រោងចក្រតម្លើងរថយន្តតូយ៉ូតា របស់ជប៉ុន គ្រោងនឹងដាក់ដំណើរការនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាឆ្នាំក្រោយនេះ!


រាជធានីភ្នំពេញ៖ បើយោងតាមជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្កម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅឯវិមាន៧មករា កាលពីថ្ងៃទី១២ កញ្ញា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការ នៅឆ្នាំក្រោយនេះ។

ជាក់ស្តែង បើតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានបង្ហាញដែរថា រោងចក្រដំឡើងរថយន្តថ្មីនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd ជាមួយនឹងទំហំទឹកប្រាក់វិនិយោគ ចំនួនជាង ៣៦លានដុល្លារ ផងដែរ។

គូសសម្គាល់ដែរថា ប៉ុន្មានឆ្នាំមកនេះ កម្ពុជាសង្កេតឃើញពី កំណើននៃក្រុមហ៊ុន ផលិតយានយន្តអន្តរជាតិជាច្រើន បានចាប់អារម្មណ៍ក្នុងការបង្កើត ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកថាជា ទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារបរិយាកាស វិនិយោគអំណោយផលច្រើន។