាក់ (ក្នុងមួយថ្នាក់កម្ពស់ ៥ ម៉ែត្រ) មានរចនាប័ទ្មស្រដៀង ទៅនឹងសំណង់បុរាណពីរ៉ាមីត បែរទៅរករាជធានីអង្គរ នៅឯទិសខាងលិច។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង សម្រាប់ឧទ្ទិសថ្វាយចំពោះ អាទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) ដែលនៅកំពូលប្រាសាទ មានតម្កល់លឹង្គព្រះឥសូរផងដែរ។

តំបន់ប្រាសាទកោះកេរ ស្ថិតនៅចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយសព្វថ្ងៃត្រូវបាន អភិរក្សគ្របដណ្ដប់លើ ផ្ទៃដីចំនួន ៨៤ គីឡូម៉ែត្រការ៉េ ស្មើនឹងជាង ៨ ០០០ ហិកតា និងត្រៀមដាក់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក។

គួររំលឹកផងដែរថា កម្ពុជា មានសម្បត្តិបេតិកភណ្ឌរូបីចំនួន ៧ ផ្សេងទៀត ដែលស្ថិតនៅក្នុងបញ្ជី បណ្ដោះអាសន្ននៃអង្គការ UNESCO ដូចជា៖

1.    អតីតរាជធានីឧត្តុង
2.    ប្រាសាទបឹងមាលា
3.    សារមន្ទីរគុគទួលស្លែង និងវាលពិឃាតជើងឯក
4.    តំបន់ធម្មជាតិនិងវប្បធម៌ ភ្នំគូលេន
5.    ប្រាសាទព្រះខ័នកំពង់ស្វាយ
6.    ប្រាសាទបន្ទាយឆ្មារ
7.    ប្រាសាទភ្នំដា អតីតក្រុងអង្គរបុរី