ព្រះបាទរបស់ព្រះពុទ្ធ អាយុកាលជិត ១ ពាន់ឆ្នាំ កំពុងតាំងបង្ហាញ ក្នុងសារមន្ទីរព្រះសីហនុ-អង្គរ


ព្រះពុទ្ធបាទបុរាណ ធ្វើពីថ្មភក់មួយ ដែលបានកសាងឡើង អំឡុងសតវត្សរ៍ទី ១៤-១៦ នៃគ្រឹស្ដសករាជ កំពុងត្រូវបានតាំងបង្ហាញ នៅក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប ក្នុងគោលបំណង ផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពី ព័ត៌មានសំខាន់ៗដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អំពីឥទ្ធិពលនៃព្រះពុទ្ធសាសនា បានចូលមកអាណាចក្រខ្មែរដំបូង តាំងពីសម័យអង្គរ ការគោរពព្រះពុទ្ធសាសនា និងសិល្បៈ វប្បធម៌ផងដែរ។

លោក គុន ផល្លី ប្រធានក្រុមការងាររៀបចំពិព័រណ៌ នៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ព្រះពុទ្ធបាទខាងស្ដាំមួយនេះ ត្រូវកសាងពីថ្មភក់ ជាកេរដំណែលសល់ ក្រោយពីសម័យអង្គរ ចន្លោះពី ៦០០ ទៅ ៧០០ ឆ្នាំមុន ដែលមានទម្ងន់ជាង ៣ តោន មានបណ្ដោយប្រវែង ២,១ ម៉ែត្រ ទទឹង ១,១៥ ម៉ែត្រ និងកម្ពស់ ៣១ សង់ទីម៉ែត្រ មានលាបម្រ័ក្សណ៌ ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាស តាំងពីពេលកសាងមក។ ចំណែកនៅចំណុចកណ្ដាល ព្រះពុទ្ធបាទនេះ មានរូបកងចក្រចំនួន ១៦ កាំ និងនៅជុំវិញកងចក្រ មានចម្លាក់ផ្សេងៗចំនួន ១០៨ ដែលគេយល់ថា អាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន ៥ ទាក់ទងនឹងសញ្ញា សិរីមង្គលទាំង ១០៨ នេះ។

យោងតាមការស្រាវជ្រាវ របស់បុរាណវិទូ បានបង្ហាញថា ព្រះពុទ្ធសាសនា ចាប់ផ្ដើមមានឥទ្ធិពល មកលើជនជាតិខ្មែរ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ អំឡុងសតវត្សរ៍ទី១២។ ចំណែកព្រះពុទ្ធបាទនេះ ត្រូវបានជនជាតិខ្មែរ ចាត់ទុកជាវត្ថុសក្ការៈ គោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងត្រូវបានដាក់តម្កល់ នៅក្នុងរួតព្រះពាន់ នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ ១៩៨៩ ទើបត្រូវបានរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ។

បច្ចុប្បន្ន ព្រះពុទ្ធបាទនេះ កំពុងតាំងបង្ហាញ ដល់សាធារណជនទស្សនា និងស្វែងយល់បន្ថែម នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រោម ក្រុងសៀមរាប ដែលយើងអាចចូលទស្សនា ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច។