កម្ពុជា បាននាំចេញទំនិញប្រមាណ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ


ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនិងទីផ្សារអន្តរជាតិ សម្រេចបាននៅក្នុងរង្វង់ ទឹកប្រាក់ជិត ៣២ ពាន់លានដុល្លារ ដោយធ្លាក់ចុះប្រមាណ -១៤% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានសរុបជាទឹកប្រាក់ ១៥,៦ ពាន់លានដុល្លារ កើនឡើង ០,៣២% ចំណែកការនាំចូលទំនិញ មកកម្ពុជាវិញ មានទំហំ ១៦,២ ពាន់លានដុល្លារ បានធ្លាក់ចុះប្រមាណ -២៥%។

សហរដ្ឋអាមេរិក នៅតែជាដៃគូរនាំចេញធំជាងគេបំផុត របស់កម្ពុជា ដោយរយៈពេល ៨ ខែកន្លងមកនេះ កម្ពុជា បាននាំចេញទំនិញ ទៅសហរដ្ឋអាមេរិក សរុបជាទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ, ប្រទេសវៀតណាមជាង ១ ពាន់លានដុល្លារ, ប្រទេសចិន ៩៣៩ លានដុល្លារ, ប្រទេសជប៉ុនជាង ៧៧០ លានដុល្លារ, ប្រទេសកាណាដា ៥៧១ លានដុល្លារ, ប្រទេសអាល្លឺម៉ង់ ៥៦៣ លានដុល្លារ និងទីផ្សារប្រទេសមួយចំនួនទៀត។ ចំពោះទំនិញសំខាន់ សម្រាប់ការនាំចេញ មានដូចជា សម្លៀកបំពាក់និងគ្រឿង ធ្វើពីក្រណាត់សរុបជាទឹកប្រាក់ ៤,៥ ពាន់លានដុល្លារ ថយចុះ ២០%, គ្រឿងបង្គុំ និងឧបករណ៍អគ្គិសនីជាង ១ ពាន់លានដុល្លារកើនឡើង ៩៨%, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំសម្លៀកបំពាក់ ១,៨ ពាន់លានដុល្លារ, កៅស៊ូ និងផលិតផលពីកៅស៊ូ ៣០៨ លានដុល្លារ, និងបន្លែកសិកម្ម ៣៣២ លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ្យបណ្ឌិតសភាកម្ពុជា បានអោយដឹងថា ពេលនេះយើងស្ថិតនៅក្នុង ស្ថានភាពដ៏លំបាកនៃ វិបត្តិសេដ្ឋកិច្ចពិភពលោក ទំហំពាណិជ្ជកម្មសកលបានធ្លាក់ចុះ ប៉ុន្តែកម្ពុជានៅរក្សា អត្រាកំណើនឡើងការនាំចេញ។ លើសពីនេះទៀត កម្ពុជា កំពុងជំរុញការនាំចេញ ផលិតផល កសិ-ឧស្សាហកម្ម ដែលកំពុងក្លាយទៅជា ចំណែកយ៉ាងសំខាន់ ក្នុងការនាំចេញ បន្ទាប់ពីផលិតផលវាយនភណ្ឌ និងគ្រឿងបង្គុំអេឡិចត្រូនិច។