កម្ពុជា គ្រោងសាងសង់កំពង់ផែកម្រិតស្តង់ដាថ្មីមួយ នៅតាមដងទន្លេមេគង្គ ក្រុងកំពង់ចាម ដើម្បីសម្រួលដល់ការចុះចត និងទាក់ទាញបន្ថែមនូវចំនួន នាវាទេសចរណ៍!


ភ្នំពេញ៖ នាពេលថ្មីៗនេះកន្លងទៅនេះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ និងវាយតម្លៃទីតាំងច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រាប់ការសាងសង់កំពង់ផែ ទេសចរណ៍ថ្មីមួយទៀត។

បើតាមផែនការដែលបានកំណត់ គឺបង្ហាញថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានគ្រោងសាងសង់ កំពង់ផែទេសចរណ៍មួយ តាមដងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ដើម្បីសម្រួលដល់ ការចូលចតរបស់នាវាទេសចរណ៍ ហើយផែនការនេះ ក៏កំពុងស្ថិតក្នុងការសិក្សាហើយ ដោយមានការសហការ ដោយផ្ទាល់ ពីរដ្ឋបាលខេត្ត។

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួង ឯកឧត្តម ផន រឹម បានមានប្រសាសន៍ នៅចុងសប្តាហ៍មុនថា គម្រោងនេះ នឹងធ្វើឱ្យខេត្តកំពង់ចាម មានកំពង់ផែស្តង់ដារ សម្រាប់នាវាទេសចរណ៍ ចូលសំចត ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទស្សនារមណីយដ្ឋាន ទេសចរណ៍នានា នៅក្នុងខេត្តបាន។

ជាក់ស្តែង ឯកឧត្តម បានមានប្រសាសន៍ថា “កំពង់ផែបច្ចុប្បន្នដែល នាវាទេសចរណ៍ចូលចត មិនទាន់មានភាពល្អប្រសើរនៅឡើយ ដែលនាំឱ្យមានតម្រូវការ សម្រាប់កំពង់ផែស្តង់ដារមួយ ដែលមានសុវត្ថិភាព និងសោភ័ណភាពសមរម្យ សម្រាប់នាវាទេសចរណ៍អន្តរជាតិ ចូលសំចត”។

ឯកឧត្តមបានឱ្យដឹងទៀតថា លទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃបានបង្ហាញថា ស្ថានភាពទីតាំងដែលបានជ្រើសរើស គឺអំណោយផល ដោយមានផ្ទៃដីធំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដូចជាបន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់ទឹក និងកន្លែងផ្សេងៗទៀត។ ដូចគ្នានេះដែរ ក្រុមការងារបច្ចេកទេស នឹងបន្តធ្វើការសិក្សាលម្អិតបន្ថែមទៀត អំពីស្ថានភាពបច្ចេកទេសលំហូរនៃផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គដែលអាចកើតមាន លើផ្លូវនាវាចរណ៍ជាដើម។